ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​វ័យក្មេង​មួយ​ដួង​តាំងចិត្ត​ប្រឹងប្រែង​អភិ​វឌ្ឍន៍​ខ្លួន ដើម្បី​បំពេញ​ក្តី​ស្រមៃ​ក្នុង​វិ​ថី​សិល្បៈ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​ថ្មី​វ័យក្មេង កញ្ញា សាំង នរៈ​មនោ​រា បាន​ប្រកាស​ពី​ការ​តាំងចិត្ត​របស់​ខ្លួន ដោយ​ព្យាយាម​អភិវឌ្ឍន៍​សមត្ថភាព​សម្តែង​អោយ​កាន់តែ​ល្អ​ប្រសើរ ដើម្បី​បំពេញ​ក្តី​ស្រមៃ​ក្នុង​វិ​ថី​សិល្បៈ​ដែល​ខ្លួន​ស្រឡាញ់ និង​ចូល​ចិត្ត​តាំងពី

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ថ្មី​វ័យក្មេង កញ្ញា សាំង នរៈ​មនោ​រា បាន​ប្រកាស​ពី​ការ​តាំងចិត្ត​របស់​ខ្លួន ដោយ​ព្យាយាម​អភិវឌ្ឍន៍​សមត្ថភាព​សម្តែង​អោយ​កាន់តែ​ល្អ​ប្រសើរ ដើម្បី​បំពេញ​ក្តី​ស្រមៃ​ក្នុង​វិ​ថី​សិល្បៈ​ដែល​ខ្លួន​ស្រឡាញ់ និង​ចូល​ចិត្ត​តាំងពី​យូរណាស់​មក​ហើយ​។

ក្នុង​វ័យ​១៨​ឆ្នាំ​ស្រី​ស្អាត សាំង នរៈ​មនោ​រា បាន​កសាង​ស្នាដៃ​ក្នុង​អាជីព​សិល្បៈ​មួយ​នេះ​បានជា​បណ្តើ​រហើយ តាម​រយៈ​ការ​ថត​ម៉ូត​សម្អាងការ ស្ព​ត​ពាណិជ​កម្ម និង​ការ​សម្តែង​ក្នុង​បទ​ចម្រៀង ខណៈ​ពេល​ខាង​មុខ នាង​ក៏​នឹង​ត្រៀមខ្លួន​បង្ហាញ​ការ​សម្តែង​ថ្មី​ៗ​បន្ថែម​ទៀត​ផង​ដែរ​។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច តារា​សម្តែង​ដែល​មាន​ដើម​កំណើត​ពី​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ស្រី​ស្អាត សាំង នរៈ​មនោ​រា បាន​ឲ្យ​ដឹង​ថា នាង​បាន​វិវត្តន៍​ខ្លួន​មក​ជា​តារា​សម្តែង​នា​ពេល​បច្ចុប្បន្ន គឺ​តាម​រយៈ​ការ​ថត Tik Tok ដែល​នាង​តែងតែ​ថត​បង្ហោះ​លេង​កម្សាន្ត​។ នាង​បញ្ជាក់​ថា ក្រោយ​គេ​បានឃើញ​រូបភាព និង​សកម្មភាព​របស់​នាង​ដែល​បាន​បង្ហោះ​តាម​រយៈ​បណ្តាញ​សង្គម​មួយ​នេះ​ហើយ ក៏​មាន​បណ្តា​អ្នកជំនាញ​ខាង​ថតរូប​មានការ​ចាប់អារម្មណ៍ ហើយ​ក៏​បាន​ទាក់ទង​មក​នាង​ឲ្យ​ថត​សម្អាងការ​នានា​តែ​ម្តង​។ លុះ​ក្រោយមក​ទៀត នាង​ក៏​បាន​ស្គាល់​អ្នក​ហៅ​តួ​មួយ​រូប ហើយ​រូប​គាត់​ក៏​បាន​ទាក់ទង​នាង​ឲ្យ​ចូល​ថត​ម៉ូត ស្ព​ត​ពាណិជ​កម្ម និង​សម្តែង​នៅ​ក្នុង​បទ​ចម្រៀង​ជា​បន្តបន្ទាប់​។

យ៉ាងណា​បើ​តាម​ស្រី​ស្រស់​សោភា សាំង នរៈ​មនោ​រា ថា បើ​ទោះបីជា​រហូត​មក​ទល់​នា​ពេល​នេះ នាង​បាន​ចូល​ប្រឡូក​ក្នុង​សិល្បៈ​អស់​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្តី ប៉ុន្តែ​នាង​ក៏​នៅ​មិន​ទាន់​មានឱកាស​បាន​ថត​ក្នុង​ខ្សែភាពយន្ត​ណាមួយ​នៅឡើយ​ទេ​។ នាង​បញ្ជាក់​ថា កន្លង​មក អ្នក​ហៅ​តួ​តែងតែ​សួរនាំ​នាង​ពី​ការ​សម្តែង​នេះ​ជា​រឿយ​ៗ​ដែរ ប៉ុន្តែ​នាង​នៅ​មិន​ទាន់​មានឱកាស ហើយ​ណាមួយ​នាង​ក៏​កំពុង​ជាប់ដៃ​នៅ​ក្នុង​ការ​សិក្សា ដោយ​ក្នុងឆ្នាំនេះ​នាង​ត្រូវ​ត្រៀមខ្លួន​ប្រឡង​បាក់​ឌុ​ប​ផង​ដែរ​។

សាំង នរៈ​មនោ​រា បាន​អះអាង​បន្ថែម​ទៀត​ថា ដោយសារ​ជាប់រវល់​នៅ​ក្នុង​ការ​សិក្សា​នេះ រូប​នាង​ក៏​បាន​បដិសេធ​ការងារ​សិល្បៈ​មួយ​ចំនួន​ដែរ ដោយសារ​នាង​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​បំពេញការងារ ព្រោះ​នាង​ត្រូវ​ទុក​ពេលវេលា​ឲ្យ​បាន​ច្រើន​សម្រាប់​ការ​សិក្សា​នេះ​ជា​មុន​សិន​។ យ៉ាងណា ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​នា​ឆ្នាំ​នេះ នាង​នឹង​ទទួល​ការងារ​សិល្បៈ​ឲ្យ​បាន​ពេញដៃ​តែ​ម្តង ដោយសារ​អាជីព​មួយ​នេះ​នាង​មានការ​ស្រឡាញ់ និង​ចូល​ចិត្ត​មក​ជា​យូរ​មក​ហើយ ហើយ​នាង​ក៏​នឹង​ត្រៀម​ធ្វើ​អ្វី​ៗ ដើម្បី​បំពេញ​គោលដៅ​របស់​ខ្លួន​ផង​ដែរ​។

នាង​បញ្ជាក់​ថា ដើម្បី​បំពេញ​ក្តី​ស្រមៃ​នៅ​ក្នុង​វិ​ថី​សិល្បៈ​នេះ រូប​នាង​នឹង​ខិតខំ​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួនឯង​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ ដើម្បី​ជា​ការ​ទាក់ទាញ​ទៅ​ដល់​ផលិតករ និង​ម្ចាស់​ផលិតកម្ម​នានា​។ សាំង នរៈ​មនោ​រា លើក​ឡើង​ថា ការ​អភិវឌ្ឍន៍​ខ្លួនឯង​នៅ​ក្នុង​អាជីព​សិល្បៈ គឺ​នាង​ចាត់ទុកជា​កត្តា​សំខាន់​មួយ ក្នុង​ចំណោម​ចំណុច​មួយ​ចំនួន​ទៀត ដែល​នាង​នឹង​ខិតខំ​ប្រឹងប្រែង ដើម្បី​ចាប់​ឱកាស​សម្តែង​នៅ​ក្នុង​ភាពយន្ត​ជា​លើក​ដំបូង​នា​ពេល​អនាគត នៅ​ក្នុង​អាជីព​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ