ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីហិង្សាមួយកើតឡើងស្ថិតក្នុងខារ៉ាអូខេមួយកន្លែង ដែលគេដឹងថា បង្កឡើងដោយបុរសជាមន្ត្រីយោធាម្នាក់ កើតឡើងកាលពីវេលា១០និង១៥នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ខារ៉ាអូខេ យីហោ «ជីវ៉េល» ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ដោយយោងប្រភពពីសមត្ថកិច្ចស្រុកកំរៀង បានឱ្យដឹងទៀតថា ជនបង្កខាងលើឈ្មោះ ផាន យុទ្ធឋាន ហៅគីប ជាមន្ត្រីយោធាមានឋានន្តរសក្តិវរសេនីយ៍ឯក ជាប្រធានការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកអូររំដួល ស្រុកភ្នំព្រឹក ។ រីឯបុរសរងគ្រោះឈ្មោះ ឈួន ឃីសាក់ អាយុ៤៧ឆ្នាំ ជាមន្ត្រីគយប្រចាំច្រករំដួល ស្រុកភ្នំព្រឹក (រងរបួសប៉ោងភ្នែកម្ខាង )។
ប្រភពឱ្យដឹងទៀតថា នៅមុនពេលកើតហេតុវេលាម៉ោងខាងលើជនបង្កដែលជាមន្ត្រីយោធានោះបានដើរចូលទៅក្នុងបន្ទប់ខារ៉ាអូខេរបស់ជនរងគ្រោះ ខណៈកំពុងច្រៀងនោះចាប់វ៉ៃមួយដៃចំភ្នែកឆ្វេង បណ្តាលឱ្យប៉ោង ពេលនោះក៏បង្កការភ្ញាក់ផ្អើលមានគ្នីគ្នាទាំងសងខាងចូលទៅជួយឃាត់ទាន់ និងទាញជនបង្កចេញក្រៅវិញ ។ ក្រោយមកបក្សពួកជនបង្កបានយកវត្ថុមួយរឹង (ដោយមិនដឹងថាជាអ្វី) មកវ៉ៃទៅលើរថយន្តដែលជនរងគ្រោះជិះមកនោះ បណ្តាលឱ្យបែកស្តុបក្រោយខាងឆ្វេងអស់០១ បន្ទាប់មកជនបង្កក៏ឡើងជិះរថយន្តគេចខ្លួនបាត់តែម្តង ចំណែកជនរងគ្រោះក៏បានមកដាក់ពាក្សបណ្តឹងនៅមូលដ្ឋានស្រុកកំរៀងទាំងយប់។
ទាក់ទិននឹងហេតុការណ៍ខាងលើនេះ ត្រូវបានដឹងពីមូលហេតុថា គឺដោយសារមន្ត្រីគយខាងលើដែលជាជនរងគ្រោះបានចាប់រថយន្តចង្កូតស្តាំដែលនាំចូលពីប្រទេសថៃរបស់មន្ត្រីយោធាកាលពីថ្ងៃមុន ហើយមន្ត្រីគយរូបនោះថែមទាំងយករថយន្តនោះមកប្រើប្រាស់ខ្លួនឯង ទើបធ្វើឱ្យមន្ត្រីយោធាកើតចិត្តខឹងសម្បារយ៉ាងខ្លាំងបង្កជាហិង្សាបែបនេះកើតឡើងតែម្តង។
ចែករំលែកព័តមាននេះ