ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា ចេញ​សារ​ថា គ្មាន​ហេតុផល​ណា ដែល​លោក​នាំ​បរទេសមក​ត្រួតត្រាខ្មែរ​ឡើយ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ស្ងាត់​មួយ​រយៈពេល​មក លោក កឹ​ម សុខា បាន​ចេញ​សារ​មួយ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ គឺ​លោក​និយាយ​ថា គ្មាន​ហេតុផល​ណាមួយ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ស្ងាត់​មួយ​រយៈពេល​មក លោក កឹ​ម សុខា បាន​ចេញ​សារ​មួយ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ គឺ​លោក​និយាយ​ថា គ្មាន​ហេតុផល​ណាមួយ ដែល​នាំ​ឲ្យ​លោក​នាំ​បរទេស​មក​ត្រួតត្រា ឬ​បំផ្លាញ​កម្ពុជា​នោះ​ទេ ។

ការ​លើក​ឡើង​របស់​អតីត​មេ​បក្ស​ប្រឆាំង​រូបនេះ ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៦ ​ខែធ្នូ ​ឆ្នាំ​២០២២ ក្នុង​ជំនួប​រវាង​លោក ​​ជាមួយឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ ឆែក​(​ឆេ​កូ​) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយឯកអគ្គរដ្ឋទូត​ បាន​មកសម្តែង​ការ​គួរសម សួរសុខទុក្ខ និង​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា ​នៅ​គេហដ្ឋានលោក កឹ​ម សុខា ក្នុង​រាជធានី​ភ្នំពេញ​ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​លោក ​កឹ​ម ​សុខា​ បាន​សរសេ​ថា​ សាធារណរដ្ឋ​ឆែក គឺជា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដែល​ផ្លាស់​ប្តូរ​ពី​របប​សង្គមនិយម​ មក​ជា​ប្រទេស​សេរី ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​វិញ និង​មានការ​រីក​ចម្រើន ​មិនមែន​តែ​សេដ្ឋកិច្ច​ទេ សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ឆែក​ ក៏​ប្រសើរ​ជាង​មុន​ច្រើន​ដែរ​ ។

លោក​បញ្ជាក់​ថា​ “​ការ​ពិត​ ខ្ញុំ​មិនមែន​ធ្លាប់​បាន​ទៅ​រៀនសូត្រ​ ស្វែង​យល់​ពី​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ការ​គ្រប់គ្រង​រដ្ឋ​ តែ​ពី​ប្រទេស​សេរី ដូច​ជា​សហរដ្ឋអាមេរិក​នោះ​ទេ គឺ​ខ្ញុំ​ក៏​ធ្លាប់​រៀនសូត្រ ស្វែង​យល់​ពី​ការ​រស់នៅ និង​ការ​ដឹកនាំ​ ក្នុង​ប្រទេស​សង្គមនិយម​ ដូច​ជា​នៅ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី ​ផង​ដែរ​ ។​ ដូច្នេះ​ហើយ​បានជា​ខ្ញុំ​យល់​ថា សង្គម​ប្រជាធិបតេយ្យ​សេរី​ ដែល​ឲ្យ​តម្លៃ​ លើ​សិទ្ធិ​មនុស្ស​ ប្រសើរ​ជាង​របប​កុម្មុយនីស្ត​ផ្តាច់​ការ​” ​។

លោក​លើក​ឡើង​ថា ​ឯការ​រស់នៅ​របស់ខ្ញុំ​ ក្នុង​ប្រទេស​កម្ពុជា​ ជា​រៀង​រហូត ៧០​ឆ្នាំ​មកនេះ ខ្ញុំ​ក៏​បាន​ឆ្លងកាត់ និង​ស្គាល់​ច្បាស់ អំពី​ការ​ដឹកនាំ មេដឹកនាំសង្គម​កម្ពុជា ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​របប​នយោបាយ​ គួរសម​ដែរ ​។ ​​ជា​ពិសេស​ខ្ញុំ ​រស់នៅ​កម្ពុជា បាន​ផ្សារ​ភ្ជាប់​ ស្វែង​យល់​ផ្ទាល់​ជាមួយ​សង្គម​ខ្មែរ​ជា​ច្រើន​ស្រទាប់ ទាំងទីក្រុង និង​ជនបទ អភិជន និង​អ្នក​ក្រីក្រ មន្ត្រី​ធំ និង​មន្ត្រី​មូលដ្ឋាន​ ។​ល​។ ហេតុ​ដូច្នេះ​ហើយ​ការ​សម្រេចចិត្ត ដែល​ជា​ចេតនា​ពិត​របស់ខ្ញុំ មិន​ក្លែងបន្លំ​ គឺ​មាតុភូមិ​កម្ពុជា​ (​ទឹកដី​ខ្មែរ​) ជា​ផ្ទះ ជា​ជម្រក​ជា​ដង្ហើម​ នៃ​ជីវិត​ខ្ញុំ គឺ​ខ្ញុំ​ត្រូវ​តែ ថែរក្សា ការពារ ឲ្យ​បាន​សុខដុមរមនា គង់វង្ស​។ គឺ​មិន​មាន​ហេតុផល​អ្វី​ទាល់តែ​សោះ ដែល​ខ្ញុំ​នាំ​ជាតិ​សាសន៍​ណា​មក​ត្រួតត្រា ឬបំផ្លិចបំផ្លាញ​ ឬ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​ ។

លោក​បន្ថែម​ថា​ ប្រជាពលរដ្ឋ​ខ្មែរ ជា​បងប្អូន ជា​សាច់ឈាម​របស់ខ្ញុំ ទោះបី​មាន​និន្នាការ​នយោបាយ ឬសង្គម​ផ្សេង​គ្នា​ក៏​ដោយ គឺ​ខ្ញុំ​ត្រូវ​តែ​រួមសុខ រួមទុក្ខ​ជាមួយ​គ្នា អត់ឱន​ឲ្យ​គ្នា មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ មិន​គុំ​គួ​ន​សងសឹក​គ្នា​ជា​ដាច់ខាត​។ គឺ​មិន​មាន​ហេតុផល​អ្វី ដែល​ខ្ញុំ​នាំ​ជាតិ​សាសន៍​ដទៃ​មក​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូសរ៉ាយ សង្គ្រាម​បង្ហូរឈាម​ខ្មែរ ជា​ឈាម​របស់ខ្ញុំ ​ដែរ​សោះឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ