ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​នាយករដ្ឋមន្ត្រីបន្តវេន រម្លឹក​កងកម្លាំង​ប្រដាប់អាវុធ ត្រូវ​មានភក្តីភាពជានិច្ច ចំពោះ​ជាតិ សាសនា និង​ព្រះមហាក្សត្រ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង៖ បេក្ខជន​នាយករដ្ឋមន្ត្រីបន្តវេន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរម្លឹកដល់​​កងកម្លាំងប្រដាប់អាវុធ ត្រូវ​មានភក្តីភាពជានិច្ច ចំពោះជាតិ សាសនា និង​ព្រះមហាក្សត្រ។…

ខេត្តបាត់ដំបង៖ បេក្ខជន​នាយករដ្ឋមន្ត្រីបន្តវេន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរម្លឹកដល់​​កងកម្លាំងប្រដាប់អាវុធ ត្រូវ​មានភក្តីភាពជានិច្ច ចំពោះជាតិ សាសនា និង​ព្រះមហាក្សត្រ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងពិធីសមោ្ពធសមិទ្ធផលនានារបស់​កងពលតូចថ្មើរជើងលេខ៥២ និងកងឯកភាពចំណុះ នៅខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក៏បានបញ្ជាក់ថា ក្នុងរយៈកាលកន្លងមកនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំ​ជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ជាពិសេសការរួមចំណែក មិនអាចខ្វះបាន ពីសំណាក់កងយោធពលខេមរភូមិន្ទ។

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែង​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះយោធភូមិភាគីទី៥ និងកងពលតូចថ្មើរជើងលេខ៥២ ក៏ដូចជា គ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះយោធភូមិភាគ​ទាំងអស់ ដែលកន្លងមក បានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេចបានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើន គួរជាទីមោទកៈ ដោយធានាបាននូវការពង្រឹងប្រៀបការពារជាតិ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ឲ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈ ព្រមជាមួយនឹងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ ជាពិសេសក្នុងកាលៈទេសៈនៃគ្រោះមហន្តរាយធម្មជាតិ និងការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមកនេះ។

ក្នុងឱកាសនោះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមចូលរួមអបអរសាទរ​ចំពោះការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីបញ្ជាការ និងសមិទ្ធផលនានា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងពលតូចថ្មើរជើងលេខ៥២ និងកងឯកភាពចំណុះ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈកាលជាង ២០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ២០០២ កងពលតូចថ្មើរជើងលេខ៥២ និងបណ្តាកងឯកភាពចំណុះ ពិតជាមានការអភិវឌ្ឍរីកចម្រើនប្រែមុខ ប្រែមាត់ គួរជាទីមោទនៈ ជាពិសេសនៅក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់សម្តេចទាំងទ្វេ។ មួយវិញទៀត វឌ្ឍនភាពទាំងនេះ ក៏មិនអាចកាត់ផ្តាច់បានឡើយពីការជួយឧបត្ថម្ភរបស់ ក្រសួង-ស្ថាប័នស៊ីវិលជាអង្គភាពសម្ព័ន្ធ មេត្រីភាព និងសប្បុរសជននានា ក៏ដូចជាការខិតខំប្រឹងប្រែងចូលរួមចំណែកប្រកបដោយការលះបង់ និងគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នៅក្នុងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា យោធភូមិភាគទី៥ គឺជាតំបន់ដែលមានប្រវត្តិញាំញីដោយសង្គ្រាមក្តៅជាងគេ ដែលជាហេតុនាំឲ្យមានអតីតយុទ្ធជន និងក្រុមគ្រួសារយុទ្ធជនពលីច្រើន។ មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ជាប់ជាប្រចាំលើសុខទុក្ខរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើន សំដៅធ្វើយ៉ាងណារក្សា ឲ្យបាននូវទំនាក់ទំនងជាប់ជិតដិត និងកក់ក្តៅជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចប់ភារកិច្ចចេញពីជួរ ពីព្រោះនេះ គឺជាជាគុណធម៌ និងការសម្តែងនូវការដឹងគុណចំពោះគុណូបការៈ ដែលអ៊ំពូមីងអតីតយុទ្ធជនបានលះបង់ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានប្រាប់ឲ្យសូមជឿជាក់មកលើរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងការប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ព្រមទាំងរួមគ្នាការពារសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៣ នេះ ជាអាទិ៍៖ ព្រឹត្តិការណ៍កីទ្បាអាស៊ានហ្គេម និងប៉ារ៉ាហ្គេម ដែលជាឱកាសនាំមកនូវមោទកភាពជាតិក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ និងការលើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ទាំងកម្រិតតំបន់ និងសាកលលោក ព្រមទាំងដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជាមួយនឹងការធានាថា ព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រ ដ៏សំខាន់ទាំងអស់នេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ