រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ្យដឹងថា រហូតមកទល់ពេលនេះ អតីតភរិយារបស់លោកអ៊ិត សេដ្ឋា នៅតែមិនទាន់បង្ហាញវត្តមានចូលរួមក្នុងពិធីបុណ្យសពរបស់លោកអ៊ិត សេដ្ឋា ដែលអតីតស្វាមីនៅឡើយ ខណៈដែលបងប្អូនសាច់ញាត់ និងសិល្បករជាច្រើនរូប បាននាំគ្នាចូលរួមជាបន្តបន្ទាប់យ៉ាងច្រើនកុះករហើយនោះ ។
សាកសពរបស់លោកអ៊ិត សេដ្ឋា ត្រូវបានកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តវត្តឧត្តរាវត្តី ស្ថិតក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្រោមសំឡេងយ៉ាងក្តុកក្តួលពីសាច់ញាតិ មិត្តភក្តិ និងក្រុមការងារ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ គឺអតីតភរិយាក៏ដូចជាសាច់ញាតិខាងប្រពន្ធលោក មិនទាន់ឃើញវត្តមាននៅឡើយ ។
ប្រធានផលិតកម្មវិធីកំសាន្តប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បានអះអាងថា រហូតមកទល់ពេលនេះ ពិធីបុណ្យបានប្រារព្ធធ្វើរយៈពេល២ថ្ងៃហើយ តែលោកមិនទាន់ឃើញអតីតភរិយារបស់លោកអ៊ិត សេដ្ឋា មកចូលរួមនោះទេ។លោកបញ្ជាក់ថា ក្រៅពីកូន សាច់ញាត្តិខាងលោកអ៊ិត សេដ្ឋា នោះ លោកនៅមិនទាន់ឃើញខាងសាច់ញាតិខាងភរិយារបស់លោកណាមួយចូលរួមឡើយ ប៉ុន្តែលោកក៏មិនទាន់ច្បាស់នៅឡើយទេថា មានសាច់ញាតិណាមកខ្លះ ព្រោះរូបលោកមិនស្គាល់សាច់ញាតិលោកអ៊ិត សេដ្ឋា បានអស់នោះឡើយ ។
បើតាមលោកតាវ៉ិចទ័រ ដំណឹងពីមរណភាពរបស់លោក អ៊ិត សេដ្ឋា នាពេលនេះ ប្រាកដបានដឹងដល់ភរិយារបស់លោកហើយ ។ បើទោះជាពេលនេះ គាត់កំពុងរស់នៅប្រទេសណាក៏ដោយ ព្រោះទាំងបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម សុទ្ធតែបានផ្សព្វផ្សាយយ៉ាងព្រោងព្រាត ។ យ៉ាងណាក៏ដោយ ក្នុងនាមជាមិត្តភក្តិ និងក្រុមការងារ លោករំពឹងថា អតីតភរិយាលោកអ៊ិត សេដ្ឋា នឹងវិលមកជួបកូនរបស់ខ្លួន នៅក្នុងអំឡុងពេលណាមួយជាមិនខាន ។ ខណៈពេលដែលកូនប្រុស-ស្រី ទាំងបីនាក់ កំពុងតែបាត់បង់ឪពុកដែលជាអ្នកបីបាច់ថែរក្សានាពេលកន្លងមក។
លោកបញ្ជាក់ថា អតីតភរិយារបស់លោក អ៊ិត សេដ្ឋា និងមិនដាច់ចិត្តទុកឱ្យកូនរបស់ខ្លួន រស់នៅកណ្តោចកណ្តែង គ្មានឪពុកម្តាយនោះឡើយ ។ ខណៈពេលដែលលោកក៏ចង់ឱ្យភរិយាលោកអ៊ិត សេដ្ឋា ក៏ភាគីផ្សេងៗជួយសម្រេចបំណងចុងក្រោយរបស់លោក គឺចង់ឲ្យមានផ្ទះរស់នៅសមរម្យមួយ សម្រាប់កូន និងម្តាយចាស់លោក ។
គួរបញ្ជាក់ទៀតថា លោកអ៊ិត សេដ្ឋា បានរៀបការជាមួយភរិយាឈ្មោះស សុភាព កាលពីឆ្នាំ១៩៩៩ ក្រោយពីលោកវិលពីរស់នៅជំរំខាវអ៊ីដាង មកបម្រើការងារនៅស្ថានីយទូរទស្សន៍ IBC គឺប៉ុស្តិ៍លេខ៥សព្វថ្ងៃនៅឆ្នាំ១៩៩០ ។ ១៣ឆ្នាំក្រោយ ពីបង្កើតបានកូនប្រុសស្រី៣នាក់ ប៉ុន្តែក្រោយមកទៀត ក៏មានដំណឹងថា ភរិយារបស់លោកបានដាក់ពាក្យប្ដឹងសុំលែងលះ ដោយមូលហេតុមិនត្រូវបានបញ្ចេញ ហើយការសម្រេចរបស់តុលាការ ក៏មិនត្រូវបានទម្លាយជាសាធារណៈនោហះដែរ ។
ចែករំលែកព័តមាននេះ