រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសថា ក្រៅពីការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត នៅខេត្តជាប់សមុទ្រ ទាំង ៤ គឺខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប គឺនៅឆ្នាំនេះ គណៈកម្មការរៀបចំការប្រកួត ក៏មានរៀបចំប្រកួតឆ្នេរកោងកាង រួមទាំងព្រែកធម្មជាតិ នៅក្នុងបណ្តាខេត្តជាប់មាត់សមុទ្រទាំង ៤ខេត្តផងដែរ។
ក្រសួងទេសចរណ៍ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត លើកទី៤ និងព្រែកកម្សាន្តស្អាត លើកទី១ ឆ្នាំ២០២៣” ចំនួន ៣លើកផ្សេងគ្នារួចមកហើយ នៅក្នុងខេត្តជាប់មាត់សមុទ្រទាំងនោះ។ ការផ្សព្វផ្សាយ លើកទី១ បានធ្វើកាលពីថ្ងៃទី៦ ខែកុម្ភៈ នៅសាលាខេត្តកោះកុង។ លើកទី២ នៅថ្ងៃទី១០ ខែកុម្ភៈ នៅសាលាខេត្តព្រះសីហនុ។ លើកទី៣ នៅថ្ងៃទី១៧ ខែកុម្ភៈ នៅសាលាខេត្តកែប។ សិក្ខាសាលាផ្សព្វផ្សាយដូចគ្នានេះ នឹងធ្វើឆាប់នេះ នៅខេត្តកំពត។
លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គ.អ.ឆ.ក. និងជាប្រធានក្រុមការងារ ទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត បានលើកឡើងថា សិក្ខាសាលាទាំងបីលើកកន្លងមក បានប្រព្រឹត្តទៅយ៉ាងរលូន ដោយបានធ្វើការផ្សព្វផ្សាយចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត លើកទី៤ និងព្រែកកម្សាន្តស្អាត លើកទី១ ឆ្នាំ២០២៣ ដែលជាយន្តការអចិន្ត្រៃយ៍ដ៏មានប្រសិទ្ធភាព ក្នុងការជំរុញលើកទឹកចិត្តដល់រដ្ឋបាលខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជាទាំងបួនខេត្ត ក៏ដូចជា អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបង្កើនសម្មភាពក្នុងការគ្រប់គ្រងកែលម្អឆ្នេរខ្សាច់ និងព្រែកកម្សាន្តតាមមូលដ្ឋានរៀងៗខ្លួន ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព ដោយមានការចូលរួមទទួលខុសត្រូវលើគ្រប់ទិដ្ឋភាព ដូចជា ទិដ្ឋភាពទេសចរណ៍ បរិស្ថាន រៀបចំដែនដី និងនគរូបនីយកម្ម ក៏ដូចជាទិដ្ឋភាពនៃការគ្រប់គ្រងសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរ ដើម្បីធានាបានថាតំបន់ឆ្នេរខ្សាច់ឆ្នេរកោងកាង និងព្រែកកម្សាន្តទាំងអស់ ជាគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញ។
លោករដ្ឋលេខាធិការ នី ផល្លី បន្ថែមថា ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រ មានឆ្នេរខ្សាច់ និងឆ្នេរកោងកាងស្អាតៗ រួមទាំងព្រែកធម្មជាតិជាច្រើន ដែលមានសក្តានុពលខ្ពស់ អាចរៀបចំកែលម្អ ដើម្បីទាក់ទាញអ្នកទេសចរ ហើយក៏អាចចូលរួម ក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត លើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣បាន។
ដោយមើលឃើញពីកាលានុវត្តភាពទាំងនេះ លោករដ្ឋលេខាធិការ នី ផល្លី បានជំរុញដល់រដ្ឋបាលខេត្តតំបន់ឆ្នេរសមុទ្រ រៀបចំដាក់បញ្ចូលឆ្នេរ និងព្រែកបេក្ខភាព ឲ្យបានច្រើន ក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត លើកទី៤ និងព្រែកកម្សាន្តស្អាត ឆ្នាំ២០២៣ នេះ ដោយចាប់ផ្តើមរៀបចំ និងកែលម្អឆ្នេរនិងព្រែកទាំងនោះ អោយស្របតាមស្តង់ដាបច្ចេកទេស ពិសេសគោលការណ៍ណែនាំស្តីពីការគ្រប់ឆ្នេរខ្សាច់កម្សាន្ត ដើម្បីឆ្ពោះទៅទទួលបានជ័យលាភីនាពេលខាងមុខ។
តំណាងក្រសួងទេសចរណ៍ ក៏បានលើកឡើងថា យន្តការប្រឡងប្រណាំងខាងលើនេះ ទទួលបានការសាទរ និងគាំទ្រពីរដ្ឋបាលខេត្តតំបន់ឆ្នេរទាំងបួន ដែលនឹងជួយជំរុញដល់ការរៀបចំកែលម្អឆ្នេរខ្សាច់ ឆ្នេរកោងកាង និងព្រែកទាំងអស់នោះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកសម្រាកកម្សាន្ត។
លោករដ្ឋលេខាធិការ មានសុទិដ្ឋិនិយមផងដែរថា ផលិតផលរមណីយដ្ឋានទេសចរណ៍ឆ្នេរ និងព្រែកថ្មីៗ ដែលនឹងត្រូវបង្កើតឡើង តាមរយៈយន្តការប្រឡងប្រណាំងនេះ នឹងគាំទ្រដល់រដ្ឋបាលខេត្តតំបន់ឆ្នេរ សម្រាប់ការត្រៀមខ្លួនរួចរាល់ ក្នុងការរៀបចំខ្សែទស្សនកិច្ចទេសចរណ៍ភាគខាងត្បូងរបស់អាស៊ាន ( ASEAN Southern Tourism Corridor ) ដែលតភ្ជាប់ពីប្រទេសថៃ ប្រទេសកម្ពុជា និងប្រទេសវៀតណាម៕ សុខ សារ៉ាយ







ចែករំលែកព័តមាននេះ