ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​បញ្ចេញ​សារ​លើក​ត​ម្កើ​ន​ស្ត្រី ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ថ្ងៃនេះ សិល្បៈ​ការិនី​ជា​បន្តបន្ទាប់​បាន​បញ្ចេញ​សារ​ដ៏​មាន​អត្ថន័យ​ដោយ​លើក​ត​ម្កើ​ន​ស្ត្រី​នៅ​ក្នុង​សង្គម ដើម្បី​ចូលរួម​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ នា​ថ្ងៃ​ទី​៨ ខេ​មីនា ឆ្នាំ​២០២៣​នេះ​។ អ្នកសិល្បៈ​ទាំងអស់​បាន​ចាត់​ទុក​ស្ត្រី គឺជា

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃនេះ សិល្បៈ​ការិនី​ជា​បន្តបន្ទាប់​បាន​បញ្ចេញ​សារ​ដ៏​មាន​អត្ថន័យ​ដោយ​លើក​ត​ម្កើ​ន​ស្ត្រី​នៅ​ក្នុង​សង្គម ដើម្បី​ចូលរួម​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ នា​ថ្ងៃ​ទី​៨ ខេ​មីនា ឆ្នាំ​២០២៣​នេះ​។ អ្នកសិល្បៈ​ទាំងអស់​បាន​ចាត់​ទុក​ស្ត្រី គឺជា​មាតា​ពិភពលោក និង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ទាំង​ក្នុង​សង្គម​គ្រួសារ និង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។

ពិធី​ការិនី​ចាស់វស្សា អ្នក​នាង គង់ សុ​ជាតិ បាន​បង្ហោះ​សារ​នៅ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា គោរព​ស្រី្ត​ភេទ ព្រោះ​ស្ត្រីភេទ​ក៏​អាច​អភិវឌ្ឍន៍​គ្រួសារ និង​សង្គម​ជាតិ​ដូច​បុរស​ដែរ​។ ដូច្នេះ​ស្ត្រី​ទាំងឡាយ​ត្រូវ​ខិតខំ​ប្រឹង​រៀនសូត្រ បង្កើន​សមត្ថភាព​ផ្ទាល់ខ្លួន ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ឲ្យ​សម​នឹង​ពាក្យ «​ស្ត្រី​ជា​មាតា​នៃ​ពិភពលោក​» សូម​ចូលរួម​រីករាយ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ០៨ មីនា ២០២៣»​។

ស្រ​ដៀង​គ្នា​នេះ​ដែរ ពិធី​ការិនី​ដ៏​មាន​វោហា​ស័ព្ទ​អ្នក​នាង សាន់ សា​ណា ក៏​បាន​បង្ហោះ​សំ​ណេ​រ​របស់​ខ្លួន​ដែរ​ថា ស្ត្រី​រួម​គ្នា​រក្សាសុខ​សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍន៍​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​។ អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា​។

តារា​សម្តែង​មាន​នាម​រាជ​នី​ក្រមា នាង មាន សូ​នី​តា បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដែរ​ថា ខ្ញុំ​សូម​ផ្ដល់​សង្ឃឹម​ជាមួយ​ស្នាមញញឹម និង​កម្លាំងចិត្ត ឲ្យ​អ្នក​ងាក​ទៅ​សម្លឹង​មើល​ខ្លួនឯង នឹង​សូម​ឲ្យ​គិត​ពី​ក្ដី​ដែល​ចង់បាន គ្មាន​អ្វី​ដែល​យើង​ធ្វើ​មិន​បាន​នោះ​ទេ​។ ខ្ញុំ​មិនដឹង​ថា អ្នក​ពី​មុន​ត្រូវ​ជួប​រឿង​អាក្រក់​បែប​ណា ទើប​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច មិន​ចង់​ងើបឡើង ព្រោះតែ​ខ្លាច​ជួប​វា​ម្ដងទៀត​។ មនុស្ស​ដែល​ជួប​រឿង​អាក្រក់​ៗ រឿង​ដែល​យ៉ាប់​ខ្លាំង​ពិបាក​ទទួលយក​យ៉ាងណា តែ​ពួក​គេ​នៅ​តែ​អាច​ងើប​ដើរទៅ​មុខ​បាន​ដោយ​មិន​ខ្លាច​ការ​សម្លឹង​គ្រប់​ក្រសែភ្នែក​មក​មនុស្ស​ជុំវិញ​ខ្លួន​។ រីករាយ​ថ្ងៃ​សិទ្ធិ​នារី​។

ចំណែក​តារាចម្រៀង​ក្នុង​ផលិតកម្ម​ថោ​ន នាង បាន មុន្នី​ល័​ក្ខ ក៏​បាន​បង្ហោះ​សារ​ខ្លី​មួយ​ដែរ​ថា ដោយ​នាង​បាន​អបអរសាទរ​ទិវា​សិទ្ធិ​នារី និង​សូម​ជូនពរ​អ្នក​ម្ដាយ​នាង​ខ្ញុំ បងប្អូន​ស្ត្រី​ទាំងឡាយ មាន​សុខភាព​ល្អ សំណាងល្អ មាន​សម្រស់​ស្រស់​ស្អាត ។

ជា​តារា​សម្តែង និង​ជា​គ្រូបង្ហាត់​ក្បាច់គុន​ល្បុកត្តោ នាង ពេជ្រ ចរណៃ ក៏​បាន​បង្ហោះ​សារ​ដ៏​វែង​មួយ​ក្នុង​ន័យ​ដាស់តឿន​ស្ត្រី​ទូទៅ​ថា ជា​មនុស្ស​ស្រី​មិនមែន​ចាំតែ​គិត និង​ធ្វើ​តាមតែ​គេ​និយាយ​នោះ​ទេ​។ គួរ​រៀន​គិត​ដោយ​ឯករាជ្យ រៀន​ស្វែង​យល់​ដោយ​ខ្លួនឯង​ពី​អ្វី​ដែល​ល្អ និង​អាក្រក់ និង​រៀន​បែងចែក​ថា​អ្វី​ដែល​គួរ និង​មិន​គួរ​ធ្វើ​។ ជា​មនុស្ស​ស្រី​មិនមែន​ចាំតែ​ទ្រាំ​នូវ​រាល់​ទ​ង្វើ​មិនល្អ និង​ទស្សនៈ​មិនល្អ​ដែល​មនុស្ស​ជុំវិញ​ខ្លួន​ធ្វើ​មក​ដាក់ខ្លួន​នោះ​ទេ​។ រឿង​ខ្លះ គឺ​មិន​សាក​សម​នឹង​ឱ្យ​អ្នក​ទ្រាំទ្រ​នោះ​ឡើយ គួរ​រៀន​ទាមទារ និង​ក្រោកឈរ​ចំពោះ​សិទ្ធិ​សេរីភាព​របស់​ខ្លួន ឱ្យ​តែ​សិទ្ធិ​នោះ​មិន​ខុស​ពី​ច្បាប់សង្គម និង​មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ​។ ជា​មនុស្ស​ស្រី​មិនមែន​ចាំតែ​ធ្វើការ​ងារ​ដែល​គេ​និយាយ​ថា សាក​សមជា​មួយ​មនុស្ស​ស្រី​នោះ​ទេ​។

នាង ពេជ្រ ចរណៃ បន្ត​ថា គួរ​រៀន​ស្វែង​យល់​ពី​ខ្លួនឯង ថា ខ្លួន​ស្រលាញ់​ការងារ​អ្វី? ចង់ឱ្យ​ខ្លួន​ពូកែ​ដល់​កម្រិត​ណា? ចង់ឱ្យ​ខ្លួន​ចេះ​ជំនាញ​អ្វី? ចង់​សម្រេច​គោលបំណង​អ្វីខ្លះ? ឬ​ចង់​ជួយ​អ្វីខ្លះ​ដល់​សង្គម​ជាតិ?​។ ជា​មនុស្ស​ស្រី​មិនមែន​ចាំតែ​ធ្វើ​តាម​អ្វី​ដែល​គេ​គិត​ថា មនុស្ស​ស្រី​គួរ​ជ្រើសរើស​ផ្លូវ​នេះ ឬ​ផ្លូវ​នោះ នោះ​ទេ​។ គួរ​សិក្សា​ឱ្យ​ច្បាស់​ពី​ខ្លួនឯង​ថា តើ​អ្នក​ចង់បាន​ជីវិត​បែប​ណា? មិន​ថា អ្នក​ជ្រើសរើស​ការ​រៀប​អាពាហ៍ពិពាហ៍​មុន ការ​សិក្សា​ឱ្យ​បាន​ខ្ពង់ខ្ពស់​ជា​មុន ការ​បង្កើត​មុខរបរ ឬ​រក​ការងារ​មុន ឬ​ជ្រើសរើស​ធ្វើ​ជា​ស្ត្រី​មេផ្ទះ ដើម្បី​នៅផ្ទះ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ៗ នោះ​គឺជា​សិទ្ធិ​របស់​អ្នក​! ត្រូវ​ជ្រើស​ផ្លូវ​ណា​ដែល​សាក​សម​នឹង​ជីវិត​អ្នក អាច​ជួយ​ឱ្យ​ជីវិត​អ្នក​រីក​ចម្រើន និង​ឈប់​អៀនខ្មាស់​ពី​គំនិត​មនុស្ស​ដែល​ចាំតែ​គិត​មិនល្អ​ពី​រូប​អ្នក​! រីករាយ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ។

ដោយឡែក​ពិធី​ការិនី​ចាស់វស្សា អ្នក​នាង យុគ ចិន្តា ក៏​សរសេរ​សារ​បង្ហោះ​តាម​គណនី​របស់​ខ្លួន​ថា រីករាយ​ទិវា​នារី​អន្តរជាតិ​៨​មីនា International Women’s Day ។ ស្ត្រី​ជា​មាតា​ពិភពលោក ស្ត្រី​ដើរតួ​នាទី​យ៉ាង​សំខាន់​សំរាប់​សង្គម​ជាតិ ឆ្លៀត​ក្នុង​ឱកាស​នេះ​នាង​ខ្ញុំ​សូម​ជូនពរ​អ្នក​ម្តាយ អ្នក​មីង បងស្រី ប្អូនស្រី ក្មួយ​ស្រី នឹង​ស្ត្រី​ទាំងអស់​នៅ​លើ​សកលលោក សូម​ជួប​តែ​សេចក្តីសុខ រស់នៅ​ជាមួយនឹង​សិទ្ធិ​សេរីភាព សុភមង្គល​ក្នុង​ជីវិត​គ្រប់​ៗ​គ្នា យើង​រួម​គ្នា​ផ្តល់​តម្លៃ នឹង​លើកកម្ពស់​ស្ត្រី ។

ជា​ការ​កត់សម្គាល់​ទិវា​អន្តរជាតិ​នារី​៨​មីនា ឆ្នាំ​នេះ​គឺជា​គម្រប់​ខួប​លើក​១១២ ដែល​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «​ស្ត្រី​រួម​គ្នា​រក្សាសុខ​សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​»​។ ទិវា​អន្តរជាតិ​នារី ឬ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ត្រូវ​បាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​ប្រកាស​នៅ​ឆ្នាំ​១៩៧៧ ជា «​ថ្ងៃ​អង្គការសហប្រជាជាតិ ស្តី​ពី​សិទ្ធិ​ស្ត្រី​និង​សន្តិភាព​ពិភពលោក​»​។ ទិវា​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ទូ​ទាំង​សកលលោក ដើម្បី​រំលឹក​ពី​ប្រវត្តិ​នៃ​ការ​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព និង​ឆ្លុះ​បញ្ចាំង​​ពី​សមិទ្ធផល បញ្ហា​ប្រឈម ការ​ប្តេជ្ញា​ចិត្ត និង​វិធានការ វិជ្ជមាន​នានា សំដៅ​បន្ត​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​បង្កើន​ភាព​អង់អាច​ក្លាហាន​ដល់​ស្ត្រី និង​ក្មេង​ស្រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ