ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើលេសថា «ពិបាក​ដេក​ឱប​គ្នា ព្រោះ​បន្ទប់​ជួល​តូច​ចង្អៀត»​

6 ឆ្នាំ មុន

​ហួសចិត្ត​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ដឹងខ្លួន​ថា បុរស​ជា​ប្តី​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ហួសចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ដឹងខ្លួន​ថា បុរស​ជា​ប្តី​ហេងស៊យ​ បាន​លួច​យក​ទ្រព្យសម្បត្តិ​ទៅ​អស់ បន្ទាប់ពី​បោកប្រាស់​ឱ្យ​គាត់​យក​កូនប្រុស​អាយុ​១០​ឆ្នាំ ​ដែល​មក​ពី​ស្រុក​កំណើត​មក​លេង​គាត់​ជា​ម្តាយទៅ​ផ្ញើ​នៅផ្ទះ​បងស្រី ដោយ​លើក​​ហេតុផល​ថា ពិបាក​ដេក​ឱប​គ្នា ព្រោះ​បន្ទប់​ជួល​តូច​ចង្អៀត​ ។

ដោយសារ​តម្រូវ​ចិត្ត​ប្តី នាង​ជា​ប្រពន្ធ​ក៏​យកកូន​ទៅ​ផ្ញើ​នៅផ្ទះ​បងស្រី លុះ​ត្រឡប់​មក​វិញ​ទើប​ដឹង​ថា​ប្តី​ប្រមូល​លុយកាក់​មាសប្រាក់​និង​ម៉ូតូ​យក​ទៅ​បាត់​ស្រមោល និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១៧ ខែសីហា នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​អភ័ព្វ​ដោយសារ​តែ​មាន​ប្តី​ហេងស៊យ​នេះ​ឈ្មោះ ជា ចាន់​ធី អាយុ​៣១​ឆ្នាំ មុខរបរ​លក់​នំ​បុ័ង ស្នាក់​នៅផ្ទះ​ជួល​ខាងលើ និង​មាន​ស្រុក​កំណើត​នៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ជា​ស្ត្រី​មេម៉ាយ​មានកូន​ប្រុស​ម្នាក់​អាយុ​១០​ឆ្នាំ ។ ចំណែក​ប្តី​ទី​២ ដែល​ជា​ប្តី​បោក​ប្រាស់​នេះ​ឈ្មោះ ឈិ​ត ឌុ​យ អាយុ​២៨​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា និង​មានស្រុក​កំណើត​នៅ​ខេត្តតា​កែវ។

ស្ត្រី​រង​គ្រោះ​បាន​និយាយ​ទាំង​ទឹកភ្នែក​រលីងរលោង​ថា រូប​គាត់​បាន​ស្គាល់គ្នា​ជាមួយ​បុរស​ជា​ប្តី​ទី​២​នេះ​និង​បាន​រួមរស់​ជាមួយ​គ្នា​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ ដោយ​មិន​បាន​រៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​ទេ គ្រាន់តែ​ចាស់ទុំ​ទាំង​សងខាង​ដឹង​ឮ និង​មិន​ទាន់​មាន​កូន​ចៅ​នៅឡើយ ។ ការ​រស់នៅ​ជាមួយ​គ្នា​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ បុរស​ជា​ប្តី​ពុំដែល​ផ្តល់​សេចក្តីសុខ​ឱ្យ​រូប​គាត់​ឡើយ តែ​ដោយ​សារ​ជ្រុល​ជា​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ទៅ​ហើយ​ក៏​ចេះ​តែ​ទ្រាំ​រស់នៅ​ជាមួយ​គ្នា​រហូត​មក ។

ប្រភព​ដដែល​រៀបរាប់​ទៀត​ថា មុន​ពេល​កើតហេតុ​រូប​គាត់​យក​កូនប្រុស​មក​ពី​ស្រុក​កំណើត​មក​លេង​បាន​៩​ថ្ងៃ​ហើយ ស្រាប់តែ​ប្តី​រអ៊ូរទាំ​ថា យក​កូន​មក​លេង​អុ​ី​ចឹ​ង​ពិបាក​ដេក​ឱប​គ្នា​ណាស់ ហើយ​ប្រាប់​ឱ្យ​គាត់​យក​កូនប្រុស​ទៅ​ទុក​នៅផ្ទះ​បងស្រី​របស់​គាត់​ដែល​ស្នាក់​នៅ​ម្តុំ​ផ្សារ​ជម្ពូ​វ័ន ។

ដោយសារ​តែ​បំពេញ​តាម​បំណង​ប្តី​នៅ​វេលា​ម៉ោង​៦​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា រូប​គាត់​ក៏​យក​កូនប្រុស​យក​ទៅ​ផ្ញើ​នៅផ្ទះ​បងស្រី​ទាំង​មេឃ​កំពុង​ភ្លៀង ។ ខណៈ​គាត់​យក​កូនប្រុស​ទៅ​ដល់​ផ្ទះ​បងស្រី បុរស​ជា​ប្តី​នេះ​បាន​ទូរស័ព្ទ​សួរ​ថា អូន​ឯង​នៅ​ទីណា? ហើយ​គាត់​ប្រាប់​ថា នៅផ្ទះ​បងស្រី​ប្រហែល​យូរ​បន្តិច​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប៉ុន្តែ​ពេល​មក​ដល់​បន្ទប់​ជួល​វិញ ចាក់សោ​បើកទ្វារ​បន្ទប់​មិនឃើញ​ប្តី ព្រមទាំង​បាត់​លុយ​អស់​ចំនួន​២០​ម៉ឺន​រៀល ខ្សែ​ក​មាស​៥​ជី ខ្សែដៃ​ប្លា​ទី​ន​៥​ជី​តម្លៃ​៦៨​ម៉ឺន​រៀល ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦​មួយ​គ្រឿង ដែល​ទិញ​បង់​រំ​លោះ​មិន​ទាន់​ដាច់​ផង និង​ខោអាវ​ក៏​ត្រូវ​លោក​ប្តី​ប្រមូល​យក​ទៅ​បាត់​អស់​ដែរ ។

ក្រោយ​ពេល​កើតហេតុ ទើប​ស្ត្រី​ជា​ប្រពន្ធ​ដឹង​ថា​ចាញ់បោក​ប្តី​ហេងស៊យ ក៏​បាន​ទៅ​ប្តឹង​នៅ​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​ចោម​ចៅ ដើម្បី​ទាមទារ​យក​លុយ​២០​ម៉ឺន​រៀល ខ្សែ​ក​និង​ខ្សែដៃ ចំណែក​ម៉ូតូ​គាត់​មិន​ទាមទារ​ទេ និង​សូម​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ៕