ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម ស្នើ​ប្រធាន​វង់​តន្ត្រីសម័យ​នានា​ កុំ​ទទួលយក​ការ​លេង​ពេល​ព្រឹក ចៀស​វាង​ជួប​បញ្ហា

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​ស្នើ​ដល់​ប្រធាន​វង់​តន្ត្រីសម័យ​នានា សុំ​បញ្ឈប់​ការ​ទទួល​លេង​ពេល​ព្រឹក​នៅ​ក្នុង​ពិធីការ ដើម្បី​ចៀសវាង​ការ​ជួប​បញ្ហា និង​ហានិភ័យ​នានា ខណៈ​ពេល​កន្លង​មក បញ្ហា​នេះ​គឺ​នៅ​តែ

រាជធានី​ភ្នំពេញ ៖ តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​ស្នើ​ដល់​ប្រធាន​វង់​តន្ត្រីសម័យ​នានា សុំ​បញ្ឈប់​ការ​ទទួល​លេង​ពេល​ព្រឹក​នៅ​ក្នុង​ពិធីការ ដើម្បី​ចៀសវាង​ការ​ជួប​បញ្ហា និង​ហានិភ័យ​នានា ខណៈ​ពេល​កន្លង​មក បញ្ហា​នេះ​គឺ​នៅ​តែ​កើត​មាន​ឡើងជា​រឿយ​ៗ​។

ការ​ស្នើ​សុំ​ពី​អ្នក​នាង ខាត់ សុ​ឃី​ម នា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​កាលពី​ពេល​ថ្មី​ៗ​នេះ​មាន​ក្រុម​វង់​តន្ត្រី​មួយ បាន​ជួប​ឧ​ប្បទ្ទ​ហេតុ​ក្រឡាប់​រថយន្ត​ដឹក​សម្ភារៈ​តន្ត្រី​នៅ​តាម​ដងផ្លូវ ក្នុង​ការ​ដំណើរ​ទៅ​លេង​នៅ​ក្នុង​ពិធីការ​មួយ ដែល​មានការ​ជួល​ឲ្យ​លេង​កំដរ​ភ្ញៀវ​ហូប​បបរ​ពេល​ព្រឹក ក្នុង​ពេល​ហេតុ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ដែល​នៅ​ក្នុង​ឡាន​បាន​រង​របួសធ្ងន់​-​ស្រាល​ផង​ដែរ​។

ឆ្លងកាត់​ហេតុការណ៍​ខាងលើ​នេះ ក៏​មាន​ប្រធាន​វង់​តន្ត្រី​មួយ​ដែល​មាន​មូលដ្ឋាន​ក្នុង​ខេត្តកំពង់ចាម បាន​ចេញ​មុខ​ស្នើ​សុំ​ដល់​អ​ជ្ញា​ធរ​ខេត្ត ឲ្យ​មាន​វិធានការ​ចំពោះ​បញ្ហា​នេះ ដើម្បី​បង្ការ និង​ទប់ស្កាត់​កុំ​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើងជា​បន្ត​ទៀត​។

បើ​តាម​លោក និល ច័ន្ទ​រតនា ដែល​ជា​ម្ចាស់​វង់​តន្ត្រី​ក្នុង​ខេត្តកំពង់ចាម បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​ថា យើងខ្ញុំ​ជា​សិល្បករ សិល្ប​ការិនី ជា​តន្ត្រីករ តន្ត្រី​ការិនី​ផ្នែក​តន្ត្រីសម័យ ដែល​រស់នៅ​ក្នុង​ខេត្ត​កំពង់ចាម នឹង​មក​ពី​បណ្តា​ខេត្ត​នានា ដែល​បាន​ទៅ​បំរើ​ការ​សិល្បៈ​មហាជន​ទូទៅ​នៅ​ក្នុង​ខេត្តកំពង់ចាម កំពុង​តែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​នៃ​អាយុជីវិត​របស់​យើងខ្ញុំ​។

លោក​បញ្ជាក់​ថា គ្រប់​រោងការ​ទាំងអស់​នៅ​ក្នុង​ខេត្តកំពង់ចាម តែងតែ​តម្រូវ​អោយ​មានកម្ម​វិធី​ហែរ​ជំនូន​ពេល​ព្រឹក ដោយ​ចាប់ផ្តើម​អោយ​អ្នកភ្លេង អ្នកចម្រៀង​សម័យ ត្រូវ​ចាប់​ប្រគំ​តន្ត្រី​នៅ​វេលា​ម៉ោង​៧:០០​ព្រឹក ដើម្បី​ទទួល​ក្នុង​កម្មវិធី​ហែ​កំណត់​កូនកំលោះ​ចូល​រោងការ ដែល​ជា​ប្រពៃណី​មួយ​ខុស​ពី​ទំនៀមទំលាប់​ខ្មែរ​បុរាណ ដែល​គេ​តម្រូវ​អោយ​តែ​ផ្នែក​តន្ត្រីបុរាណ​ជា​អ្នក​ប្រគំ​ដង្ហែ​កូនកំលោះ​ប៉ុណ្ណោះ​។

លោក​បន្ថែម​ថា មូលហេតុ​ដូច​បាន​ជំរាប​ខាងលើ​នេះ​ហើយ ដែល​ធ្វើ​អោយ​យើងខ្ញុំ​ត្រូវ​ចេញដំណើរ មិន​ថា​ថ្ងៃ ឬ​យប់ ម៉ោង​ប៉​ន្មា​ន​ក៏​ដោយ គឺ​ត្រូវ​ទៅ​រៀបចំ​ឆាក​អោយទាន់​វេលា​ហែ​កំណត់​ជា​កំហិត ដូច្នេះ​វា​បាន​ធ្វើ​អោយ​រង​ការ​ប៉ះពាល់​ជា​ច្រើន​ដល់​ការ​ធ្វើ​ដំណើរ​ដូច​ជា ៖ អត់ងងុយ សម្រាក​មិន​គ្រប់គ្រាន់ ព្រោះ​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​មិន​ថា​ជិត​ឆ្ងាយ គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​មក​ពី​តៃកុង​ប្រញាប់ តៃកុង​អត់ងងុយ ខ្យល់គរ​ស្លា​.​ប់ ហើយ​អ្នកខ្លះ​ឈាន​ដល់​ការ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​ដែល​វា​អាច​ជួយ​មិន​អោយ​ដេក​លក់​បាន និង​មាន​មូលហេតុ​ផ្សេង​ៗ​ទៀត​ដែល​យើងខ្ញុំ​រៀបរាប់​មិន​អស់​។

លោក​បន្ថែម​ទៀត​ថា យើងខ្ញុំ​សុំ​សំណូមពរ​ពី​លោក​គណៈ​អភិបាលខេត្ត​កំពង់ចាម មេត្តា​លោក​ជួយ​បញ្ចប់​នៅ​កំហុសឆ្គង​ទាំង​អស់នេះ​ផង គឺ​សុំ​អោយ​លោក​គណៈ​អភិបាល​ចេញ​លិខិត​បង្គាប់​ជូន​លោក​ចៅហ្វាយស្រុក លោក​មេឃុំ លោកនាយ​ប៉ុស្តិ៍ អោយ​ចុះ​ជូនដំណឹង​មិន​អោយ​មានការ​ប្រគំ​តន្ត្រីសម័យ​ទទួល​ហែ​កំណត់ពេល​ព្រឹក​ជា​ដាច់ខាត ហើយ​ជា​ពិសេស​សុំ​ជូនដំណឹង​ដល់​លោក​ថៅកែ​ភ្លេងសម័យ​អោយ​បានដឹង​គ្រប់​ៗ​ផង​។

ស្រ​ដៀង​គ្នា​នេះ តារា​ស្រី​អ្នក​នាង ខាត់ សុ​ឃី​ម ក្នុង​នាម​ជា​អ្នក​ប្រកបរ​បរដូច​គ្នា​នេះ​ម្នាក់​ផង​ដែរ​នោះ ក៏​បាន​ស្នើ​សុំ​ម្ចាស់​វង់​តន្ត្រីសម័យ​នានា គួរ​បញ្ឈប់​ការ​ទទួល​លេង​ពេល​ព្រឹក​នេះ ដើម្បី​ចៀសវាង​ការ​ជួប​ហានិភ័យ​ដូច​ខាងលើ​។

អ្នក​នាង​បាន​បង្ហោះ​សារ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ជីវិត​រស់ ១​ថ្ងៃ​ណា​ក៏​ដើម្បី​គេ​ដែល​មិន​ដែល​​គិត​ពី​សុខទុក្ខ​ខ្លួនឯង​ទេ​។ ខ្ញុំ​ជឿ​ថា បើ​យើង​សិល្បៈ​ធ្វើ​រឿង​១​នេះ​បាន គឺ​ដើម្បី​ខ្លួន​យើង​ខ្លះ​ហើយ (​ខ្ញុំ​ជា​មេ អា​ហ្វែ​ម្នាក់​ដែរ ខ្ញុំ​មិន​ដែល​ទទួល​បបរ​ព្រឹក​ទេ គេ​មិន​ជួល​ហី​ទៅ វា​គ្មាន​ទៅ​ពីរោះ អា​១​បទ​២​បទ​នឹង​ទេ ខូច​ទាំង​ប្រពៃណី​ទៀត សូម​បង​ៗ​ដែល​ជា​មេ​អា​ហ្វែ គិត​អាណិត​ខ្លួនឯង និង​សិល្បៈ​ផង​។

ជា​ការ​កត់សម្គាល់ ការ​ស្នើ​សុំ​ពី​អ្នក​នាង ខាត់ សុ​ឃី​ម នា​ពេល​នេះ មិនមែន​ជា​លើក​ទី​១​នោះ​ទេ ពោល​គឺ​កន្លង​មក នាង​ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​កម្មវិធី​ការ គួរ​ពិចារណា​កុំ​មានការ​ជួល​ភ្លេងសម័យ​សម្រាប់​លេង​នៅ​ពេល​ព្រឹក​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ