ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង​ទា​ធ្លាក់​ថ្លៃ​ខ្លាំង អ្នក​ចិញ្ចឹម​ចាប់ផ្ដើម​លក់​មេ​កាត់​បន្ថយ​ការ​ចំណាយ

6 ឆ្នាំ មុន

ខេត្តកំពត ៖ ទីផ្សារ​កសិកម្ម​ក្នុងស្រុក​បច្ចុប្បន្ន កំពុង​ជួប​បញ្ហា​កាន់តែ​ច្រើន​ឡើង​ៗ មិន​ថា​បន្លែបង្ការ ផ្លែ​ឈើ ឬ​សត្វ​ចិញ្ចឹម​នោះ​ទេ សូ​ម្បី​តែ​អ្នក​ចិញ្ចឹម​ទា ក៏​ជួប​បញ្ហា​ដែរ ដោយសារ​តម្លៃ​ពង​ទា​ចុះថោក និង​ពង​ទា​នាំ​

ខេត្តកំពត ៖ ទីផ្សារ​កសិកម្ម​ក្នុងស្រុក​បច្ចុប្បន្ន កំពុង​ជួប​បញ្ហា​កាន់តែ​ច្រើន​ឡើង​ៗ មិន​ថា​បន្លែបង្ការ ផ្លែ​ឈើ ឬ​សត្វ​ចិញ្ចឹម​នោះ​ទេ សូ​ម្បី​តែ​អ្នក​ចិញ្ចឹម​ទា ក៏​ជួប​បញ្ហា​ដែរ ដោយសារ​តម្លៃ​ពង​ទា​ចុះថោក និង​ពង​ទា​នាំ​ចូល​ពី​ក្រៅប្រទេស​ច្រើន ។ ដោយសារ​តែ​ពង​ទា​ធ្លាក់​ថ្លៃ​ខ្លាំង​ពេក កសិករ​មួយ​ចំនួន​ដែល​មិន​អាច​ទប់ទល់​នឹង​ការ​ខាតបង់​ប្រចាំ​ថ្ងៃ​បាន ក៏​សម្រេច​លក់​មេ​ទា​ចេញ​ខ្លះ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ ។

អ្នកស្រី ច្រឹប រស់នៅ​ភូមិ​ក្រសាំង ឃុំ​ចំប៉ី ស្រុក​អង្គរ​ជ័យ ឲ្យ​ដឹង​ថា ពេល​នេះ ពង​ទា​បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​នៅ​ក្នុងភូមិ​នេះ​លក់​មេ​ទា​ចេញ​ខ្លះ បើ​ទុក​វា​ច្រើន​ពេក មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​បាន​ទេ ។

អ្នកស្រី​និយាយ​ថា ៖ « ពី​មុន តម្លៃ​ពង​ទា​ហាក់​ខ្ពស់​បន្តិច ដូចនេះ​ខ្ញុំ និង​អ្នក​ភូមិ​ឯទៀត អាច​ទប់ទល់​បាន​និង​ចំណេញ​ខ្លះ​ៗ តែ​ក្រោយមក​ស្រាប់តែ​ឈ្មួញ​ប្រាប់​ថា ពេល​នេះ​ពង​ទា​បាន​ធ្លាក់​ថ្លៃ​ហើយ។ គេ​មិន​អាច​ទិញ​ក្នុង​តម្លៃ​ដូច​មុន​បាន​ទេ អីចឹង​ហើយ​ត្រូវ​បញ្ចុះតម្លៃ​ឲ្យ​នៅ​ទាប​បន្តិច ទើប​ឈ្មួញ​អាច​ទទួលយក​ទៅ​លក់​បន្ត​បាន » ។

អ្នកស្រី​បន្ត​ថា កាលពីមុន អ្នកស្រី​ចិញ្ចឹម​ទា​ជាង​១​ពាន់​ក្បាល​ដើម្បី​យក​ពង តែ​នៅ​ពេល​ទា​ចាប់ផ្ដើម​ពង តម្លៃ​ក៏​ចាប់ផ្ដើម​ធ្លាក់​ចុះ ។ ពេល​នេះ អ្នកស្រី​លក់​មេ​ទា​ចោល​ជិត​អស់ហើយ ទុក​តែ​ជាង​៣០០​ក្បាល​ប៉ុណ្ណោះ​ដើម្បី​រើស​ពង​ប្រចាំ​ថ្ងៃ ហើយ​ទា​ដែល​លក់​នោះ ក៏​មិន​បាន​ថ្លៃ​ដែរ គឺ​តម្លៃ​ទាប​ជាង​ទីផ្សារ ប៉ុន្តែ​បើសិនជា​ទុក​បន្ត​ទៀត ក៏​មិន​ចំណេញ​ដែរ គឺ​មាន​តែ​បន្ត​ខាត ដូច្នេះ​ត្រូវ​បង្ខំ​លក់​វា​ចេញ​មួយ​ចំនួន​ធំ ។

អ្នកស្រី ម៉ា​រ៉េ​ត ចិញ្ចឹម​ទា​ប្រមាណ​ជាង​២​ពាន់​ក្បាល ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​នេះ​ពង​ទា​មាន​តម្លៃ​ត្រឹមតែ​ជាង​៣០០​រៀល​ប៉ុណ្ណោះ ក្នុង​១​គ្រាប់ នេះ​ចំពោះតែ​ពង​ល្អ​ៗ ។ បើ​ពង​ទា​ដែល​លែង​នៅ​តាម​ស្រែ​វិញ មាន​តម្លៃ​តែ​ជាង​២០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គ្រាប់ ។

អ្នកស្រី​និយាយ​ថា ៖ « ពង​ទា​ចាប់ផ្ដើម​ធ្លាក់​ថ្លៃ​ទើបតែ​ជាង​១​ខែ​ប៉ុណ្ណោះ ដោយ​ឈ្មួញ​ប្រាប់​ថា ពង​ទា​ក្នុងស្រុក​យើង​ធ្លាក់​ថ្លៃ ដោយសារ​តែ​ពង​ទា​បរទេស​ចូល​មក​ច្រើន ហើយ​ពង​ទា​គេ​តម្លៃ​ទាប​ជាង​ពង​ទា​ក្នុងស្រុក ។ ដូចនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ពង​ទា​ក្នុងស្រុក​យើង​ធ្លាក់​ថ្លៃ​នៅ​ទាប » ។

អ្នកស្រី​បន្ត​ថា ពង​ទា​មិន​អាច​ទុក​យូរ​បាន​ទេ ដូច្នេះ​ហើយ​ទោះបី​តម្លៃ​ទាប​ប៉ុនណា ក៏​ត្រូវ​តែ​លក់​ឲ្យ​គេ​ដែរ ក្នុង​រយៈពេល​ពីរ​ឬ​បី​ថ្ងៃ គេ​មក​ទទួលយក​ម្ដង ។ បើសិនជា​ទុក​ច្រើន​ហើយ​យូរ​ៗ វា​អាច​នឹង​ធ្វើ​ឲ្យ​ពង​ទា​នោះ​មិនសូវ​មានគុណ​ភាព ។

អ្នកស្រី​បន្ថែម​ថា ៖ « ពង​ទា​ដែល​ឈ្មួញ​យក​ទៅ​ភាគច្រើន គេ​យក​ទៅ​ធ្វើ​ជា​ពង​ទា​កូន ឬ​ពង​ទា​ប្រៃ ហើយ​មួយ​ចំនួន​ទៀត​យក​ទៅ​ភ្ញាស់​។ ក្រៅពី​នោះ គេ​ក៏​យក​ពង​ទា​ទៅ​បរិភោគ​ផង​ដែរ » ។

អ្នក​ចិញ្ចឹម​ទា​ទាំងនោះ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ សូម​ជួយ​សម្រួល​ដល់​វិស័យ​កសិកម្ម​ខ្មែរ​ផង ។ ជាក់ស្ដែង ពេល​នេះ​កសិករ​ចិញ្ចឹម​ទា​ជា​ច្រើន​បាន​បោះបង់​បន្តិច​ម្ដង​ៗ​ហើយ ។ ដូចនេះ សូម​ឲ្យ​អាជ្ញាធរ​ជួយ​លើក​ស្ទួយ​ផលិតផល​របស់​ខ្មែរ ដើម្បី​ឲ្យ​កសិករ​រក​ចំណូល​បន្ថែម​ពី​ការ​ធ្វើស្រែ​ចម្ការ ។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ តម្លៃ​ពង​ទា​បាន​ហក់​ឡើង​បន្តិច​ហើយ តែ​ឡើង​តិចតួច​បំផុត គឺ​ពង​ទា​ល្អ ឡើង​ត្រឹមតែ​១០​ទៅ​២០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គ្រាប់ ។ ទោះជា​យ៉ាងណា កសិករ​ចិញ្ចឹម​ទា​ថា តម្លៃ​ប៉ុណ្ណេះ​ក៏​នៅ​តែ​មិន​អាច​ចំណេញ​ដែរ តែ​ប្រសិនបើ​ក្នុង​១​គ្រាប់​ជិត​៤០០​រៀល ឬ​លើស​តិចតួច អាច​ចំណេញ​បាន​ខ្លះ ៕