ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម អំពាវនាវ​ឲ្យ​បង្ការ​គ្រោះ​អគ្គិភ័យ ក្នុង​ចម្ការ​កៅស៊ូ នា​រដូវ​ស្លឹកឈើ​ជ្រុះ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ណែនាំ​ដល់​ម្ចាស់​កៅស៊ូ​ទាំងអស់ ត្រូវ​បង្ការ​គ្រោះ​អគ្គិភ័យ ក្នុង​ចម្ការ​កៅស៊ូ​ឲ្យ​បាន​ត្រឹមត្រូវ នៅ​រដូវ​ជ្រុះ​ស្លឹក…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ណែនាំ​ដល់​ម្ចាស់​កៅស៊ូ​ទាំងអស់ ត្រូវ​បង្ការ​គ្រោះ​អគ្គិភ័យ ក្នុង​ចម្ការ​កៅស៊ូ​ឲ្យ​បាន​ត្រឹមត្រូវ នៅ​រដូវ​ជ្រុះ​ស្លឹក ជៀសវាង​ការ​ឆះ ជាយថាហេតុ​ណាមួយ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ នា​ថ្ងៃ​ទី​៣១ មក​រា បានឱ្យ​ដឹង​ថា ជា​រៀល​រាល់​ឆ្នាំ រដូវ​កៅស៊ូ​ជ្រុះ​ស្លឹក នឹង​ចាប់ផ្តើម​ពី​ខែមករា រហូត​ដល់​ចុងខែ​កុម្ភៈ ។
អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម​បាន​បញ្ជាក់​ថា ៖ «​ក្នុង​ន័យ​នេះ ដើម្បី​បង្ការ​គ្រោះ​អគ្គិភ័យ ដែល​នឹង​អាច​កើត​មាន​ជាយថាហេតុ នៅ​ក្នុង​ចម្ការ​កៅស៊ូ សូម​ម្ចាស់​ចម្ការ​កៅស៊ូ​ទាំងអស់ យកចិត្តទុកដាក់​សម្អាត និង​ធ្វើ​ផ្លូវ​ភ្លើង​ក្នុង​ចម្ការ​កៅស៊ូ​ឱ្យ​បាន​ត្រឹមត្រូវ​»​។

អគ្គនាយកដ្ឋាន​កៅស៊ូ បាន​លើក​ឡើង​ថា ម្ចាស់​ចម្ការ​កៅស៊ូ ក៏​ត្រូវ​កាត់​ស្មៅ ឬ​រុក្ខជាតិ​ចង្រៃ នៅ​ជុំវិញ​ព្រំចម្ការ និង​តាម​ចន្លោះ​រង​កៅស៊ូ​ជាប់​ផ្លូវ​ធ្វើ​ដំណើរ និង​ត្រូវ​ប្រមូល​ទាំង​ស្លឹក​កៅស៊ូ​ដែល​ជ្រុះ ដាក់​គរ​ជា​គំនរ​ៗ ប្រវែង ២៥​ម៉ែត្រ លើ​គ្នា​តាម​ចន្លោះ​រង​កៅស៊ូ​ដាច់​ៗ​ពី​គ្នា និង​ត្រូវ​ដុត​មួយ​គំនរ​ម្តង​ៗ ដោយ​ចាប់ផ្តើម​ពី​គំនរ ដែល​ស្ថិត​នៅ​ក្រោម​ទិស​ខ្យល់ ។

ជាមួយ​គ្នា​នោះ​ដែរ អគ្គនាយកដ្ឋាន​កៅស៊ូ បន្ថែម​ថា ត្រូវ​សម្អាត​ដុត នៅ​ពេល​ព្រឹក​ព្រលឹម និង​បញ្ឈប់​ការ​ដុត​នៅ​វេលា​ម៉ោង​៩​ព្រឹក ដោយ​ត្រូវ​ឃ្លាំមើល​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ចៀសវាង ផ្កាភ្លើង​ហើរ​ទៅ​ឆេះ​កន្លែង​ដទៃ​ទៀត និង​ត្រូវ​ធានា​ថា ភ្លើង​ពិតជា​រលត់​អស់​១០០​ភាគរយ ក្រោយ​ពេល​ឈប់​ដុត​។ ជា​ពិសេស ហាម​ដាច់ខាត ការ​ដុត​សម្អាត​នៅ​ពេល​រសៀល ព្រោះ​អាច​បង្ក​ឱ្យ​មាន​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ ។

ជាង​នេះ​ទៅ​ទៀត អគ្គនាយកដ្ឋាន​កៅស៊ូ បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់​ចម្ការ​កៅស៊ូ​ទាំងអស់ នឹង​ចូលរួម​អនុវត្ត​តាម​សេចក្តីជូនដំណឹង​នេះ ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ