ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ពង​ទា​ចុះថោក អ្នក​ចិញ្ចឹម​ខាតបង់​ពី​10​ទៅ​20​លាន​រៀល

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ អ្នក​ចិញ្ចឹម​ទា​បាន​អះអាង​ថា ការ​នាំ​ចូល​ពង​ទា​ពី​ប្រទេស​ជិតខាង ធ្វើ​ឲ្យ​តម្លៃ​ពង​ទា​ក្នុងស្រុក​ចុះថោក​ដល់​កម្រិត បណ្ដាល​ឲ្យ​ពួក​គាត់​ម្នាក់​ៗ​ខាតបង់​រាប់​សិប​លាន​រៀល ខណៈ​ដែល​ពួក​ខ្លួន​បាន​ខ្ចី

ខេត្តព្រៃវែង ៖ អ្នក​ចិញ្ចឹម​ទា​បាន​អះអាង​ថា ការ​នាំ​ចូល​ពង​ទា​ពី​ប្រទេស​ជិតខាង ធ្វើ​ឲ្យ​តម្លៃ​ពង​ទា​ក្នុងស្រុក​ចុះថោក​ដល់​កម្រិត បណ្ដាល​ឲ្យ​ពួក​គាត់​ម្នាក់​ៗ​ខាតបង់​រាប់​សិប​លាន​រៀល ខណៈ​ដែល​ពួក​ខ្លួន​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដើម្បី​ទិញ​ចំណី ។ រហូត​មក​ដល់​ពេល​នេះ ដោយសារ​តែ​ជំពាក់​គេ​ច្រើន​ពេក អ្នកខ្លះ​បោះបង់​ចោល​មុខរបរ​នេះ ហើយ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​គេ​ដើម្បី​សងបំណុល ។ ទោះបី​យ៉ាងណា មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បដិសេធ​ថា បញ្ហា​ពង​ទា​ធ្លាក់​ថ្លៃ​នេះ មិនមែន​ដោយសារ​តែ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ឡើយ ។

អ្នកស្រី ពុំ លាង ដែល​ចិញ្ចឹម​ទា​ចំនួន​២​ពាន់​ក្បាល នៅ​ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ជៀ​ច បាន​និយាយ​ថា សព្វ​ថ្ងៃនេះ តម្លៃ​ពង​ទា​កំពុង​ចុះថោក​ខ្លាំង​ណាស់ ។ រីឯ​ចំណី​វិញ បែរជា​មាន​តម្លៃ​ខ្ពស់ ធ្វើ​ឲ្យ​ការ​ចិញ្ចឹម​ទា​របស់​ពួក​គាត់​មានការ​ខាតបង់​ថវិកា​យ៉ាងច្រើន ដោយ​ក្នុង​ម្នាក់​ៗ​ខាត​ពី​១០​ទៅ​២០​លាន​រៀល​ឯណោះ ។ អ្នកស្រី​បន្ដ​ថា ៖ «​ដោយសារ​តែ​ចិញ្ចឹម​ទា​ខាត​ច្រើន ពេល​នេះ​មាន​អ្នកខ្លះ​បាន​ឈប់​ចិញ្ចឹម ហើយ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់ហើយ ដើម្បី​រក​លុយ​សង​គេ ព្រោះ​លុយ​ដែល​ទិញ​ចំណី​ឲ្យ​ទា​ស៊ី​សុទ្ធតែ​ខ្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ » ។

អ្នកស្រី​បញ្ជាក់​ថា ៖ « ការ​ធ្លាក់​ថ្លៃ​ពង​ទា​នេះ ដោយសារ​ឈ្មួញ​នាំ​ចូល​ពី​វៀតណាម​មាន​តម្លៃ​ថោក ធ្វើ​ឲ្យ​ពង​ទា​ក្នុងស្រុក​ក៏​ធ្លាក់​ថ្លៃ​ដែរ ។ ដូច្នេះ ពួក​គាត់​ត្រូវ​តែ​បង្ខំចិត្ត​លក់​តាម​តម្លៃ​ដែល​ឈ្មួញ​នាំ​ចូល » ។

អ្នកស្រី ពុំ លាង បាន​បន្ដ​ថា ការ​ចិញ្ចឹម​ទា​ជាង​២​ពាន់​ក្បាល​នេះ ក្នុង​មួយ​ថ្ងៃ​ត្រូវ​ចំណាយ​ទៅ​លើ​ចំណី និង​ថ្លៃ​កម្មករ​ដេញ​អស់​ជាង​១០​ម៉ឺន​រៀល ។ បើ​ឲ្យ​វា​ស៊ី​ចំណី​សុទ្ធតែ​ម្តង គឺ​ខាត​ខ្លាំង​ណាស់ ដោយសារ​តម្លៃ​ពង​ទា​សព្វ​ថ្ងៃនេះ ក្នុង​មួយ​គ្រាប់​តែ​២៥០​រៀល​ប៉ុណ្ណោះ ។

លោក សេង ហាក់ ឈ្មួញកណ្តាល​ម្នាក់​ដែល​មក​ទិញ​ពង​ទា បាន​ឲ្យ​ដឹង​ថា លោក​មក​ទិញ​ពង​ទា​ដល់​កន្លែង​ក្នុង​១​គ្រាប់​តម្លៃ​២៥០​រៀល និង​យក​ទៅ​បោះ​ដុះ​នៅ​ក្រុង​សួង តំបែរ ខេត្ត​ត្បូងឃ្មុំ តម្លៃ​១​គ្រាប់​៣០០​រៀល ។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អ្នក​ចិញ្ចឹម​ទា​ដែល​ថា ពង​ទា​ថោក​មក​ពី​មានការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ច្រើន​នោះ លោក ចិន វិសាល ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​បាន​ឆ្លើយ​បដិសេធ​ភ្លាម​ៗ ។ លោក​ថា ៖ « សព្វថ្ងៃ មិនមែន​នាំ​ចូល​ពង​ទា​ពី​ប្រទេស​វៀតណាម​ទេ មាន​តែ​វៀតណាម​មក​ទិញ​ពង​ទា​ពី​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រៃវែង ទៅ​លក់​នៅ​វៀតណាម​វិញ » ៕