ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! នាយ ក្តឹប បាន​ទទួលមរណភាព​ហើយ ក្នុង​ជន្មាយុ​៦២​ឆ្នាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង​ជើង​ចាស់​នាយ ក្តឹប បាន​ទទួលមរណភាព​ហើយ នៅ​ក្នុង​ជន្មាយុ​៦២​ឆ្នាំ ដោយសារ​រោគាពាធ កាលពី​យប់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​៩​និង​៤៥​នាទី​។ បច្ចុប្បន្ន​ស​.​ព​របស់​លោក ត្រូវ​បាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​នាយ ក្តឹប ដែល​មាន​ឈ្មោះពេញថា ឃុន ចាន់ក្តឹប បាន​ទទួល​មរណភាព​ហើយ នៅ​ក្នុង​ជន្មាយុ​៦២​ឆ្នាំ ដោយសារ​រោគាពាធ កាលពី​យប់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​៩​និង​៤៥​នាទី​។ បច្ចុប្បន្ន​ស​.​ព​របស់​លោក ត្រូវ​បាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហ​ដ្ឋាន​របស់​លោក ស្ថិត​ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

បើ​តាម​កូនស្រី​នាយ ក្តឹប បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ឱ្យ​ដឹង​ថា តាម​គម្រោង ស​.​ព​របស់​លោក​នឹង​ត្រូវ​រៀបចំ​ពិធី​បូជា​នៅ​ក្នុង​វត្ត​ពោធិ៍​ព្រឹក ហៅ​វត្ត​ខ្ទរ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣​។

កូនស្រី​របស់​តារា​កំប្លែង​រូប​នេះ បាន​បញ្ជាក់​ថា ឪពុក​របស់​នាង​បាន​ទទួលមរណភាព​ក្នុង​អាយុ​៦២​ឆ្នាំ បន្ទាប់​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​ប្រមាណ​៤​ឆ្នាំ ហើយ​ចាប់ផ្តើម​ធ្ងន់​ក្នុង​រយៈពេល​ប្រមាណ​កន្លះ​ខែ​ចុង​ក្រោយ​នេះ​។

នាង​បន្ត​ថា ជំងឺ​ឪពុក គឺ​ត្រូវការ​ថវិកា​ជា​ច្រើន​សម្រាប់​ព្យាបាល ហើយ​ក្រុម​គ្រួ​សារបាន​ប្រើ​ថវិកា​អស់ពី​ខ្លួន រហូត​ជំពាក់​បំណុល​គេ​ថែម​ទៀត​ផង ហេតុនេះ​សម្រាប់​ការ​រៀបចំ​ពិធីបុណ្យ​ស​.​ព​ឪពុក​នាង គឺ​ក្រុម​គ្រួសារ​មានការ​ខ្វះខាត​មុខក្រោយ​នៅឡើយ​។

យ៉ាងណា បើ​តាម​កូនស្រី​នាយ ក្តឹប បាន​បន្ថែម​ថា ក្រោយ​បាន​ទទួល​ដំណឹង​ពី​មរណភាព​ឪពុក​របស់​នាង​នោះ ក៏​មាន​សប្បុរសជន​នានា​ជា​បន្តបន្ទាប់​បាន​ចូលរួម​ជា​ថវិកា​សម្រាប់​គ្រួសារ​នៅ​ក្នុង​ដំណើរការ​ធ្វើបុណ្យ​នា​ពេល​នេះ​។ កូនស្រី​នាយ ក្តឹប អះអាង​បន្ថែម​ថា ក្រៅពី​អាជីព​សិល្បៈ​ឪពុក​របស់​នាង គ្មាន​មុខរបរ​អ្វី​ផ្សេង​ឡើយ ក្រៅពី​ទំនេរ​ពី​ការ​សម្តែង គាត់​តែងតែ​ទៅ​ដាក់​ម៉​ងរ​ក​ត្រី​នៅ​ទន្លេ​។

យ៉ាងណា​ម៉ិ​ញ ដំណឹង​មរណភាព​របស់​នាយ ក្តឹប នា​ពេល​នេះ បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​អ្នកសិល្បៈ​បាន​សម្តែង​ការ​សោកស្តាយ និង​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​នាយ ក្តឹប នា​ពេល​នេះ​ផង​ដែរ​។

ជា​ការ​កត់សម្គាល់ ស្ថានភាព​ជំងឺ​របស់​តារា​កំ​ប្លែក​នាយ ក្តឹប បាន​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ បន្ទាប់​ពី​លោក​បាន​ទទួល​រង​នូវ​ជំងឺ​ជា​ច្រើន​ប្រភេទ និង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ តារា​កំប្លែង នាយ ក្តឹប បាន​ពើបប្រទះ​នូវ​ជំងឺ​ជា​ច្រើន​មុខ​ដូច​ជា ៖ ទឹក​ក្នុង​សួត បេះដូង លើស​ជាតិ​ស្ករ និង​ស្ព​ត​សរសៃ​ឈា​.​ម រហូត​ធ្វើ​អោយ​លោក​ស្លា​.​ប់​មួយ​ចំហៀង​ខ្លួន​ទៀត​ផង​។ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​ស្ថានភាព​កាន់តែ​ដុនដាប នាយ ក្តឹប បាន​ត្រឹម​សម្រាក​ព្យាបាល​ជំងឺ​តែ​នៅ​លើ​កន្ទេល ដោយ​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​។

កន្លង​មក អំឡុង​ពេល​សម្រាក​ព្យាបាល​ជំងឺ គេ​សង្កេត​ឃើញ​មាន​សប្បុរសជន និង​សមាគម​សិល្បៈ​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​រូប​លោក​ជា​បន្តបន្ទាប់​ផង​ដែរ​។ យ៉ាងណា ដោយសារ​ស្ថានភាព​ជំងឺ​ត្រូវការ​ថវិកា​ច្រើន​សម្រាប់​ព្យាបាល​នោះ កន្លង​មក ក្រុម​គ្រួសារ​នាយ ក្តឹប ក៏​បាន​ប្រកាស​លក់​ផ្ទះ ដើម្បី​យក​លុយ​សង​គេ​ដែល​បាន​ខ្ចី​មើលជំងឺ​។

គួរ​បញ្ជាក់​ថា នាយ ក្តឹប ត្រូវ​បាន​ចាត់ទុកជា​តារា​កំប្លែង​ជើង​ចាស់​មួយ​រូប​ផង​ដែរ ដោយ​លោក​តែងតែ​ផ្តល់​សំណើច​សើច​ក្អាកក្អាយ​សម្រាប់​ទស្សនិកជន​ទស្សនា​។ តារា​កំប្លែង​រូប​នេះ ក៏​ជា​សមាជិក​នៅ​ក្នុង​ក្រុម​នាយ ក្រឹម ដែល​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​នៅ​លើ​ឆាក​តន្ត្រី​ស្រុកស្រែ និង​សំណើច​ចុង​ស​ប្តា​ហ៍​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ