ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០២២ ភ្ញៀវទេសចរបរទេស ដែលបានចូល​មកទស្សនាកម្ពុជា ​កើនទ្បើង​ជាង ១០០០%

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ​ស្ថិតិក្រសួងទេសចរណ៍ បានឲ្យដឹងថា ឆ្នាំ២០២២ កន្លងទៅនេះ ភ្ញៀវទេសចរ​បរទេស ដែលបានចូលមកទស្សនាកម្ពុជា បានកើនទ្បើងរហូតដល់ ១០៥៨,៦% បើប្រៀបធៀប​ឆ្នាំ២០២១​។…

រាជធានីភ្នំពេញ៖ ​ស្ថិតិក្រសួងទេសចរណ៍ បានឲ្យដឹងថា ឆ្នាំ២០២២ កន្លងទៅនេះ ភ្ញៀវទេសចរ​បរទេស ដែលបានចូលមកទស្សនាកម្ពុជា បានកើនទ្បើងរហូតដល់ ១០៥៨,៦% បើប្រៀបធៀប​ឆ្នាំ២០២១​។

តាមរបាយការណ៍ ភ្ញៀវទេសចរបរទេស មកកម្ពុជា សរុប ២.២៧៦.៦២៦នាក់ សម្រាប់ពេញ​មួយឆ្នាំ២០២២។

គួរបញ្ជាក់ថា ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ១ ដែលមានភ្ញៀវទេសចរ មកកម្សាន្ត នៅកម្ពុជាច្រើនជាងគេ រហូតដល់ ៨៥៣.៣៧៦នាក់ ស្មើនឹង ៣៧,៥% នៃចំនួនសរុប និងកើនទ្បើងប្រមាណ ៩៤២,៧%។ ភ្ញៀវវៀតណាម ជាប់ចំណាត់ថ្នាក់លេខ២ មានចំនួន ៤៦៣.៩៩៥នាក់ ស្មើនឹង ២០.៤% នៃចំនួនសរុប កើនទ្បើងប្រមាណ ១៩៩៧,៦% ខណៈដែលភ្ញៀវចិន ជាប់ចំណាត់ថ្នាក់លេខ៣ មានចំនួន ១០៦.៨៧៥នាក់ ស្មើនឹង ៤,៧% នៃចំនួនសរុប កើនទ្បើង ១៣៣,៥%។ ក្រៅពីនោះ ភ្ញៀវមកពីអាមេរិក, ទ្បាវ, ឥណ្ឌូនេស៊ី, កូរ៉េខាងត្បូង , បារាំង , ម៉ាទ្បេស៊ី និងអង់គ្លេស​។

ចំណែកភ្ញៀវទេសចរផ្ទៃក្នុង សំខាន់ទេសចរជាតិ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស​សរុបប្រមាណ ១៣.៩៣៤.១៥០នាក់ កើនទ្បើងប្រមាណ ១៩៨,៨% ប្រៀបធៀបឆ្នាំ២០២១ កន្លងទៅ ខណៈដែលភ្ញៀវទេសចរបរទេស ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស សរុបប្រមាណ ១.៨៧៧.១៨៧នាក់ កើនទ្បើង ៥៧២,២% ធៀបនឹងឆ្នាំ២០២១។

ដោយទ្បែក ក្នុងឆ្នាំ២០២២ ភ្ញៀវទេសចរកម្ពុជា ចេញទៅក្រៅប្រទេសមានចំនួន ៩៧០.២៩២នាក់ កើនទ្បើងប្រមាណ ៣០៧៩,៥% ធៀបនឹងឆ្នាំ២០២១។

គួរ​កត់សម្គាល់ថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្ពុជានោះ គឺភ្ញៀវដែលចូល​តាម​ផ្លូវអាកាស មានចំនួន ៧៩១.៦០៣នាក់ ចូលតាមច្រកផ្លូវគោក ចំនួន ១.៤៦៧.១៥៧នាក់ ចូលតាមផ្លូវទឹកចំនួន ១៧.៨៦៦នាក់។ ទន្ទឹមនោះ ឆ្នាំ២០២២ កន្លងទៅនេះ ករណីជើងហោះហើរ​អន្តរជាតិ ចូលមកកម្ពុជា សរុបមានចំនួន ១០.៩៣៨ជើង ខណៈឆ្នាំ២០២១ មានតែ២.១៣៩ ជើងប៉ុណ្ណោះ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ