ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ក្រឡាហោម ស ខេ​ង ឲ្យ​មន្ត្រី​សមត្ថកិច្ច ត្រូវ​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ​ឲ្យ​អស់​លទ្ធភាព

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ស្នើ​ឲ្យ​មន្ត្រី​សមត្ថកិច្ច ត្រូវ​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​អស់​លទ្ធភាព ខណៈ​រយៈពេល​២​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ស្នើ​ឲ្យ​មន្ត្រី​សមត្ថកិច្ច ត្រូវ​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​អស់​លទ្ធភាព ខណៈ​រយៈពេល​២​ឆ្នាំ ហ្វេ​ស​ប៊ុ​ក​សម្តេច ដោះស្រាយ​បញ្ហា​បាន ៨០២​គណនី ឫ​៨០២​ករណី ។

តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៣ សម្ដេច ស ខេ​ង បាន​ថ្លែង​ថា រយៈពេល​២​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២០-២០២២ ក្រុមការងារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច ទទួល​សំណូមពរ និង​សំណួរ​របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ចំនួន ១.៧៦៨​គណនី និង​ដោះស្រាយ​បាន ៨០២​គណនី ហើយ​នៅ​សល់ ៦៤៧​គណនី​ទៀត កំពុង​ដោះស្រាយ ។

សម្តេច​បញ្ជាក់​ថា ៖ «​ខ្ញុំ​សូម​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ នូវ​លទ្ធផល​របស់​ក្រុមការងារ​តាមដាន អំពី​ការ​ដោះស្រាយ​ចំពោះ​មតិយោបល់ ឬ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ គិត​ត្រឹម​ឆ្នាំ​២០២២ ។ ចាប់ពី​ឆ្នាំ​២០២០​រហូត​ដល់​ដំណាច់ឆ្នាំ​២០២២​កន្លង​ទៅ​នេះ ក្រុមការងារ​តាមដាន​អំពី​ការ​ដោះស្រាយ ចំពោះ​មតិយោបល់ ឬ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​បាន​ទទួល​សំណូមពរ និង​សំណួរ​របស់​ប្រជាពលរដ្ឋ ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ចំនួន​១.៧៦៨ គណនី​» ។

សម្ដេច បន្ដ​ថា ក្នុង​ចំណោម​នោះ ក្រុមការងារ​បាន​ឆ្លើយ​តប​ទៅ​ម្ចាស់​គណនី និង​ដោះស្រាយ​បាន​ចំនួន ៨០២​គណនី និង​៦៤៧​គណនី​ទៀត កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដោះស្រាយ​។ ទន្ទឹម​គ្នា​នេះ​ក៏​មាន​សំណូមពរ សំណួរ និង​បញ្ហា​ខ្លះ​ទៀត ត្រូវ​បាន​រក​ឃើញ​ថា ខុស​ពី​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ និង​បាន​ជូន​យោបល់ បង្វែរ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ។

សម្ដេច បន្ថែម​ថា វឌ្ឍនភាព​ការងារ​នេះ អាច​សម្រេច​បាន ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​សហការ​គ្នា​ដ៏​ល្អ​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​ក្រុមការងារ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​។

សម្ដេច ស ខេ​ង ក៏​ថ្លែងអំណរគុណ ចំពោះ​ជនរួមជាតិ ដែល​បាន​លើក​ជា​មតិយោបល់ និង​សំណូមពរ​នានា មក​កាន់​សម្ដេច តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​នានា ក្រៅ​ប្រព័ន្ធ​តុលាការ ជួយ​សម្រួល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​រួម​គ្នា​អភិវឌ្ឍន៍ សង្គម​ជាតិ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច ក៏​បាន​ស្នើ​សុំ​ការ​យោគយល់​អធ្យាស្រ័យ ពី​ជនរួមជាតិ ចំពោះ​ករណី​មួយ​ចំនួន​ទៀត ដែល​ក្រុមការងារ និង​ភាគី​ពាក់ព័ន្ធ នៅ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់ អាស្រ័យ​លើ​ករណី​ខ្លះ​ទាមទារ​ពេលវេលា និង​អនុវត្ត​ទៅ​តាម​នីតិវិធី ។

សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ដ្រី បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន នាយកដ្ឋាន​ចំណុះ រួម​ទាំង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ធានា​ថា​រាល់​បញ្ហា​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច ឬ​មូលដ្ឋាន​របស់​ខ្លួន មិន​ត្រូវ​គិត​ថា តូច ឬ​ធំ​នោះ​ទេ ត្រូវ​យកចិត្តទុកដាក់​ប្រមូល ទទួល និង​រួម​គ្នា​ដោះស្រាយ​ឱ្យ​អស់ពី​លទ្ធភាព ។

សម្ដេច បញ្ជាក់​ទៀត​ថា «​រាល់​បញ្ហា​ដែល​ក្ដាប់​បាន ឬ​ទទួល​បាន​ពី​ប្រជាពលរដ្ឋ និង​ទទួល​បាន​ពី​ថ្នាក់លើ​ដែល​នៅ​សេសសល់ គប្បី​ខិតខំ​ព​ន្លឿ​ន​ការ​ដោះស្រាយ ហើយ​ត្រូវ​ប្រាកដ​ថា​ការ​ដោះស្រាយ​នោះ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ ចំ​បញ្ហា និង​ចប់​ចុង​ចប់​ដើម​ប្រកបដោយ​យុត្តិធម៌ ដោយ​មិន​គ្រាន់តែ​ធ្វើ​ជា​លិខិត​ស្នាម​បញ្ជា និង​បញ្ជូន​តាម​បែបបទ​រដ្ឋបាល​នោះ​ឡើយ​»៕

អត្ថបទសរសេរ ដោយ