ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវដកទ័ពគ្មានសល់… ប្រជាជាតិ​ទាំងមូលគាំទ្រសម្តេច​តេជោ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថោ​ង​លន់ ស៊ី​ស៊ូ​លី​ត នៅ​ព្រឹក​ថ្ងៃ​១២ ខែសីហា បាន​ប្រកាស​ដោយ​មិន​រារែក​ពី​ការ​យល់ព្រម​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា​ឱ្យ​អស់ មិន​ហួស​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៣ ខែសីហា ។ ការ​ថ្លែង​អះអាង​យ៉ាង​ដូច្នេះ បាន​ធ្វើ​

រាជធានី​ភ្នំពេញ ៖ លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថោ​ង​លន់ ស៊ី​ស៊ូ​លី​ត នៅ​ព្រឹក​ថ្ងៃ​១២ ខែសីហា បាន​ប្រកាស​ដោយ​មិន​រារែក​ពី​ការ​យល់ព្រម​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា​ឱ្យ​អស់ មិន​ហួស​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៣ ខែសីហា ។ ការ​ថ្លែង​អះអាង​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​រួម​គ្នា​មួយ កាលពី​ព្រឹក​ថ្ងៃ​១២ សីហា ក្នុង​ទីក្រុង​វៀងចន្ទន៍ នៅ​ចំពោះ​មុខ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន  ដែល​បាន​អញ្ជើញ​ទៅ​កាន់​ប្រទេស​ឡាវ​ភ្លាម​ៗ ដើម្បី​ដោះស្រាយ​បញ្ហា​កងទ័ព​ឡាវ​ចូល​មក​កាន់កាប់​ទឹកដី​កម្ពុជា​នៅ​ចំណុច​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោកនាយក​រដ្ឋមន្ត្រី​ឡាវ បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​ខក​ខានមិនបាន​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​កម្ពុជា​ទាន់​ពេលវេលា ដោយសារ​តែ​លោក​មិន​បាន​ទទួល​លិខិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្ញើ​ទៅ​កាន់​លោក​កាលពី​ថ្ងៃ​ទី​២ ខែសីហា ។ យ៉ាងណា​ក៏​ដោយ ប្រមុខ​រដ្ឋាភិបាល​ឡាវ បាន​អបអរសាទរ​ចំពោះ​វត្តមាន​យ៉ាង​បន្ទាន់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​លើ​ទឹកដី​ឡាវ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ។ តាម​រយៈ​ជំនួប​ទ្វេភាគី នេះ លោក​ថោ​ង​លន់ ស៊ី​ស៊ូ​លី​ត បាន​យល់ព្រម​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា ដោយ​សុំ​ទុក​ពេល​មួយ​ថ្ងៃ​ឱ្យ​កងកម្លាំង​ប្រមូល​សម្ភារ ហើយ​ចាកចេញ​ឱ្យ​អស់យ៉ាង​យូរ​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ ទី​១៣ ខែសីហា​។

ជា​ការ​ឆ្លើយ​តប សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​សម្តែង​ការ​សាទរ​និង​អរគុណ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ដែល​បាន​យល់ព្រម​ដកទ័ព​ចេញពី​តំបន់​អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ក្នុងស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ដើម្បី​សម្រួល​ស្ថានការណ៍​វិញ ។ សម្តេច​តេ​ជោ ក៏​បាន​បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ខ្មែរ​ដែល​បាន​ចល័ត​ទៅ​កាន់​តំបន់​ក្តៅ ហើយ​ដែល​ចេញពី​បន្ទាយ​នៅ​យប់​ថ្ងៃ​១១ ខែសីហា ឱ្យ​វិល​ត្រឡប់​ចូល​មូលដ្ឋាន​វិញ ។ ចំណែក​កម្លាំង​ដែល​ឈរជើង​នៅ​តំបន់​ជម្លោះ ក៏​ត្រូវ​ដកថយ​មក​វិញ​ជា​បណ្តោះអាសន្ន​ដែរ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​ប្រគល់​ភារកិច្ច​ទៅ​ឱ្យ​គណៈកម្មការ​កិច្ចការ​ព្រំដែន ព្រមទាំង​ក្រសួងការបរទេស​កម្ពុជា​និង​ឡាវ ជា​អ្នក​ដោះស្រាយ​បន្ត ។​ចំពោះ​ស្ថានការណ៍​នៅ​តំបន់​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ស្ថិត​ក្នុងស្រុក​សៀម​បា​៉​ង ខេត្តស្ទឹងត្រែង​នេះ លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​លោក​កំពុង​ឈរជើង​នៅ​ទីតាំង​នោះ ត្រូវ​បាន​វិទ្យុ​បារាំង​អន្តរជាតិ​ដកស្រង់​សម្តី​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ភាគី​កម្ពុជា​-​ឡាវ មាន​ភាព​ធូរស្រាល​វិញ​ហើយ​រហូត​មក​ដល់​ពេល​នេះ​។ ចំណែកឯ​ច្រកព្រំដែន​កម្ពុជា -​ឡាវ ក៏​បាន​បើក​ដំណើរការ​ជា​ប្រក្រតី​ដែរ ។

សូម​ជម្រាប​ផង​ដែរ​ថា ភាព​តានតឹង​នៅ​តាម​ព្រំដែន​កម្ពុជា​-​ឡាវ បាន​ចាប់ផ្តើម​ឡើង​កាលពីដើម​ឆ្នាំ​២០១៧​នេះ ដោយ​ភាគី​ឡាវ​បាន​បញ្ជូន​កងកម្លាំង​យោធា​របស់​ខ្លួន​មក​រារាំង​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​ឱ្យ​ស្ថាបនា​ផ្លូវ​តាម​បណ្តោយ​ព្រំដែន នៅ​ត្រង់​ចំណុច​អូរ​តា​ង៉ាវ និង​អូរ​អាឡៃ ។ រហូត​មក​ដល់​ថ្ងៃ​ទី​២ ខែមេសា កងកម្លាំងប្រដាប់អាវុធ​ឡាវ​រាប់រយ​នាក់ ត្រូវ​បាន​បញ្ជូន​មក​កាន់​តាម​បណ្ដោយ​ព្រំដែន​ទល់មុខ​នឹង​កម្ពុជា ស្ថិត​នៅ​ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

កម្ពុជា​និង​ឡាវ មាន​ព្រំដែន​ជាប់​គ្នា​ប្រវែង ៥៤០​គីឡូម៉ែត្រ​ដែល​ត្រូវ​បោះបង្គោល​ព្រំដែន​ប្រមាណ​១៤៥​បង្គោល ហើយ​រហូត​មក​ដល់​ពេល​នេះ​ភាគី​ទាំង​ពីរ​សម្រេច​បាន​ចំនួន​១២១​បង្គោល​ហើយ ស្មើនឹង​៨៣​ភាគរយ នៅ​សល់​ប្រមាណ ២៤​បង្គោល​ទៀត ស្ថិត​ក្នុង​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង ។​កាលពី​ថ្ងៃ​១១ ខែសីហា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ខ្លាំង​ៗ​ទៅ​ភាគី​ឡាវ​ឱ្យ​ដក​កងទ័ព​ចេញពី​តំបន់​ចម្រូងចម្រាស​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​នោះ ដោយសារ​តែ​សម្តេច អស់​ភាព​អត់ធ្មត់​នឹង​ភាគី​ឡាវ​លើ​បញ្ហា​នេះ ស្រប​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​ឡាវ​មិន​បាន​ឆ្លើយ​តប​នឹង​លិខិត​មួយ​ច្បាប់​ដែល​បាន​ផ្ញើ​ជា​ផ្លូវការ​កាលពីដើម​ខែសីហា​កន្លង​មក ។

ការ​សម្រេច​ដក​កងទ័ព​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​ទ្វេភាគី​ជា​បន្ទាន់​មួយ​នៅ​ទីក្រុង​វៀងចន្ទន៍ នៃ​ប្រទេស​ឡាវ រវាង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថោ​ង​លន់ ស៊ី​សូលី​ត កាលពី​ព្រឹក​ថ្ងៃ​១២ ខែសីហា ។​ក្នុង​ជំនួប​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ឱ្យ​ភាគី​ឡាវ​ដក​កងកម្លាំងប្រដាប់អាវុធ​ចេញពី​តំបន់​អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ក្នុងស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ដែល​ជាប់​ព្រំដែន​ខេត្ត​អត្ត​ពើ​របស់​ឡាវ ។ ជា​ការ​កត់​សម្គាល់ការ​ទាមទារ​ឱ្យ​ភាគី​ឡាវ​ដក​កងទ័ព​របស់​ខ្លួន​ពី​ទឹកដី​កម្ពុជា​នេះ ក៏​បាន​ធ្វើ​ឡើង​ដោយ​កំណត់​ឱសានវាទ​៦​ថ្ងៃ​សម្រាប់​ឱ្យ​ភាគី​ឡាវ​ពិចារណា ហើយ​បើ​មិន​មានការ​ដក​ចេញ​ទេ​នោះ ការ​ប្រឈម​មុខ​ខាង​យោធា​ពិតជា​កើតឡើង ដោយ​កងកម្លាំង​ប្រមាណ​៧.០០០​នាក់​ត្រូវ​បាន​ប្រមូលផ្តុំ​រួម​ជាមួយ​យុទ្ធោបករណ៍​សម្រាប់​សង្គ្រាម​មួយ ក៏​បានឱ្យ​ចល័ត​ភ្លាម​ៗ​ឆ្ពោះទៅ​គោលដៅ​ខេត្តស្ទឹងត្រែង ។

ការ​ឆ្លើយ​តប​ដោយ​មិន​មានការ​រារែក​របស់​នាយក​រដ្ឋមន្ត្រី​ឡាវ ក្នុង​ការ​ដកទ័ព​ភ្លាម​ៗ​នេះ​ត្រូវ​បាន​សម្តេច​តេ​ជោ​ចាត់​ទុក​ថា នេះ​ជា​ជោគជ័យ​ដ៏​ធំ​មួយ​ដែល​ភាគី​ទាំង​ពីរ​មិន​ប្រឈម​មុខ​ដាក់​គ្នា ដោយ​កម្លាំងយោធា ។ ក្នុង​សារលិខិត​ផ្លូវការ​ចុះ​ថ្ងៃ​ទី​២ ខែសីហា សម្តេច​តេ​ជោ​បាន​ចង្អុលបង្ហាញ​ច្បាស់​ថា «​ទាហាន​ឡាវ​ពិតជា​បាន​រំលោភ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា​នៅ​តំបន់​ខាងលើ​នោះ​ពិតប្រាកដ​មែន ហើយ​រហូត​មក​ដល់​ពេល​នេះ ភាគី​មិត្ត​នៅ​ពុំ​ទាន់​បាន​ដក​កម្លាំងប្រដាប់អាវុធ​ចេញពី​ទឹកដី​កម្ពុជា​នៅឡើយ ទោះបីជា​កម្ពុជា​បាន​ផ្អាក​ការ​ធ្វើ​ផ្លូវ​និង​បាន​ដក​គ្រឿងចក្រ​ចេញពី​តំបន់​នោះ​ហើយ​ក៏​ដោយ​»​។

ការ​ចេញដំណើរ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​ឡាវ បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​សម្តេច​បាន​ព្រមាន​ទៅ​ភាគី​ឡាវ​កាលពី​ថ្ងៃ​១១ ខែសីហា ដោយ​ដាក់​កាលកំណត់​ឱ្យ​ដក​កងទ័ព​ចេញពី​តំបន់​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៧ ខែសីហា ។​សម្តេច​តេ​ជោ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​១១ ខែសីហា ថា «​តាម​ពិត វា​មិន​ត្រូវ​វាយ​គ្នា​ទេ ប៉ុន្តែ​បើសិនជា​គាត់​មិន​ដក គឺ​ត្រូវ​តែ​ធ្វើ​ហើយ​។ យើង​មិនមែន​ប្រកាសសង្គ្រាម​ទេ សុំ​យក​ដី​ខ្លួន​តែ​ប៉ុណ្ណឹង​ទេ ។ ខ្ញុំ​មិន​យក​ដី​នរណា​ទាំងអស់​មួយ​ចំអាម​ក៏​មិន​យក តែ​ក៏​មិន​ឱ្យ​គេ​យក​ដី​យើង​មួយ​ចំអាម​ដែរ​»​។

រំឭក​ពី​ឡាវ​បញ្ជូន​យោធា​រារាំង​កង​វិស្វកម្ម​កម្ពុជា​មិន​ឲ្យ​ស្ថាបនា​ផ្លូវ​តាម​ព្រំដែន​គួរ​រំឭក​ថា កងកម្លាំង​ការពារ​ព្រំដែន​ខេត្តស្ទឹងត្រែង​ឱ្យ​ដឹង​ថា ឡាវ​បាន​បញ្ជូន​កងកម្លាំង​យោធា មក​រារាំង​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​តាម​បណ្តោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាក់​ឡាវ នៃ​ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង តែ​ត្រូវ​បាន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹង​ត្រែង អះអាង​ទៅ​ភាគី​ឡាវ​ថា កម្ពុជា កសាង​ផ្លូវ​តាម​បន្ទាត់​ព្រំដែន​លើ​ទឹកដី​របស់​ខ្លួន ផ្អែក​តាម​ផែនទី​របស់​បារាំង ។

យោធា​ឡាវ មក​ពី​ខេត្ត​អត្ត​ពើ បាន​មក​រារាំង​កងកម្លាំង​វិស្វកម្ម​កម្ពុជា​រយៈពេល​៤​ថ្ងៃ​មក​ហើយ ដោយ​ហាម​មិន​ឲ្យ​កសាង​ផ្លូវ​តាម​បណ្តោយ​ព្រំដែន ក្នុង​ហេតុផល​ថា តំបន់​នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​ជា​ផ្លូវការ​បោះបង្គោល​ព្រំដែន​នៅឡើយ ។​នគរបាល​ការពារ​ព្រំដែន​មួយ​រូប​និយាយ​ថា ទាហាន​ឡាវ​ចំនួន​២​រថយន្ត​ធំ កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ បាន​រារាំង​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា​ឲ្យ​ផ្អាក​ការ​កសាង​ផ្លូវ​នេះ​។  តំបន់​នោះ​ឆ្លង​ទន្លេសេកុង ដែល​សម្បូរ​ទៅ​ដោយ​ព្រៃ​ភ្នំ ពុំ​មាន​ប្រជាជន​រស់នៅ​ឡើយ ហើយ​តាម​បណ្តោយ​ព្រំដែន​នៅ​ពុំ​ទាន់​បោះបង្គោល​ព្រំដែន​ជា​ផ្លូវការ​នៅឡើយ​ទេ ។

កាលពី​ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កសាង​ផ្លូវ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​២ កម្ពុជា​-​ឡាវ មាន​ប្រវែង
២៥៧​គីឡូម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ​៧ ក្នុង​ខេត្តស្ទឹងត្រែង រហូត​ដល់​ខេត្តរតនគិរី ។ មក​ទល់​ពេល​នេះ ការ​កសាង​សម្រេច​បាន​ជាង​១៥០​គីឡូម៉ែត្រ​ហើយ ។​ចំណែក​កាលពី​ឆ្នាំ​២០១៦ កងទ័ព​និង​នគរបាល​ការពារ​ព្រំដែន​របស់​កម្ពុជា បាន​ហាម​មិន​ឲ្យ​ឡាវ​សាងសង់​ប៉ុស្តិ៍​ព្រំដែន​ដែល​មិន​ទាន់​មានការ​ឯកភាព​គ្នា​បោះបង្គោល​ព្រំដែន​ជា​ផ្លូវការ ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​០៣៣ ដល់​លេខ
០៣៤ ឬ​ជាប់​ផ្លូវជាតិ​លេខ​៧ នៅ​ភូមិ​ដុ​ង​ក្រឡ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។ មក​ទល់​ពេល​នេះ ឡាវ បាន​ផ្អាក​ការ​សាងសង់​ប៉ុស្តិ៍​នោះ​ដោយសារ​ភាគី​កម្ពុជា​មិន​ឲ្យ​ឡាវ​ដឹក​សម្ភារ​សំណង់​ចូល​ក្នុង​តំបន់​នោះ ។

ទោះបី​មិន​មានការ​អះអាង​ជា​ផ្លូវការ​ក្តី ក៏​មានការ​លើក​ឡើង​ថា គោលបំណង​ដែល​ទាហាន​ឡាវ​ចង់​គ្រប់គ្រង​តំបន់​កោះ​ឫស្សី ដោយសារ​សក្ដានុពល​ទីនោះ​សម្បូរ​រ៉ែ​មាស និង​រ៉ែ​ត្បូង​ធម្មជាតិ​មាន​តម្លៃ ។ កោះ​ឫស្សី​ស្ថិត​នៅ​ជាប់​ទន្លេសេកុង នៃ​ស្រុក​សៀម​ប៉ា​ង គឺជា​ទឹកដី​របស់​ខ្មែរ​ដែល​យោធា​របស់​កម្ពុជា គ្រោង​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​តំបន់​នោះ និង​បាន​កសាង​ស្ពាន​ឆ្លង​ទៅ​កោះ​នោះ​សម្រេច​បាន​ប្រហែល​៣០​ភាគរយ​ហើយ មុន​ពេល​ភាគី​ឡាវ​ហាមឃាត់ ។

អាជ្ញាធរ​ឡាវ បាន​បញ្ជូន​កងកម្លាំង​យោធា​មក​រារាំង​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា​ជា​ថ្មី​ទៀត​ឲ្យ​ផ្អាក​ការ​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​នៅ​ចំណុច​អូរ​តា​ងា​៉​វ និង​អូរ​អាឡៃ លើ​កោះ​ឫស្សី នៃ​ស្រុក​សៀម​ប៉ា​ង កាលពី​ចុងខែ​មីនា ឆ្នាំ​២០១៧ ដោយ​លើក​ហេតុផល​ថា តំបន់​នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​ជា​ផ្លូវការ ដើម្បី​បោះបង្គោល​ព្រំដែន​នៅឡើយ តែបើ​ផ្អែក​ទៅ​លើ​ផែនទី គឺជា​ទឹកដី​កម្ពុជា ៕