ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពានរង្វាន់​ពី​ជប៉ុន​ជំរុញ​ទឹកចិត្ត​ព្រឹទ្ធាចារ្យ គង់ ណៃ លើក​ស្ទួយ​សិល្បៈ​​បន្ថែម​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធាចារ្យ​គង់ ណៃ បាន​ស្នើ​យុវវ័យ​កម្ពុជា​សម័យ​ទំនើប​នេះ​ងាក​មក​ចាប់អារម្មណ៍​សិល្បៈ​ចាប៉ី​ដង​វែង​ខ្លះ ក្នុង​ពេល​ទម្រង់​សិល្បៈ​បុរាណ​វ័យ​ចំណាស់​របស់​ខ្មែរ​មួយ​នេះ​ចាប់ផ្តើម​ទទួលស្គាល់​ជា​អន្តរជាតិ ។

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធាចារ្យ​គង់ ណៃ បាន​ស្នើ​យុវវ័យ​កម្ពុជា​សម័យ​ទំនើប​នេះ​ងាក​មក​ចាប់អារម្មណ៍​សិល្បៈ​ចាប៉ី​ដង​វែង​ខ្លះ ក្នុង​ពេល​ទម្រង់​សិល្បៈ​បុរាណ​វ័យ​ចំណាស់​របស់​ខ្មែរ​មួយ​នេះ​ចាប់ផ្តើម​ទទួលស្គាល់​ជា​អន្តរជាតិ ។

ការ​ស្នើ​សុំ​របស់​ព្រឹទ្ធាចារ្យ​គង់ ណៃ នេះ​ខណៈ​គាត់​កំពុង​តែ​ត្រៀមខ្លួន​ចេញដំណើរ​ពី​ប្រទេស​កម្ពុជា ទៅ​ទទួល​ពានរង្វាន់​«​សិល្បៈ និង​វប្បធម៌​ហ្វឹ​គឹ​អុ​កា​»​ឆ្នាំ​២០១៧​នៅ​ប្រទេស​ជប៉ុន​នា​ចុងខែ​កញ្ញា។

លោក​ព្រឹទ្ធាចារ្យ​គង់ ណៃ បញ្ជាក់​ថា​ចាប់តាំងពី​ទម្រង់​សិល្បៈ​ចាប៉ី​ដង​វែង​ខ្មែរ​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​រួច​មក នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រទេស​កម្ពុជា​ក្នុង​ចំណោម​ប្រទេស​ចំនួន​២​ផ្សេង​ទៀត​មាន ចិន និង​ថៃ​ដែល​បាន​ទទួល​ពានរង្វាន់​ពី​ទីក្រុង​ហ្វឹ​គឹ​អុ​កា​នា​ឆ្នាំ​២០១៧​នេះ ។ ឈរ​លើ​កិត្តិយស និង​កិត្យានុភាព​នេះ ក្នុង​នាម​ជា​អ្នក​ចាប់​អាជីព​ចាប៉ី​ដង​វែង​ជើង​ចាស់ លោក​ព្រឹទ្ធាចារ្យ​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​គាំទ្រ និង​លើក​ស្ទួយ​សិល្បៈ​ដូនតា​ដ៏​មាន​តម្លៃ​មួយ​នេះ​បន្ថែម​ទៀត ។

លោក​ព្រឹទ្ធាចារ្យ​មាន​ប្រសាសន៍​ថា​«​ប្រសិនបើ​មានការ​គាំទ្រ​នោះ​ទម្រង់​សិល្បៈ​ចាប៉ី​ដង​វែង​នេះ​នឹង​មិន​សាបសូន្យ​ឡើយ ហើយ​ខ្ញុំ​ជឿ​ថា​ទៅ​ថ្ងៃ​អនាគត​សិល្បៈ​មួយ​នេះ​នឹង​មានឈ្មោះ​បោះ​សំឡេង នៅ​ពេល​ដែល​យើង​ទាំងអស់​គ្នា​មានគំនិត​នឹង​ជួយ​ថែរក្សា និង​លើកកម្ពស់ ។ ការណ៍​ដែល​យើង​បាន​ឈាន​ដល់​កម្រិត​មួយ​នេះ គឺ​បាន​មក​ពី​ការ​ខិតខំ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល ព្រោះ​យើង​បាន​ខិតខំ​ថែរក្សា និង​អភិរក្ស​រាល់​ទម្រង់​សិល្បៈ​ដែល​ដូនតា​ខ្មែរ​យើង​បន្សល់​ទុក​» ។

បើ​តាម​លោកតា​ព្រឹទ្ធាចារ្យ​គង់ ណៃ ពេល​ទទួល​ដំណឹង​ពី​ការ​ទទួល​បាន​ពានរង្វាន់​ពី​ប្រទេស​ជប៉ុន​នា​ពេល​នេះ គាត់​សប្បាយ​រីករាយ និង​ចាត់ទុកជា​កិត្តិយស​ក្រៃ​លែង ព្រោះ​ជា​មោ​ទ​ភាព​សម្រាប់​ប្រទេស​កម្ពុជា​យើង​ទាំងមូល​ផង​ដែរ ។ គាត់​មាន​ប្រសាសន៍​ថា​«​ការ​ផ្តល់​កិត្តិយស​ជា​អន្តរជាតិ​នេះ​រឹតតែ​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​មាន​ឆន្ទៈ​មោះមុត​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ​ដល់​កូនសិស្ស​របស់ខ្ញុំ​ដែល​កំពុង​តែ​សិក្សា​លើ​ផ្នែក​ចាប៉ី​ដង​វែង​នេះ​ឱ្យ​ខិតខំ និង​ចាប់អារម្មណ៍​លើ​ទម្រង់​សិល្បៈ​មួយ​នេះ​ដើម្បី​ឈាន​សម្រេច​គោលដៅ​របស់​ខ្លួន​» ។

លោកតា​ព្រឹទ្ធាចារ្យ​បញ្ជាក់​ថា រៀន​សិល្បៈ​ចាប៉ី​ដង​វែង​មិនមែន​ជា​ហេតុ​នាំ​ឱ្យ​ងងឹតភ្នែក​ដូច​មនុស្ស​មួយ​ចំនួន​យល់​នោះ​ទេ ។

លោក​ព្រឹទ្ធាចារ្យ​គង់ ណៃ មាន​ប្រសាសន៍​ថា បន្ទាប់​ពី​វិល​ត្រឡប់​ពី​ទទួល​ពានរង្វាន់​នៅ​ប្រទេស​ជប៉ុន​វិញ​គាត់​នឹង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ពី​ទម្រង់​សិល្បៈ​ចាប៉ី​ដង​វែង​ទៅ​កាន់​កូនចៅ​ជំនាន់​ក្រោយ​ឱ្យ​យល់​ដឹង​បន្ថែម និង​នាំ​គ្នា​ចូលរួម​លើក​ស្ទួយ និង​អភិរក្ស​ឱ្យ​បាន​គង់វង្ស ។

យោង​តាម​លិខិត​ជូនដំណឹង​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​ថា ពានរង្វាន់​ហ្វឹ​គឹ​អុ​កា​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩០ ដែល​ធ្វើការ​សកម្ម​ក្នុង​ការ​លើក​ស្ទួយ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ។ ពានរង្វាន់​នេះ​សម្រាប់​ប្រគល់​ទៅ​កាន់​បុគ្គល​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​តំបន់​អាស៊ី​ពាក់ព័ន្ធ​ផ្នែក​អប់រំ​សិល្បៈ និង​វប្បធម៌ ។

ចាប៉ី​ដង​វែង​ខ្មែរ​ត្រូវ​អង្គការ​យូ​ណេ​ស្កូ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ​តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៦​ក្នុង​ទីក្រុង Addis Ababa ប្រទេស​អេ​ត្យូ​ពី ៕