ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! អ្នក​ហៅ​តួ​ម្នាក់ ទម្លាយ​តម្លៃ​តួ​ធម្មតា​ក្នុង​ការ​ថត​ម្តង​ៗ ស្តាប់​ហើយ​ស្ទើរ​មិន​តែ​គួរ​ឱ្យ​ជឿ​(វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក សែ​ម ធា​រិ​ន្ទ ដែល​ជា​អ្នក​ហៅ​តួ​សម្តែង​ម្នាក់ បាន​ទម្លាយ​រឿងរ៉ាវ​នៅ​ក្រោយខ្នង​ពី​តម្លៃ​តួ​ធម្មតា​សម្រាប់​ការ​ថត​ម្តង​ៗ ដែល​ស្តាប់​ហើយ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ខណៈ​ពេល​ដែល

រាជធានី​ភ្នំពេញ ៖ លោក សែ​ម ធា​រិ​ន្ទ ដែល​ជា​អ្នក​ហៅ​តួ​សម្តែង​ម្នាក់ បាន​ទម្លាយ​រឿងរ៉ាវ​នៅ​ក្រោយខ្នង​ពី​តម្លៃ​តួ​ធម្មតា​សម្រាប់​ការ​ថត​ម្តង​ៗ ដែល​ស្តាប់​ហើយ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ខណៈ​ពេល​ដែល​តម្លៃ​នោះ ថោក​ក្នុង​សម័យកាល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រីក​លូតលាស់​។

(​តួឯក​ដែល​ល្បី​គាត់​មាន​ហាងឆេង​ក្នុង​តម្លៃ​សមរម្យ​សម្រាប់​ថត​គាត់​រួច​ហើយ ប៉ុន្តែ​សម្រាប់​តួ​ធម្មតា គឺ​ពួក​គាត់​មិន​ទាន់​មាន​រៀប​តម្លៃ​នៅឡើយ​ទេ គឺ​ស្រេច​តែ​ម្ចាស់​ផលិតកម្ម ហេតុនេះ​លោក​ស្នើ​ឲ្យ​បណ្តា​​ផលិតកម្ម​មួយ​ចំនួន គួរ​គិតគូរ​ពី​តម្លៃ​តួ​ធម្មតា​នេះ​ឡើង​វិញ ដើម្បី​ឲ្យ​ពួក​គាត់​មានការ​សប្បាយ​រីករាយ និង​ធ្វើការ​)​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក សែ​ម ធា​រិ​ន្ទ មក​កាន់​កោះសន្តិភាព​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និ​ច នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​។

លោក សែ​ម ធា​រិ​ន្ទ បាន​លើក​ឡើង​ទៀត​ថា សម្រាប់​តួ​ធម្មតា​តម្លៃ​ថត គឺ​អាស្រ័យ​ទៅ​តាម​កន្លែង ដោយនៅ​ក្នុង​នោះ​ជា​ធម្មតា​ពួក​គាត់​ទទួល​បាន​តម្លៃ​ថត​ចន្លោះ​ចាប់ពី​១០​ទៅ​១៥​ដុល្លារ ហើយ​តម្លៃ​នេះ​ក៏​ត្រូវ​ដក​ពី​ភ្នាក់ងារ​ហៅ​តួ​ខ្លះ​ដែរ ដោយពេល​ខ្លះ​ពួក​គាត់​នៅ​សល់​ចន្លោះ​ពី​៥​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​។

លោក​បញ្ជាក់​ថា សម្រាប់​តម្លៃ​ខាងលើ​នេះ ពួក​គាត់​ខ្លះ​គ្រាន់តែ​ចំណាយ​ទៅ​លើ​ការ​ធ្វើ​ដំណើរ ការ​ហូប​ចុក និង​ការ​តុបតែង​ខ្លួន​សម្រាប់​ការ​ថត​១​ថ្ងៃ​នោះ គឺ​ចង់​អស់​ទៅ​ហើយ ប៉ុន្តែ​ពួក​គាត់​ខ្លះ​ក៏​នៅ​តែ​ចង់ទៅ ដោយសារ​ពួក​គាត់​យល់​ថា គង់តែ​នៅផ្ទះ​ដដែល​។

លោក​បន្ថែម​ទៀត​ថា កន្លង​មក ក៏​មាន​ករណី​អ្នក​ហៅ​តួ​មួយ​ចំនួន ដោយសារ​ឃើញ​គ្នា​តួ​ថ្មី​ថ្មើ​ង ហៅ​គ្នា​ថត​ម្តង​ឲ្យ​គ្នា​១០​ដុល្លារ ឬ​៣​ម៉ឺន​រៀល​ក៏​មាន ហើយ​រឿង​នេះ​ក៏​បាន​ក្លាយជា​ទម្លាប់​សម្រាប់​ផលិតករ​មួយ​ចំនួន​ផង​ដែរ​។ ដោយឡែក​ចំពោះ​រឿង​នេះ សម្រាប់​លោក​បច្ចុប្បន្ន​ក៏​មាន​អ្នក​ទាក់ទង​ឲ្យ​ហៅ​តួ​ថត​ក្នុង​តម្លៃ​១០​ដុល្លារ​នេះ​ដែរ ប៉ុន្តែ​លោក​មិន​ហ៊ាន​ទទួល​ទេ ព្រោះ​យល់​ថា តម្លៃ​នេះ​ហាក់​នៅ​ទាប ក្នុង​ពេល​ដែល​ផលិតកម្ម​ខ្លះ​បាន​ហ៊ាន​ឲ្យ​តម្លៃ​តួ​ធម្មតា​ក្នុង​ចន្លោះ​ពី​២០​ទៅ​២៥​ដុល្លារ​ដែរ​។

យ៉ាងណា​បើ​តាម​លោក សែ​ម ធា​រិ​ន្ទ ថា បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​មួយ​ចំនួន​ទៀត ដែល​នាំ​ឲ្យ​តម្លៃ​តួ​ធម្មតា ឬ​តួ​បន្ថែម នៅ​មាន​តម្លៃ​ថោក គឺ​ដោយសារ​បច្ចុប្បន្ន​មាន​ភ្នាក់ងារ​អ្នក​ហៅ​តួ​ច្រើន ហើយ​អ្នក​ហៅ​នោះ​បាន​យក​តម្លៃ​ជើងសារ​ពី​តួ​ពីរ​ទៅ​បី​តង់ នោះ​ជា​ហេតុ​នាំ​ឲ្យ​តម្លៃ​មក​ដល់​ម្ចាស់ខ្លួន​នៅ​មាន​កម្រិត​។

លោក​បញ្ជាក់​ថា សម្រាប់​តួ​ធម្មតា គឺ​ពួក​គាត់​មិន​មាន​កុងត្រា​ថត​ដូច​តួ​ល្បី​ៗ​នោះ​ឡើយ ពោល​គឺ​ពួក​គាត់​ត្រឹមតែ​ថត​ស៊ី​ថ្ងៃ ដោយពេល​ថត​ខ្លះ​មួយ​១​ម៉ោង ឬ​២​ម៉ោង​ប៉ុណ្ណោះ ហេតុនេះ​តម្លៃ​ពួក​គាត់​មិនសូវ​ជា​បាន​ថ្លៃ​ប៉ុន្មាន​ទេ ប៉ុន្តែ​គួរតែ​មានការ​កែប្រែ​ខ្លះ​សម្រាប់​តម្លៃ​ពួក​គាត់​នា​ពេល​បច្ចុប្បន្ន​នេះ​។

លោក សែ​ម ធា​រិ​ន្ទ បាន​លើក​ឡើង​ទៀត​ថា សម្រាប់​វិស័យ​ភាពយន្ត​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ក៏​មានការ​រីក​លូតលាស់​គ្រាន់បើ ហើយ​ផលិតកម្ម​មួយ​ចំនួន​ក៏​ទទួល​បាន​តម្លៃ​ពី​ក្រុមហ៊ុន​ដែល​បាន​ឧបត្ថម្ភ​នោះ​ក៏​ច្រើន​គួរសម​ដែរ ខណៈ​ពេល​តម្លៃ​កុងត្រា​ថត​ពី​សំណាក់​តួ​ល្បី​ៗ​ក៏​បាន​ច្រើន​គួរសម​ទៅ​តាម​នឹង​ដែរ ហេតុនេះ​លោក​ក៏​មាន​បំណង​ស្នើ​សុំ​ឲ្យ​ម្ចាស់​ផលិតកម្ម​មួយ​ចំនួន​គួរ​គិតគូរ​ឡើង​វិញ​សម្រាប់​តួ​ធម្មតា​។

ទោះជា​យ៉ាងណា ការ​លើក​ឡើង​ខាងលើ​នេះ លោក​មិន​មាន​គោលបំណង​ណាមួយ​ចង់​រិះគន់​បណ្តា​ផលិតកម្ម ឬ​ក៏​ប៉ះពាល់​ដល់​តួអង្គ​ល្បី​ៗ​ណាមួយ​ឡើយ ព្រោះ​មាន​ម្ចាស់​ផលិតកម្ម​ខ្លះ​ក៏​បាន​ឲ្យ​តម្លៃ​តួ​ធម្មតា​បាន​សមរម្យ​ដែរ ប៉ុន្តែ​អ្វី​ដែល​លោក​ចង់​ឃើញ​នោះ គឺ​លោក​គ្រាន់តែ​ចង់​ស្នើ​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ផលិតកម្ម​នានា​គួរ​ពិចារណា​ចំពោះ​រឿង​នេះ​ឡើង​វិញ ដើម្បី​ឲ្យ​តួ​ធម្មតា​បាន​តម្លៃ​មួយ​សមរម្យ ដើម្បី​ឲ្យ​ពួក​គាត់​សប្បាយចិត្ត​ធ្វើការ និង​ចូលរួម​លើក​ស្ទួយ​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ