ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ប្រកួតប្រជែង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​សមាជិក​ប្រទេស​អាស៊ាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជាង​១​ឆ្នាំ​កន្លង​មកនេះ បាន​ផ្តល់​ទាំង​ឱកាស និង​បញ្ហា​ប្រឈម​ដល់​សមាជិក​អាស៊ាន​ថ្មី ដែល​មិន​បាន​រៀប

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​សមាជិក​ប្រទេស​អាស៊ាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជាង​១​ឆ្នាំ​កន្លង​មកនេះ បាន​ផ្តល់​ទាំង​ឱកាស និង​បញ្ហា​ប្រឈម​ដល់​សមាជិក​អាស៊ាន​ថ្មី ដែល​មិន​បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​មាំ ពិសេស​ទៅ​លើ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs)​។ តួយ៉ាង វិស័យ​មួយ​នេះ​របស់​កម្ពុជា​បាន​និង​កំពុង​ជួប​បញ្ហា​ប្រឈម​ជាមួយ​ការ​ប្រកួតប្រជែង​ពី​លំហូរ​ចូល​ទំនិញ​ដោយ​សេរី ក្រោម​លក្ខខណ្ឌ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បានឱ្យ​ដឹង​ថា ពេល​ប្រទេស​អាស៊ាន​ទាំងអស់​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច នឹង​ធ្វើ​ឱ្យ​មាន​លំហូរ​ចូល​ដោយ​សេរី​នូវ​ទំនិញ​, សេវាកម្ម​, ការ​វិនិយោគ និង​កម្លាំង​ពលកម្ម​ជំនាញ ។ លើស​ពី​នេះ វា​ផ្តល់​នូវ​ឱកាស និង​បញ្ហា​ប្រឈម​នានា​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​ថ្មី ដែល​មិន​ទាន់​មាន​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​មាំ ជា​ពិសេស ទៅ​លើ​សហគ្រាស​ធុន​តូច និង​មធ្យម ។

លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៤ កញ្ញា ម្សិលមិញ​ថា ៖« លំហូរ​ចូល​ដោយ​សេរី​នូវ​មុខទំនិញ គឺជា​បញ្ហា​មួយ​ដែល​កម្ពុជា​ជួប​ប្រទះ និង​ប្រឈម ដោយសារ​ទំនិញ​កម្ពុ​ជាមួយ​ចំនួន​មិន​ទាន់​មាន​លក្ខណៈ​ស្តង់ដា គុណភាព​នៅ​មាន​កម្រិត ការ​គ្រប់គ្រង​អាជីវកម្ម​នៅ​មាន​លក្ខណៈ​គ្រួសារ ការ​ផលិត​នៅ​មាន​បរិមាណ​ទាប ដែល​ធ្វើ​ឱ្យ​មាន​តម្លៃ​ថ្លៃ​។ អីចឹង​នៅ​ពេល​មាន​ទំនិញ​ពី​គេ​ហូរ​ចូល​មក​មានគុណ​ភាពល្អ ហើយ​តម្លៃ​សមរម្យ​ជាង​យើង គឺ​អាច​បង្កើត​ជា​បញ្ហា​ប្រឈម​សម្រាប់ SMEs កម្ពុជា » ។

លោកស្រី កែវ មុំ នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី មាន​ប្រសាសន៍​ថា ៖« ពិត​ណាស់​នៅ​ពេល​អាស៊ាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​មក លំហូរ​ចូល​ដោយ​សេរី​នូវ​មុខទំនិញ​នេះ​បាន​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ក្នុងស្រុក​របស់​យើង​ពិបាក​ប្រកួតប្រជែង​តម្លៃ​ជាមួយ​ផលិតផល​នាំ​ចូល ។ ទីផ្សារ​របស់​គេ​ហាក់​មានការ​ចែកចាយ​ទូលំទូលាយ តែ​ការ​ចែកចាយ​របស់​ឧស្សាហកម្ម​ក្នុងស្រុក​នៅ​មាន​កម្រិត និង​ជួប​បញ្ហា​ច្រើន » ។

លោកស្រី​លើក​ឡើង​ថា ក្នុង​ដំណាក់កាល​អាស៊ាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជាង​១​ឆ្នាំ​កន្លង​មក ក្រុមហ៊ុន​លី​លី តែងតែ​ពង្រឹង​សមត្ថភាព ស្តង់ដា លទ្ធភាព តាម​រយៈ​ទទួល​បានការ​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ជា​ហេតុ​ធ្វើ​ឱ្យ​ផលិតផល​របស់​ក្រុមហ៊ុន​មាន​លទ្ធភាព​ប្រកួតប្រជែង​ទាំង​នៅ​ក្នុង និង​ក្រៅ​តំបន់ ។ ប៉ុន្តែ​យើង​ព្រួយបារម្ភ​ពី​ឧស្សាហកម្ម​ដទៃ​ទៀត ដែល​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​តម្រូវ​លើ​ទីផ្សារ គឺ​មិន​អាច​ធ្វើការ​នាំ​ចេញ​បាន ។

តាម​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា ធ្លាប់​លើក​ឡើង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​រវាង​អ្នក​ផលិត និង​អ្នក​ផ្គត់ផ្គង់ ផលិតផល​ខ្មែរ ជាមួយ​អ្នក​ប្រើប្រាស់ និង​ចែកចាយ​បន្ត កាលពី​ថ្ងៃ​ទី​១៧ សីហា ថា SMEs ក្នុងស្រុក​បាន​ពង្រីក​គុណភាព​ផលិតផល​បោះ​ជំហាន​ទៅ​មុខគួរ​ឱ្យ​កត់សម្គាល់ ដោយ​កម្ពុជា​បាន​កែសម្រួល​ស្តង់ដា​អន្តរជាតិ មក​ធ្វើ​ជា​ស្តង់ដា​ជាតិ​សម្រាប់​ជា​មូលដ្ឋាន​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម គោរព និង​អនុវត្ត​តាម ។ ទាំងនេះ​ជា​សញ្ញា​វិជ្ជមាន​នៃ​ការ​បោះ​ជំហាន​ទៅ​មុខ​របស់ SMEs ជា​ពិសេស ការ​រៀបចំ​ខ្លួន​ក្នុង​ដំណាក់កាល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ពេញលេញ​នៅ​ពេល​ខាង​មុខ ។

លោក​ឧកញ៉ា តែ តាំង​ប៉ បញ្ជាក់​ថា ស្រប​ពេល​ភាព​រីក​ចម្រើន​នេះ សហគ្រាស​ធុន​តូច និង​មធ្យម​ក៏​បាន​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ ក្នុង​នោះ​រួម​មាន ៖

១-​ការ​ប្រកួតប្រជែង​មិន​ស្មើភាព​ជាមួយ​ទំនិញ​នាំ​ចូល ដោយ​យើង​សង្កេត​ឃើញ​ថា មានការ​ចូល​មក​តាំងពិព័រណ៍​ជា​ច្រើន​ពី​ប្រទេស​ជិតខាង ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​លក់​របស់​សហគ្រាស​ក្នុងស្រុក ។

២-​ការ​បញ្ជៀប​ចូល​ផលិតផល​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​តាម​ទីផ្សារ​ទំនើប ក៏​ដូច​ជា​សណ្ឋាគារ ភោជនីយដ្ឋាន ហាក់​មានការ​លំបាក ដោយសារ​ស្ថាប័ន​ខាងលើ​នៅ​និយម​ផលិតផល​បរទេស ហើយ​និ​តី​វិធី​ដាក់​ផលិតផល​នៅ​តាម​ផ្សារ​ទំនើប​មាន​ភាព​ស្មុគស្មាញ ដែល​នេះ​ជា​របាំង​រាំងស្ទះ​ដល់​ការ​ពង្រីក​ទីផ្សារ​សហគ្រាស​ធុន​តូច និង​មធ្យម ។

៣-​ក្រសួងពាណិជ្ជកម្ម​រក​ទីផ្សារ​ថ្មី​ៗ​បាន​ច្រើន តែ​ក្នុង​នោះ​របាំង​បច្ចេកទេស​បាន​ក្លាយជា​បញ្ហា​ដ៏​ធំ ក្នុង​ការ​នាំ​ចេញ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ។

ទន្ទឹម​នឹង​ការ​ជួប​បញ្ហា​នេះ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម លើក​ឡើង​ថា ចង់ឱ្យ​ក្រសួង​ពាក់ព័ន្ធ​បង្កើត​ជា​ក្រុមការងារ​បច្ចេកទេស ដែល​មានការ​ចូលរួម​ពី​វិស័យ​ឯកជន ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ចំពោះ​មុខ​លើ​ផលិតផល​ណា ដែល​មាន​លទ្ធភាព​នាំ​ចេញ​គ្រប់គ្រាន់ ប៉ុន្តែ​នៅ​ជាប់​របាំង​បច្ចេកទេស ដែល​ត្រូវ​ស្វែងរក​ដំណោះស្រាយ​ទាំងអស់​គ្នា ហើយ​យន្តការ​នេះ​អាច​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​បាន ។ បង្កើត​ក្រុមការងារ​ចូលរួម​ពី​ស្ថាប័នរដ្ឋ និង​តំណាង​វិស័យ​ឯកជន​ផ្សេង​ៗ​ទៀត​ដើម្បី​ធ្វើការ​ផ្ទាល់​ជាមួយ​ប្រទេស​អាស៊ាន អា​មេ​រិ​ក ចិន និង​សហភាព​អឺរ៉ុប ដើម្បី​ឱ្យ​ប្រទេស​ទាំងនោះ​អនុញ្ញាត​ឱ្យ​ផលិតផល​ខ្មែរ​ដែល​គេ​ហាម​នាំ​ចូល អាច​នាំ​ចូល​បាន​ឡើង​វិញ។

ដើម្បី​ឲ្យ​វិស័យ​មួយ​នេះ​អាច​ប្រកួតប្រជែង​ពី​លំហូរ​ចូល​ទំនិញ​ដោយ​សេរី​ពី​ខាងក្រៅ លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម មាន​ប្រសាសន៍​ថា ៖«​យើង​ត្រូវ​បង្កើន​នូវ​ខ្សែ​តម្លៃ​នៃ​សង្វា​ក់​ផលិតកម្ម​របស់​យើង​ឱ្យ​វែង ជា​ពិសេស លើកកម្ពស់​គុណភាព និង​ផលិតភាព​នៃ​ផលិតផល​ឱ្យ​បាន​ខ្ពស់ ជា​កត្តា​អាច​ឱ្យ SMEs មាន​លទ្ធភាព​ប្រកួតប្រជែង និង​រៀបចំ​នូវ​កិច្ចការ​ទាំងអស់​ហ្នឹង​បាន » ៕