ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​បុរី ​និង​ផ្ទះល្វែង​ជា​ឱកាស​អាជីវករលក់​កូន​ឈើ​លម្អ​ទីធ្លា និង​គេហដ្ឋាន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ការ​សាងសង់​បុរី និង​ផ្ទះល្វែង និង​គម្រោង​ផ្សេង​ៗ​ទៀត​មានការ​រីក​ដុះដាល​កាន់តែ​ច្រើន បាន​ធ្វើ​ឱ្យ​អាជីវករ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ការ​សាងសង់​បុរី និង​ផ្ទះល្វែង និង​គម្រោង​ផ្សេង​ៗ​ទៀត​មានការ​រីក​ដុះដាល​កាន់តែ​ច្រើន បាន​ធ្វើ​ឱ្យ​អាជីវករ​ដែល​ប្រកប​មុខរបរ​លក់​កូន​ឈើ និង​ផ្កា​តុបតែង​លម្អ​ទីធ្លា និង​គេហដ្ឋាន មានឱកាស​រក​ប្រាក់​ចំណេញ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

អ្នកលក់​កូន​ឈើ និង​រុក្ខជាតិ​ចម្រុះ​នៅ​សួន «​ពិភព​ធម្មជាតិ​» បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥ សីហា ថា បន្ទាប់​ពី​បុរី​ផ្ទះល្វែង​មានការ​សាងសង់​ច្រើន ឃើញ​ថា​ការ​លក់​រុក្ខជាតិ និង​ដើមឈើ​ធំ​ៗ​គឺ​មាន​ទីផ្សារ​ច្រើន ពិសេស​អ្នក​រស់នៅ​ក្នុង​បុរី​បាន​មក​ទិញ​យក​ទៅ​តុបតែង​បន្ថែម ដោយសារ​គាត់​យល់​ច្បាស់ និង​ចូល​ចិត្ត​ធម្មជាតិ ។

អ្នកលក់​រូប​នេះ​បន្ត​ថា ៖« ការ​អភិវឌ្ឍ​គម្រោង​បុរី និង​ផ្ទះល្វែង​នានា ខ្ញុំ​នឹក​ស្មាន​មិន​ដល់​ថា ក្រុមហ៊ុន​ធ្វើ​សួន និង​ការ​តុបតែង​ខ្លាំង​ទីធ្លា​បែប​នេះ​សោះ ខុស​ពី​ពេល​មុន ដែល​គិតតែ​ពី​សាងសង់ មិន​គិត​ពី​បរិស្ថាន​បៃតង ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ប្រកប​មុខ​មួយ​នេះ​អាច​មានឱកាស​រក​ប្រាក់​ចំណេញ​ច្រើន បើ​ទោះបី​ទីផ្សារ​កំពុង​ប្រកួតប្រជែង​ខ្លាំង​ក៏​ដោយ»។

លោក​បន្ថែម​ថា រុក្ខជាតិ​ចម្រុះ​ដែល​មាននៅ​ក្នុង​សួន​សព្វថ្ងៃ ដូច​ជាដើម​ឈើ​ធំ មាន​៨០% ជា​រុក្ខជាតិ​ក្នុងស្រុក និង​២០%​នាំ​ចូល​ពី​ថៃ និង​វៀតណាម តែ​ចំពោះ​ដើម​ផ្កា​តូច​ៗ​ជាង​៨០%​នាំ​មក​ពី​ក្រៅ​ស្រុក ។

ចំណែក​អ្នកស្រី គុំ សុខ​ច​ន្ធី អាជីវករ​លក់​រុក្ខជាតិ​លម្អ​គេហដ្ឋាន​ដែរ​នោះ បាន​និយាយ​ថា ការ​ប្រកប​មុខរបរ​លក់​រុក្ខជាតិ​សម្រាប់​តុង​តែង​នៅ​គេហដ្ឋាន មានការ​លូតលាស់​ជា​ប្រចាំ ហើយ​ការ​លូតលាស់​នេះ​ភាគច្រើន ដោយសារ​គ្រួសារ​នីមួយ​ៗ​ចូល​ចិត្ត​តុង​តែង​គេហដ្ឋាន​ផ្ទាល់ខ្លួន​បន្ថែម​ទៅ​លើ​អ្វី​ដែល​ក្រុមហ៊ុន​រៀបចំ​ពី​មុន ពិសេស​អ្នក​រស់នៅ​តាម​បុរី គឺ​ទិញ​ច្រើន​ជាងគេ ។

អ្នកស្រី​អា​ស្មា​ក់ ពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​ដែល​រស់នៅ​ក្នុង​បុរី​វិមាន​ភ្នំពេញ បានឱ្យ​ដឹង​ថា ៖ « កូន​ឈើ និង​ដើម​ផ្កា​ដែល​ខ្ញុំ​ទិញ​នេះ គឺ​យក​ទៅ​តុបតែង​ផ្ទះ​ថ្មី ព្រោះ​ការ​រស់នៅ​ក្នុងផ្ទះ​ថ្មី ចង់បាន​ភាព​ស្រស់​ស្អាត អារម្មណ៍​ស្រស់ថ្លា និង​ចង់បាន​ធម្មជាតិ​នៅ​ជិត​ខ្លួន » ។

អ្នកស្រី​លើក​ឡើង​ថា ៖« នៅ​តាម​បុរី គេ​តុបតែង​តាម​ដោយ​កន្លែង ប៉ុន្តែ​សម្រាប់​លំនៅ​ឋាន​ដែល​យើង​រស់នៅ​ផ្ទាល់ គេ​អត់​តុបតែង​ឱ្យ​ទេ អីចឹង​យើង​ត្រូវ​ធ្វើការ​តុបតែង​ខ្លួនឯង ដូច​ថ្ងៃនេះ ខ្ញុំ​ទិញ​រុក្ខជាតិ​លម្អ​ផ្ទះ​ថ្មី​ពេល​មាន​ដើម​ផ្កា រុក្ខជាតិ​បៃតង​ផ្សេង​ទៀត ដែល​គិត​តម្លៃ​អស់​ប្រហែល​៣០០​ដុល្លារ » ។

ទន្ទឹម​នឹង​តម្រូវការ​រុក្ខជាតិ​តូច​ៗ និង​ដើមឈើ កើនឡើង ការ​ធ្វើ​អាជីវកម្ម​ក៏​កំពុង​ជួប​បញ្ហា​ដែរ ដោយសារ​កង្វះខាត​កម្លាំង​ពលកម្ម ព្រោះ​កម្មករ​ដែល​ធ្លាប់តែ​ធ្វើការ បែរជា​ងាក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​កន្លែង​ផ្សេង​វិញ ៕