ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្នុង​ទីក្រុង​នឹង​កើន​ដល់​4​លាន​នាក់ តើ​បែបផែន​នៃ​ការ​រស់នៅ​នឹង​ផ្លាស់​ប្តូរ​យ៉ាងណា ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តើ​យុវវ័យ​បាន​ត្រៀមខ្លួន​សម្រាប់​ការ​ផ្លាស់​ប្តូរជីវិត​រស់នៅ​«Lifestyle» របស់​ខ្លួន​ហើយ​ឬ​នៅ ? ខណៈ​ពេល​ដែល​ទីក្រុង​កាន់តែ​រីក​ធំ ចរាចរណ៍​កកស្ទះ និង​កំណើន​ប្រជាសាស្ត្រ​កើនឡើង​ដល់​

រាជធានី​ភ្នំពេញ ៖ តើ​យុវវ័យ​បាន​ត្រៀមខ្លួន​សម្រាប់​ការ​ផ្លាស់​ប្តូរជីវិត​រស់នៅ​«Lifestyle» របស់​ខ្លួន​ហើយ​ឬ​នៅ ? ខណៈ​ពេល​ដែល​ទីក្រុង​កាន់តែ​រីក​ធំ ចរាចរណ៍​កកស្ទះ និង​កំណើន​ប្រជាសាស្ត្រ​កើនឡើង​ដល់​៤​លាន​នាក់​នៅ​រាជធានី​ភ្នំពេញ ។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន Urban Living Solution រក​ឃើញ​ថា បែបបទ​ជីវិត​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​នឹង​ផ្លាស់​ប្តូរ​ផ្នត់គំនិត​បន្ទាប់​ពី​ឆ្នាំ​២០៣០ ។ ចំនួន​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​នឹង​កើនឡើង​ដល់​៤​លាន​នាក់ ឬ​ច្រើន​ជាង​នេះ ។ ជាមួយ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន និង​ប្រឈម​បញ្ហា​ជា​ច្រើន ប្រជាពលរដ្ឋ​រស់នៅ​តាម​ខុន​ដូ នឹង​កើនឡើង​ពី​សំណាក់​ក្រុម​យុវជន ដែល​បច្ចុប្បន្ន​មាន​វ័យក្មេង និង​ដល់​វ័យ​សកម្ម​ក្នុង​ការងារ​នា​ឆ្នាំ​នោះ ពួក​គេ​នឹង​ជ្រើសរើស​រស់នៅ​តាម​ខុន​ដូ ដោយសារ​ការ​កើនឡើង​នូវ​ក្រុម​អ្នកមាន​ជីវភាព​មធ្យម និង​ការ​ប្រើប្រាស់​សេវាកម្ម​សម្រាប់​រស់នៅ​ប្រចាំ​ថ្ងៃ​កាន់តែ​រីក​ចម្រើន ។

លោក ងួ​ន ឆាយ​លាង អគ្គនាយក​ក្រុម ហ៊ុន Ratanaka Realty បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា ថា ជាមួយ​កំណើនសេដ្ឋកិច្ច​នឹង​បន្ត​រីក​ចម្រើន​រយៈពេល​វែង ចរន្ត​រីក​លូតលាស់​នៃ​បច្ចេកវិទ្យា​ដូច​ជា ការ​ផ្ញើ​ប្រាក់​តាម​ទូរស័ព្ទ​ដៃ ការ​ហៅ​ឬ​កុម្ម​ង់​ទំនិញ អាហារ​ជាមួយ​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​តាក់ស៊ី​តាម​រយៈ​ទូរស័ព្ទ​ដៃ នឹង​បន្ត​រីក​ចម្រើន ។ ការ​កកស្ទះ​ចរាចរណ៍​កាន់តែ​ខ្លាំង​បាន​រំខាន​ដល់​ការ​ធ្វើ​ដំណើរ និង​កង្វះ​ចំណត​យានយន្ត លោក​ជឿ​ថា នឹង​មានការ​វិនិយោគ​លើ​ចំណត​យានយន្ត​សម្រាប់​ជួល​កាន់តែ​ច្រើន​នា​ពេល​អនាគត ។

លោក​បន្ត​ថា ៖ « ខ្ញុំ​គិត​ថា យុវជន​សម័យ​ថ្មី​នឹង​ជ្រើសរើស​ការ​រស់នៅ​តាម​ខុន​ដូ ដែល​មា​នទី​តាំងនៅ​ជិត​កន្លែងធ្វើការ​ងារ​របស់​ពួក​គេ​»​។ លោក​បន្ត​ថា ៖ « យុវជន​វ័យក្មេង​នឹង​ក្លាយជា​អ្នក​សកម្ម​ក្នុង​ការងារ​នៅ​ឆ្នាំ​២០៣០​។ ពួក​គេ​ជា​ក្រុម​មនុស្ស​ស៊ី​វិ​ល័យ និង​ជា​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា ។ ពួក​គេ​នឹង​សម្រេចចិត្ត​រស់នៅ​ក្នុង​ទីក្រុង ហើយ​អ្នក​អភិវឌ្ឍន៍​ខុន​ដូ​ដែល​ផ្តោត​លើ​ក្រុម​មនុស្ស​វ័យ​នេះ នឹង​ទទួល​បាន​ផលប្រយោជន៍ » ។

នា​ពេល​អនាគត រាជរដ្ឋាភិបាល​នឹង​រៀបចំ​បែងចែក​តំបន់ឧស្សាហកម្ម និង​លំនៅ​ឋាន​ដាច់​ពី​គ្នា ។ ជាក់ស្តែង បច្ចុប្បន្ន ការ​លក់​គ្រឿងចក្រ​ធុន​ធ្ងន់ គ្រឿង​ម៉ាស៊ីន​ធំ​ៗ និង​រោងចក្រ​មួយ​ចំនួន​បាន​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ទៅ​កាន់​តំបន់​ជាយក្រុង ។

លោក ងួ​ន ឆាយ​លាង បន្ត​ថា តាម​បរិបទ​ទីក្រុង​រីក​ចម្រើន​នានា​ដូច​ជា ហុងកុង ញូ​វ​យ៉​ក បាងកក និង​ប្រទេស​សិង្ហ​បុរី​ជាដើម ពួក​គេ​កំពុង​រស់នៅ​តាម​ខុន​ដូ​នៅ​កណ្តាល​ក្រុង ជា​ជាង​ទៅ​រស់នៅ​ជាយក្រុង ហើយ​ពេល​អនាគត ក្រុម​យុវជន​ស៊ី​វិ​ល័យ​នឹង​សម្រេចចិត្ត​ដូច​គ្នា​នេះ​ដែរ ។

តាម​ការ​សិក្សា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​រក​ឃើញ​ថា នៅ​កម្ពុជា​ក្រុម​យុវជន​អាយុ​ចាប់ពី​៣០​ឆ្នាំ​ចុះ​ក្រោម មាន​៦០%​នៃ​ប្រជាពលរដ្ឋ​សរុប ។

លោក វ៉ា វី​រៈ អគ្គនាយក​ក្រុមហ៊ុន Century21 Fortuna Investment ដែល​ទើបបាន​វិញ្ញាបនបត្រ​ទទួលស្គាល់ ក្នុង​នាម​ជា​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ពី National Association Realtor ថ្លែង​ថា លោក​យល់​ស្រប​នឹង​ការ​សិក្សា​ខាងលើ​នេះ ព្រោះ​នៅ​ឆ្នាំ​២០៣០ ចំនួន​ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​នឹង​កើន​ដល់​៤​លាន​នាក់ ។ ពួក​គេ​នឹង​ប្រឈម​បញ្ហា​ជា​ច្រើន​ដូច​ជា ការ​កកស្ទះ​ចរាចរណ៍ ការ​បំពុលបរិស្ថាន ហើយ​បច្ចេកវិទ្យា​នឹង​ចូលរួម​ដោះស្រាយ​បញ្ហា​ទាំងនោះ ។

លោក​បន្ត​ថា និន្នាការ​ប្រជាពលរដ្ឋ​នឹង​ចូល​មក​រស់នៅ​ជាយក្រុង និង​ក្នុង​ទីក្រុង​កាន់តែ​ច្រើន​។ ហេតុនេះ ប្រជាពលរដ្ឋ​វ័យក្មេង​១០០%​នឹង ជ្រើសរើស​រស់នៅ​តាម​ខុន​ដូ ដូច​ប្រទេស​ថៃ វៀតណាម សិង្ហ​បុរី និង​ហុងកុង​ជាដើម​។ វា​ជា​ជម្រើស​មួយ​ដែល​ផ្តល់​អត្ថប្រយោជន៍ និង​ចំណេញ​ច្រើន ជា​ពិសេស ពេលវេលា ។

លោក​បន្ត​ថា ៖ « ក្រុម​យុវជន​វ័យក្មេង​ដែល​ធ្លាប់​សិក្សា​នៅ​បរទេស ពួក​គេ​នឹង​ជ្រើសរើស​រស់នៅ​តាម​ខុន​ដូ ព្រោះ​វា​មា​នទី​តាំងនៅ​ជិត​ហាង​កាហ្វេ ផ្សារ​ទំនើប កន្លែង​ហាត់ប្រាណ និង​កន្លែងធ្វើការ​របស់​ពួក​គេ » ។ លោក​បន្ត​ថា​៖ « ការ​ធ្វើ​ដំណើរ​នឹង​កាន់តែ​លំបាក ពេលវេលា​ជា​មាសប្រាក់ ខុន​ដូ​នឹង​ជា​ជម្រើស​របស់​ពួក​គេ​ដែល​ជា​កន្លែង​មាន​ផាសុកភាព សន្តិសុខ​២៤​ម៉ោង និង​មាន​សេវាកម្ម​សម្អាត​អនាម័យ​ជាដើម » ។

តាម​ការ​សិក្សា​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អំពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា បាន​រក​ឃើញ​ថា ពលរដ្ឋ​រស់នៅ​រាជធានី ក្រុង និង​ទីប្រជុំជន​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០១៤ មាន​ចំនួន​៤,៥​លាន​នាក់ ស្មើ​២៧,១% និង​បន្ត​កើនឡើង​ដល់​៧,៩២​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ស្មើ​៤៤%​នៃ​ចំនួន​ពលរដ្ឋ​កម្ពុជា​សរុប ។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា កាលណា​ប្រទេស​អភិវឌ្ឍ ទីក្រុង​កាន់តែ​រីក​ធំ មាន​មនុស្ស​រស់នៅ​ច្រើន​ជា​រឿង​ធម្មតា ហើយ​នៅ​ពេល​ទីក្រុង​ធំ តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ចាំបាច់ ។ ហេតុនេះ ប្រ​សិនជា​រាជរដ្ឋាភិបាល​គិត​ទុក​មុន វា​ជា​ការ​ល្អ​ប្រសើរ​ដើម្បី​បន្ធូរបន្ថយ​បញ្ហា ទោះជា​ដោះស្រាយ​មិន​បាន​ទាំងស្រុង​ក្តី ។ លោក​បន្ត​ថា ការ​ដោះស្រាយ​បញ្ហា​ច្បាប់​ដើម្បី​សម្រួល​ចរាចរណ៍ ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវា​សាធារណៈ ជា​អ្វី​ដែល​រាជរដ្ឋាភិបាល​ត្រូវ​វិនិយោគ​ច្រើន​ជាង​មុន ។

លោក​បន្ត​ថា ៖ « ពេល​ទីក្រុង​កាន់តែ​រីក​ចម្រើន គុណភាព​ជីវិត​នឹង​កាន់តែ​លំបាកទៅ​ៗ​។ ហេតុនេះ ការ​មាន​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​អាច​ជួយ​បាន តែ​មិន​ជួយ​ច្រើន​ទេ » ។ លោក​បន្ត​ថា ៖ « ខ្ញុំ​មិន​ជឿ​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​អាច​ជួយ​បាន​១០០%​ទេ ហើយ​វា​ជា​រឿង​អនាគត ពិបាក​ប្រមើល​មើល​ណាស់ » ៕