ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ទិញ​លំនៅ​ឋាន​ពលរដ្ឋ​នៅ​អគារ​ប៊ូ​ឌី​ញ​.ស អស់​ជិត​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​អាច​ឈាន​ទៅ​វាយ​អគារ​ប៊ូ​ឌី​ញ​ស​ចោល បាន​ចំណាយ​ប្រាក់​រហូត​ដល់​ជាច្រើន​លាន​ដុល្លារ​ជា​សំណង​ផ្តល់​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​អគារ​ដែល​បាន​សាងសង់​នៅ​ដើម​

រាជធានី​ភ្នំពេញ ៖ ដើម្បី​អាច​ឈាន​ទៅ​វាយ​អគារ​ប៊ូ​ឌី​ញ​ស​ចោល ក្រុមហ៊ុន Arakawa Co, Ltd បាន​ចំណាយ​ប្រាក់​រហូត​ដល់​ជិត​២៤​លាន​ដុល្លារ​ជា​សំណង​ផ្តល់​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​អគារ​ដែល​បាន​សាងសង់​នៅ​ដើម​ទសវត្សរ៍​៦០​មួយ​នេះ ។​   

អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៤ សីហា ថា ប្រសិនជា​គិត​ពី​ទំហំ​ដី និង​តម្លៃ​នៃ​ការ​ចំណាយ​​លើ​ការ​ទិញ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ក្នុង​អគារ​ប៊ូ​ឌី​ញ​ស គឺ​តម្លៃ​ដី​នៅ​ទីនោះ​មាន​តម្លៃ​រហូត​ដល់​៣.៦០០​ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ ដែល​គ្មាន​វិនិយោគិន​ណា​ហ៊ាន​វិនិយោគ​ឡើយ ។ លោក​បន្ត​ថា ប្រធាន​ក្រុមហ៊ុន Arakawa មិន​គិត​ពី​ប្រាក់​ចំណេញ​ទេ គាត់​គោរព​ស្រឡាញ់​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ទើប​សម្រេចចិត្ត​វិនិយោគ និង​ផ្តល់​សំណង​ក្នុង​តម្លៃ​ដ៏​ខ្ពស់​នេះ ។

លោក​បន្ត​ថា ៖« គាត់​ចង់​ទុក​កេរ្តិ៍ឈ្មោះ​នៅ​កម្ពុជា ព្រោះ​គាត់​ខ្លាច​អគារ​នេះ​បាក់​នាំ​ឲ្យ​ប្រជាជន​រស់នៅ​អគារ​នេះ​ស្លាប់ គឺ​គាត់​អាណិត​ប្រជាជន​ខ្មែរ​» ។

លោក សេង ឡូត បន្ថែម​ថា រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​កំពុង​សិក្សា​ឡើង​វិញ​ពី​គម្រោង​សាងសង់​អគារ​ថ្មី​ថា ត្រូវ​មាន​សេវាកម្ម​អ្វីខ្លះ ដើម្បី​អាច​ទាញ​យក​ប្រាក់​ត្រឡប់​មក​វិញ​។ ដី​ជាក់ស្តែង​នៃ​អគារ​ប៊ូ​ឌី​ញ​ស​នេះ មាន​ទំហំ​ត្រឹមតែ​៦.៥៣២​ម៉ែត្រការ៉េ​ប៉ុណ្ណោះ ។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​អគារ​ប៊ូ​ឌី​ញ ហើយ​អាច​លក់​ផ្ទះ​ក្នុង​តម្លៃ​បែប​នេះ គឺជា​សំណាង​ហើយ ព្រោះ​បើ​គុណ​នឹង​តម្លៃ​ដី និង​ទំហំ​សំណង​ដី​នៅ​ទីតាំង​នេះ​មាន​តម្លៃ​ខ្ពស់​ណាស់ បើ​វិនិយោគិន​ចិន​គេ​មិន​ទិញ​ទេ ព្រោះ​វា​មានរឿង​ច្រើន ។ លោក​បន្ត​ថា ដី​នៅ​តំបន់​នេះ​អាច​ពិបាក​ក្នុង​ការ​សាងសង់​អគារ​កម្ពស់​ខ្ពស់ ព្រោះ​វា​ស្ថិត​នៅ​ជាប់​ស្ថានទូត​រុ​ស្ស៊ី ដែល​អាច​ត្រូវ​ក្រសួងការបរទេស​ហាមឃាត់ ទោះជា​ក្រសួង​ដែនដី​អនុញ្ញាត​ឲ្យ​សាងសង់​ខ្ពស់​ក្តី ។

លោក​បន្ត​ថា ៖« ដំណោះស្រាយ​លើ​អគារ​នេះ ជា​ស្នាដៃ​ល្អ​មួយ​របស់​ទេស​រដ្ឋមន្ត្រីក្រសួង​ដែនដី​ហើយ និង​ជា​សំណាង​ដ៏​ធំ​របស់​ប្រជាជន​រស់នៅ​អគារ​នេះ » ។

លោក​ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Hutton CPL បាន​ថ្លែង​ថា ការ​ទិញ​លំនៅ​ឋាន​របស់​ប្រជា​ពលរដ្ឋ​នៅ​អគារ​បូ​ឌី​ញ​ស ពី​ក្រុមហ៊ុន Arakawa Co, Ltd ក្នុង​តម្លៃ​៣.៦០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ និង​គ្មាន​បញ្ហា​អ្វី​ដល់​ប្រជាពលរដ្ឋ គឺជា​ការ​សមរម្យ និង​ជា​ផ្នែក​មួយ​នៃ​ការ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​​នេះ​ល្បី និង​ទទួល​បានការ​គាំទ្រ ។ លោក​គិត​ថា ពេល​គម្រោង​របស់​ជប៉ុន​នេះ​សាងសង់​លក់ ពួក​គេ​នឹង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ ។

លោក​ឧកញ៉ា​បន្ត​ថា ៖« យើង​គួរ​ធ្វើ​អ្វី​ល្អ និង​ទទួលខុសត្រូវ​សម្រាប់​សង្គម​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខ និង​សណ្តាប់ធ្នាប់ ហើយ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន Arakawa ជា​គំរូ​មួយ ដែល​គួរ​យក​ទៅ​រៀបចំ​នៅ​កន្លែង​ដទៃ​ទៀត » ។

អគារ​ប៊ូ​ឌី​ញ​ស បាន​សាងសង់​កាលពី​ឆ្នាំ​១៩៦៣ ក្នុង​សម័យ​សង្គមរាស្ត្រនិយម ដែល​បង្ហាញ​ពី​ការ​រីក​ចម្រើន​នៃ​ស្ថាបត្យកម្ម​សម្រស់ និង​ជា​កន្លែង​មន្ត្រីជាន់ខ្ពស់​ស្នាក់​នៅ​នា​សម័យ​នោះ ហើយ​នៅ​ឆ្នាំ​១៩៧៩ ក៏​ជា​កន្លែង​ស្នាក់​នៅ​របស់​មន្ត្រីរាជការ​ផង​ដែរ ។ អគារ​នេះ​លែង​បានឃើញ និង​បាត់​ពី google map ក្រោយ​ថ្ងៃ​ទី​១៧ កក្កដា ២០១៧ ដែល​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​លែង​បានឃើញ​ទៀត​ហើយ គឺ​ត្រូវ​បាន​ជំនួស​ដោយ​សំណង់​ថ្មី ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ៕