ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​កាហ្វេ​ចល័ត​មាន​ហានិភ័យ​ខ្ពស់​ជាង​កាហ្វេ​ដែល​មាន​ទីតាំង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជីវកម្ម​លក់​កាហ្វេ​នៅ​កម្ពុជា​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ទាំង​កាហ្វេ​ទិញ​យីហោ​ល្បី​ៗ​ពី បរទេស ការ​បង្កើត​យីហោ​ផ្ទាល់ខ្លួន ហាង​កាហ្វេ​តាម​ផ្ទះ និង​កាហ្វេ​ចល័ត​រុញ​តាម

រាជធានី​ភ្នំពេញ ៖ អាជីវកម្ម​លក់​កាហ្វេ​នៅ​កម្ពុជា​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ទាំង​កាហ្វេ​ទិញ​យីហោ​ល្បី​ៗ​ពី បរទេស ការ​បង្កើត​យីហោ​ផ្ទាល់ខ្លួន ហាង​កាហ្វេ​តាម​ផ្ទះ និង​កាហ្វេ​ចល័ត​រុញ​តាម​រទេះ ឬ​រ៉ឺ​ម៉ក​ម៉ូតូ ជាដើម ។

ក្នុង​ចំណោម​ការ​ផ្ដល់​សេវាកម្ម​ភេសជ្ជៈ​មួយ​នេះ​ឃើញ​ថា ការ​លក់​កាហ្វេ​ចល័ត​ប្រឈម​នឹង​ហានិភ័យ​ច្រើន​ជាង​ហាង​កាហ្វេ​ដែល​មាន​ទីតាំង​ច្បាស់លាស់ បើ​ទោះបីជា​ការ​លក់​ចល័ត​នេះ មិនសូវ​ចំណាយ​ទុន​ច្រើន​ក៏​ដោយ ។

បុរស​អ្នកលក់​កាហ្វេ​ចល័ត​មួយ​រូប​ឈ្មោះ​អឿ​ន វុ​ទ្ធ ដែល​ជា​រឿយ​ៗ​គេ​ឃើញ​លក់​នៅ​ជាប់​របង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានឱ្យ​ដឹង​ថា អាជីវកម្ម​មួយ​នេះ​មិន​ស្ថិតស្ថេរ​ទេ គ្រាន់តែ​វា​មិន​ចំណេញ​​ច្រើន​ដូច​កាហ្វេ​ដែល​មាន​ហាង​ច្បាស់ លាស់ ។ យ៉ាងណា​ក៏​ដោយ បើ​ទោះបីជា​មិន​បោះទុន​ច្រើន​ក្ដី ក៏​របរ​ចល័ត​មួយ​នេះ​មាន​បញ្ហា​ប្រឈម​ច្រើន​ដែរ ព្រោះថា របរ​ចល័ត អ្នកទិញ​ក៏​ចល័ត​ដែរ ។

លោក​ថា ៖« ភាគច្រើន​នៃ​អ្នកទិញ​កាហ្វេ​ខ្ញុំ​ជា​និស្សិត និង​អ្នក​ធ្វើ​ដំណើរ ដែល​ពួក​គាត់​ពុំ​សូវ​មាន​ពេល​ច្រើន និង​មិន​ចង់​រង់ចាំ​យូរ តែបើ​គេ​ចង់​ណាត់ជួប​គ្នា​ដើម្បី​ពិភាក្សា​ការងារ​នោះ គេ​អាច​ទៅ​ផឹក​កាហ្វេ​ដែល​មាន​ទីតាំង​ច្បាស់លាស់ ព្រោះ​មាន​កន្លែង​អង្គុយ និង​អា​ចំណាយពេល​យូរ​នៅ​ទីនោះ » ។

លោក​បន្ដ​ថា ៖« ខ្ញុំ​លក់​តាម​រទេះ​បែប​នេះ​មិន​ទៀងទាត់​ទេ ក្នុង​១​ថ្ងៃ ខ្ញុំ​អាច​រក​ប្រាក់​ចំណេញ​បាន​ត្រឹមតែ​២​ទៅ​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ ពីព្រោះ​អាជីវកម្ម​បែប​នេះ យើង​មិន​អាច​លក់​ឱ្យ​ដូច​កាហ្វេ​ដែល​មាន​ទីតាំង​ច្បាស់លាស់ និង​កាហ្វេ​មាន​ម៉ាក​ល្បី​នោះ​ទេ ។ ម្យ៉ាងទៀត ទីតាំង​ដែល​យើង​មក​លក់​នេះ ក៏​វា​មិន​ជាប់លាប់​ដែរ បើសិនជា​អាជ្ញាធរ​ចុះ​មក​រៀបចំ​សណ្ដាប់ធ្នាប់ គេ​ដេញ​យើង​មិន​ឲ្យ​លក់​ទេ ហើយ​បើ​គេ​ដេញ​ញឹកញាប់ វា​មិន​ត្រឹមតែ​មិន​ចំណេញ​ទេ កាន់តែ​ខាតបង់​ជា​បន្តបន្ទាប់ ព្រោះ​យើង​ត្រូវ​ចល័ត​ទីតាំង »​។

លោក​បន្ត​ថា សព្វ​ថ្ងៃនេះ​លោក​បារម្ភ​ដែរ​ចំពោះ​អាជីវកម្ម​នេះ ព្រោះ​អត់​មាន​ទីតាំង​ច្បាស់ លាស់ ហើយ​បើសិនជា​សាលាក្រុង​កំណត់​តឹង តែង​លើ​ការ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​នោះ អ្នកលក់​ទាំងអស់ នឹង​ត្រូវ​អត់​ចំណូល អត់​ការងារ​ធ្វើ​មិន​ខាន ។

ចំណែក​អ្នកលក់​កាហ្វេ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ លោក​សុខ ឡា ក៏​បាន​អះអាង​ថា អាជីវកម្ម​បែប​នេះ គឺ​ទទួល​បាន​ចំណូល​ត្រឹមតែ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ មិន​អាច​រក​ប្រាក់​ចំណូល​ជា​ដុំ​កំភួន​បាន​ទេ ។ ក្នុង​១​ថ្ងៃ លោក​អាច​លក់​បាន​ប្រមាណ​ពី​៧០​ទៅ​៨០​កែវ​ប៉ុណ្ណោះ ដោយ​ក្នុង​១​កែវ​ថ្លៃ​២.០០០​ទៅ​៣៥០០​រៀល និង​អាច​រក​ប្រាក់​ចំណេញ​បាន​ប្រមាណ​ពី​៦ ទៅ​៧​ម៉ឺន​រៀល ។ លោក​ថា ៖« តាម​ពិត​ទៅ​អតិថិជន​ដែល​ទិញ​កាហ្វេ​ខ្ញុំ​ជា​សិស្សសាលា និង​អ្នកដំណើរ​តាម​ផ្លូវ​ដែល​ពួក​គាត់​ប្រញាប់ ពុំ​សូវ​មាន​ពេល​ច្រើន » ។

ដោយឡែក លោក សៀន សា​រឹទ្ធ ម្ចាស់​ហាង​កាហ្វេ «​និស្សិត​» ដែល​មាន​សាខា​៣​កន្លែង​នៅ​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា បើ​ប្រៀបធៀប​រវាង​អាជីវកម្ម​កាហ្វេ​ចល័ត និង​កាហ្វេ​មាន​ទីតាំង​ច្បាស់លាស់ ឃើញ​ថា កាហ្វេ​ចល័ត​រក​ប្រាក់​ចំណូល​បាន​គួរសម​ដែរ ព្រោះ​មិន​ត្រូវការ​ចំណាយ​លើ​ទីតាំង ចំណាយ​លើ​បុគ្គលិក ថ្លៃ​ទឹក ភ្លើង និង​សេវា​ផ្សេង​ៗ​ច្រើន ប៉ុន្ដែ​កាហ្វេ​ចល័ត​ពុំ​មាន​ស្ថិរភាព​យូរអង្វែង​ទេ ព្រោះ​អតិថិជន​ពុំ​សូវ​មាន​ជំនឿ​ចិត្ត ពិសេស​លើ​សុវត្ថិភាព​នៃ​ផលិតផល​កាហ្វេ ។ យ៉ាងណា​ក៏​ដោយ បើ​ក្រឡេក​មើល​ហាង​កាហ្វេ​ដែល​មាន​ទីតាំង​ច្បាស់លាស់​វិញ ក៏​មាន​បញ្ហា​ប្រឈម​ច្រើន​ដែរ ជា​ពិសេស​ទៅ​លើ​ការ​ជួល​ទីតាំង​ដែល​មាន​តម្លៃ​ថ្លៃ ។ ជាក់ស្ដែង ហាង​កាហ្វេ​របស់​លោក ត្រូវ​ចំណាយ​ប្រមាណ​៨០០​ដុល្លារ​ក្នុង​១​ខែ ឬ​ប្រមាណ​២៦​ដុល្លារ​ក្នុង​១​ថ្ងៃ ។

ទោះបី​ថ្ងៃ​ណា​អត់​លក់ ក៏​ត្រូវ​ចំណាយ​ប៉ុណ្ណឹង​ដែរ ប៉ុន្ដែ​វា​មាន​ចំណុច​ល្អ​មួយ​គឺ​អាច​ស្វែងរក​ប្រាក់​ចំណូល​បាន​យូរអង្វែង ។ លោក​ថា ៖« នៅ​ពេល​យើង​មាន​អាជីវកម្ម​ច្បាស់លាស់ បើសិនជា​ថ្ងៃក្រោយ​ត្រូវការ​ពង្រីក​មុខរបរ​ដូច​ជា ចង់​ខ្ចី​លុយ​ធនាគារ ក៏​មាន​ភាព​ងាយស្រួល​ដែរ ព្រោះ​យើង​មាន​អាជីវកម្ម​មួយ​ដែល​អាច​ធានា​សម្រាប់​យក​ប្រាក់​កម្ចី​មក​បន្ថែម​អាជីវកម្ម​បាន » ។

លោក​បន្ថែម​ថា ដើម្បី​ទប់ទល់​ជាមួយនឹង​ការ​ចំណាយ​ទាំងនេះ លោក​ត្រូវការ​លក់​ក្នុង​១​ថ្ងៃ​ឱ្យ​បាន​ពី​១០០​ទៅ​១៥០​កែវ បើ​ពុំនោះ​ទេ នឹង​ប្រឈម​បញ្ហា​ខាតបង់ ។ ចំណែក​សព្វ​ថ្ងៃនេះ​ហាង​របស់​លោក​អាច​ធ្វើ​បាន ដោយ​ក្នុង​នោះ ជា​មធ្យម​អាច​រក​ចំណូល​បាន​ប្រមាណ​១០០​ដុល្លារ​ក្នុង​១​ថ្ងៃ ឬ​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ និង​ទូទាត់​ការ​ចំណាយ​ប្រមាណ​២​ពាន់​ដុល្លារ អាច​សល់​ត្រឹម​១​ពាន់​ដុល្លារ​ដែរ​ក្នុង​១​ខែ ។

បើ​តាម​រដ្ឋមន្ត្រីក្រសួង​សិប្បកម្ម​និង​ឧស្សាហកម្ម លោក ចម ប្រសិទ្ធ កន្លង​មក​លោក​ចង់ឱ្យ​អាជីវករ​ខ្មែរ​បង្កើត​ហាង​កាហ្វេ និង​ម៉ាក​យីហោ​ផ្ទាល់ខ្លួន​លក់​ជូន​ពលរដ្ឋ​ក្នុងស្រុក ជា​ជាង​ទិញ​ម៉ាក​យីហោ​ពី​បរទេស​ដែល​មាន​តម្លៃ​ថ្លៃ​ខ្ពស់ ។ ជាក់ស្ដែង ម៉ាក​យីហោ​កាហ្វេ​ខ្លះ​មាន​តម្លៃ​ដល់​ខ្ទង់លាន​ដុល្លារ​អា​មេ​រិ​ក ដូចនេះ​ដើម្បី​ឱ្យ​បាន​ប្រាក់​ចំណេញ​ត្រូវការ​ពេល​យូរ និង​លក់​ក្នុង​តម្លៃ​ខ្ពស់​៕