ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​លើ​ខុន​ដូ​តម្លៃ​មធ្យម​កំពុង​មាន​ទីផ្សារ​ល្អ​នៅ​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​វិនិយោគ​ខុន​ដូ​សម្រាប់​ពលរដ្ឋ​មាន​ជីវភាព​មធ្យម​នៅ​តែ​មាន​សុទិដ្ឋិនិយម​ពី​ទីផ្សារ ខណៈ​ពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​បាន​សម្រេចចិត្ត​ទិញ​ខុន​ដូ​រស់នៅ ។
ម្ចាស់​ភាគហ៊ុន​នៃ​

រាជធានី​ភ្នំពេញ ៖ អ្នក​វិនិយោគ​ខុន​ដូ​សម្រាប់​ពលរដ្ឋ​មាន​ជីវភាព​មធ្យម​នៅ​តែ​មាន​សុទិដ្ឋិនិយម​ពី​ទីផ្សារ ខណៈ​ពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​បាន​សម្រេចចិត្ត​ទិញ​ខុន​ដូ​រស់នៅ ។

ម្ចាស់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​លំនៅ​ឋាន​អិ​ល​(L) កម្ពុជា ភ្នំពេញ លោក ទុ​យ ប៊ុ​ន បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា ថា លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ពី​ទីផ្សារ​ខុន​ដូរ​បស់​ខ្លួន ដោយសារ​ចរន្ត​នៃ​ការ​ប្រើប្រាស់​ខុន​ដូ​កើនឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​លោក​វិនិយោគ​ខុន​ដូ​មាន​តម្លៃ​ត្រឹមតែ​ជាង​២​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​យូ​នី​ត ជា​តម្លៃ​សម​ស្រប​សម្រាប់​ពលរដ្ឋ​មាន​ជីវភាព​មធ្យម ។

លោក​បន្ត​ថា ជាក់ស្តែង នៅ​ខែសីហា​ខាង​មុខ​នេះ លោក​នឹង​សាងសង់​ខុន​ដូ​ថ្មី​មួយទៀត ដែល​មានផ្ទះ​សរុប​ចំនួន​ជាង​៤០០​យូ​នី​ត និង​មាន​កម្ពស់​២២​ជាន់ ។ ផ្ទះ​ក្នុង​គម្រោង​នេះ​មាន​ទំហំ​ចាប់ពី​ជាង​៣២​ម៉ែត្រការ៉េ រហូត​ដល់​ជាង​៦០​ម៉ែត្រការ៉េ និង​លក់​ក្នុង​តម្លៃ​៨០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ។

លោក​បន្ត​ថា ៖ « មាន​អតិថិជន​មួយ​ចំនួន​បាន​រង់ចាំ​ខុន​ដូ​នេះ ហើយ​យើង​រំពឹង​ថា ការ​លក់​នឹង​កើនឡើង​បន្ថែម​ទៀត​។ ផ្ទុយ​ទៅ​វិញ បើ​លក់​មិន​ចេញ ក៏​ក្រុមហ៊ុន​អាច​ជួល​បាន​ផង​ដែរ » ។

អគារ​ខុន​ដូ​កម្ពស់​២២​ជាន់​នេះ នឹង​ទុក​៥​ជាន់​សម្រាប់​ចំណត​យានយន្ត មាន​ក្លិប​ហាត់ប្រាណ ព្រមទាំង Sky Bar ផង​ដែរ ដើម្បី​បម្រើ​ដល់​ការ​កម្សាន្ដ និង​សុខមាលភាព​របស់​អ្នក​រស់នៅ​លើ​អគារ​នេះ ។ លោក​បន្ត​ថា អគារ​នេះ​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​ជាង​២​ពាន់​ម៉ែត្រការ៉េ និង​គ្រោង​បញ្ចប់​ការ​សាងសង់​រយៈពេល​២​ឆ្នាំ​កន្លះ​ខាង​មុខ ។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បាន​រក​ឃើញ​ថា គិត​រហូត​ដល់​ដំណាច់ឆ្នាំ​នេះ ខុន​ដូ​ចំនួន​៧​ពាន់​យូ​នី​ត​ទៀត​នឹង​ដាក់​ចូល​ទីផ្សារ ខណៈ​ខុន​ដូ​៥​ពាន់​យូ​នី​ត​បាន​និង​កំពុង​ប្រើប្រាស់​នៅ​លើ​ទីផ្សារ​រួច​ហើយ ។

អ្នក​នាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន CBRE Cambodia ថ្លែង​ថា ទីផ្សារ​ខុន​ដូ​បច្ចុប្បន្ន នៅ​តែ​ដំណើរការ​លក់​បានជា​ធម្មតា ប៉ុន្តែ​ខុន​ដូ​ដែល​ផ្តោត​លើ​ប្រជាពលរដ្ឋ​មាន​ជីវភាព​មធ្យម មាន​ទីផ្សារ​ល្អ​ជាង​ខុន​ដូ​ដែល​មាន​តម្លៃ​ខ្ពស់ ព្រោះ​តម្រូវការ​ខុន​ដូ​ប្រណីត​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​មាន​កម្រិត ប៉ុន្តែ​ខុន​ដូ​ដែល​មាន​តម្លៃ​ទាប​សម​ស្រប​មាន​ទីផ្សារ​ធំ​សម្រាប់​កម្ពុជា​។

លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន​OCIC បាន​ថ្លែង​ថា ការ​លក់​ខុន​ដូ​ប្រណីត​នៅ​តាម​ទីតាំង​ល្អ​ៗ នៅ​តែ​មាន​ភាពល្អ​ប្រសើរ ដោយសារ​មាន​តម្រូវការ​ច្រើន​ពី​ជនបរទេស ជា​ពិសេស ជនជាតិ​ចិន និង​ចិនតៃវ៉ាន់ ។ ផ្ទុយ​ទៅ​វិញ ខុន​ដូ​ដែល​មា​នទី​តាំងនៅ​ឆ្ងាយ​ៗ​ពិបាក​លក់​បន្តិច ។

លោក​បន្ត​ថា បច្ចុប្បន្ន អ្នកទិញ​ខុន​ដូ​៤០%​ជា​ជនជាតិ​ខ្មែរ និង​៦០%​ជា​ជនបរទេស ប៉ុន្តែ​និន្នាការ​ទិញ​ខុន​ដូ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​បន្ត​កើនឡើង ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឡៅ ទិ​ព្ធ​សីហា បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៧​នេះ ទាំង​សមត្ថកិច្ច​ថ្នាក់​ជាតិ និង​ថ្នាក់​រាជធានី​-​ខេត្ត បាន​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​១.៥២៣​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង​៧,២​លាន​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន​សរុប​ជាង​៤.៩៤៣​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ គឺ​មាន​កំណើន​២៧,៤៤% ។

ក្នុង​រយៈពេល​នេះ​ដែរ សំណង់​អគារ​ខ្ពស់​ចាប់ពី​៥​ជាន់ឡើង​ទៅ​មាន​ចំនួន​៤៣​អគារ ដែល ភាគច្រើន​ជា​អគារ​ស្នាក់​នៅ​រួម អគារ​សហកម្មសិទ្ធិ អគារ​ការិយាល័យ និង​អគារ​មុខងារ​ឧ​ប និស្ស័យ​ខាង​ផ្នែក​ពាណិជ្ជកម្ម ដែល​ម្ចាស់​គម្រោង​ភាគច្រើន​អភិវឌ្ឍន៍​ដោយ​អ្នក​វិនិយោគទុន​ក្នុងស្រុក និង​មួយ​ផ្នែក​ទៀត ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​វិនិយោគិន​ក្នុងស្រុក និង​បរទេស ៕