រាជធានីភ្នំពេញ ៖ ពិតជាមួយលានសំណាងមែន ពិធីករដ៏ល្បីឈ្មោះលោក សុខ រ៉ាស៊ី ភ័យស្ទើរគាំងបេះដូង ក្រោយច្រឡំបាញ់ប្រាក់ឲ្យអ្នករត់ផាសអេប Pass apps រហូតដល់ទៅ ១១,១០០ដុល្លារ ខណៈថ្លៃជិះអស់ត្រឹមតែ១១,១០០រៀលតែប៉ុណ្ណោះ អ្វីដែលមិននឹកស្មានដល់នោះ ម្ចាស់ផាសអេប ក៏មានចិត្តបុណ្យ មានបេះដូងបរិសុទ្ធ មិនចង់បានរបស់អ្នកដទៃ ដែលមិនមែនជាកម្លាំងញើសឈាមរបស់ខ្លួន ក៏បានយកលុយទាំងអស់នោះ មកផ្ទេរជូនលោក សុខ រ៉ាស៊ី វិញភ្លាមៗផងដែរ ។
បើយោងការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ MC Rasy Sok នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ លោកបានសរសេររៀបរាប់ថា ៖ ភ័យចង់គាំងបេះដូង បងប្អូន ច្រឡំបាញ់លុយ អោយបងកង់បី ១១,១០០ដុល្លារ តែប៉ះចំបងផាសអេបចិត្តល្អ ។
ពិធីក៏ដ៏មានប្រជាប្រិយរូបនេះ បានបន្តថា៖ ចែករំលែកបទពិសោធន៍មួយ បងប្អូនដែលចូលចិត្តស្កេន QR CODE មានលុយរៀល និងដុល្លារ សូមមើលអោយច្បាស់ កុំអោយដូចខ្ញុំ ជិះផាសអេប អស់ត្រឹម១១,១០០រៀល បាញ់លុយអោយបងផាសអេប ១១,១០០ដុល្លារ ព្រោះ QR CODE មានសងខាង ដុល្លារ និងរៀល ។
រឿងដែលសំណាងនោះ ពិធីកររូបនេះ បានបញ្ជាក់ថា ចេះសំណាង បងរត់កង់បីមកវិញ បាញ់ត្រឡប់អត់កើតទៀត តែគាត់ខំចំណាយពេល ទៅបំពេញឯកសារ នៅធនាគារ ដកលុយអោយវិញ ។
ជាមួយគ្នានេះ លោក សុខ រ៉ាស៊ី ក៏បានធ្វើការអរគុណ ទៅដល់បងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបានចែករំលែករឿងរ៉ាងខាងលើយ៉ាងផុសផុល ហើយលោកក៏បាននិយាយថា នេះជាទង្វើរបង្ហាញភាពស្មោះត្រង់របស់ជនជាតិខ្មែរ ដែលសំណេរនេះ ចង់បញ្ជាក់ពីបងប្រុសផាសអេប ។
យ៉ាងណាមិញ ក្រោយឃើញរឿងរ៉ាវខាងលើ ដែលបង្ហាញយ៉ាងច្បាស់ៗពីទឹកចិត្តដ៏បរិសុទ្ធរបស់បងប្រុសអ្នករត់ផាសអេប ចំពោះលោកសុខ រ៉ាស៊ី ភ្លាមៗនោះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ក៏បាននាំគ្នាចូលទៅបញ្ចេញមតិសរសើរទឹកចិត្តបងប្រុសរត់កង់បីព្រោងព្រាត ដោយខ្លះបាននិយាយថា នេះពិតជាមួយលានសំណាងពិតមែន ប៉ះមនុស្សចិត្តបុណ្យ មិនចង់បានរបស់អ្នកដទៃ ហើយពិសេសនោះ ចំណាយពេលវេលាដ៏មានតម្លៃ ទៅធ្វើឯកសារដកលុយឲ្យគេវិញទៀត សូមសរសើរទឹកចិត្តបងប្រុសរត់កង់បី ចំពោះលោកសុខ រ៉ាស៊ី ហើយនេះ ក៏បង្ហាញពីភាពថ្លៃថ្នូរ ក្នុងនាមជាកូនខ្មែរផងដែរ ។
ទន្ទឹមនឹងនេះ បងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត ក៏បានចោទសួរទៅកាន់លោក សុខ រ៉ាស៊ី យ៉ាងដូច្នេះថា ៖ ហេតុអ្វីលុយជាងមួយម៉ឺនសោះ មិនព្រមឲ្យក្រៅ ចាំបាច់បាញ់តាមធនាគារ ? ។
មតិខ្លះទៀតថា ប្រាកដណាស់លុយជាងមួយម៉ឺនរៀល មិនច្រើនទេ អាចឲ្យលុយក្រៅបាន តែសម័យបច្ចេកវិទ្យានេះ បងប្អូនភាគច្រើន គឺជ្រើសរើសកុងធនាគា ងាយស្រួលក្នុងការប្រើប្រាស់ មិនភ័យខ្លាចបាត់ ឬត្រូវចោរលួចប្លន់ជាដើម ៕
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ