ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេទ្យ​ស្ទើរភ្លើង ​៖ ត្រី​មួយ​ស្អុយ មិន​ត្រូវ​ស្អុយ​មួយ​កន្ត្រក​ទេ

1 ឆ្នាំ មុន

អត្ថាធិប្បាយ ៖ ក្រសួងសុខាភិបាល កាលពី​យប់​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២២ បាន​ចេញ​សេចក្តីណែនាំ ស្ដី​ពី ការ​ពង្រឹង ការ​ផ្តល់​សេវា​សុខាភិបាល…

អត្ថាធិប្បាយ ៖ ក្រសួងសុខាភិបាល កាលពី​យប់​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២២ បាន​ចេញ​សេចក្តីណែនាំ ស្ដី​ពី ការ​ពង្រឹង ការ​ផ្តល់​សេវា​សុខាភិបាល នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ឯកជន​ ។ សេចក្តីណែនាំ​នេះ មាន​បំណង​ឱ្យ​អ្នក​ធ្វើ អាជីវកម្ម ផ្តល់​សេវា​សុខាភិបាល យកចិត្តទុកដាក់​គ្រប់គ្រង និង​អនុវត្ត​អាជីវកម្ម​ឱ្យ​បាន​ត្រឹមត្រូវ តាម​លក្ខណៈ បច្ចេកទេស​សុខាភិបាល​ ។ សេចក្តីណែនាំ​នេះ​ ក៏មាន​គោលបំណង​លើកកម្ពស់​ស្តង់ដារ​សេវា​សុខភាព ហើយ​ដើម្បី​ពង្រឹង ការ​គោរព​ពេទ្យ ដែល​មាន​ជំនាញ​ត្រឹមត្រូវ​ ពោល​គឺ​កុំអោយ​ដូច​គេ​ថា “​ត្រី​មួយ​ស្អុយ គឺ​ស្អុយ​មួយ​កន្ត្រក​” ។

(​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត មិន​មាន​ពាក្យ «​កន្ត្រក​» ដូច​អ្វី​ដែល​យើង​តែងតែ​និយាយ​នោះ​ឡើយ ពោល​គឺ​មាន​តែ​ពាក្យ «​ត្រក​» ប៉ុណ្ណោះ​។ ជាល​ត្បាញ​ដោយ​បន្ទោះឫស្សី​, ផ្ដៅ ជាដើម​មាន​ខ្សែ​ចង​យួរ​, សម្រាប់​ដាក់​ត្រី​តូច​ៗ និង​បន្លែ​ជាដើម​)

ក្នុង​សេចក្តីណែនាំ​របស់ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក​ដល់​អ្នកគ្រប់គ្រង និង​អ្នក​ប្រកប​វិជ្ជាជីវៈ វិស័យសុខាភិបាល​ឯកជន​ទាំងអស់ មាន​ដូច​ជា បន្ទប់​ពិគ្រោះ​ថែទាំ​ជំងឺ មន្ទីរ​ព្យាបាល​ជំងឺ ជា​ពិសេស មន្ទីរ ពហុ​ព្យាបាល និង​មន្ទីរសម្ភព​-​រោគ​ស្ត្រី ​។​ល​។ ចាំបាច់​ត្រូវ​ខិតខំ​គ្រប់គ្រង​ដំណើរការ របស់​ខ្លួន​ឱ្យ​បាន ល្អ​ប្រសើរ​ត្រឹម ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​សុខាភិបាល ត្រូវ​តែ​គោរព​អនុវត្ត​តាម​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​វិជ្ជាជីវៈ រៀង​ៗ ខ្លួន ដោយ​អនុលោម​តាម​ច្បាប់​ជា​ធរមាន​ ។

ក្រសួងសុខាភិបាល បញ្ជាក់​ថា អ្នក​ដែល​ប្រព្រឹត្ត​ខុសឆ្គង​ពី​វិជ្ជាជីវៈ ឬ​មានការ​រ​ធ្វេសប្រហែស​លើ​ការងារគ្រប់គ្រង​មូលដ្ឋាន​សុខាភិបាល​ឯកជន​របស់​ខ្លួន ឬ​ធ្វើ​ឱ្យ​មាន​កំហុស​បច្ចេកទេស​ធ្ងន់ធ្ងរ​ណាមួយ​បន្ថែម លើ​ការ​ដាក់ វិន័យ នៃ​គណៈ​វិជ្ជាជីវៈ​នីមួយ​ៗ នឹង​ត្រូវ​ប្រឈម​ទៅ​នឹង​ច្បាប់​ទៅ​តាម​សណ្ឋាន​ទម្ងន់ទោស ដែល​មាន​ចែង​នៅ ក្នុង​ច្បាប់​ទាំងនោះ​ ។

សេចក្តីណែនាំ​ជា​ថ្មី​របស់​ក្រសួងសុខាភិបាល​ដូច្នេះ បាន​ធ្វើ​ឡើង​ភ្លាម​ៗ ក្រោយ​មាន​ករណី​ស្ត្រី​អ្នកជំងឺ​ម្នាក់ បាន​ចូល មក​សម្រាក នៅចនៅ​ផ្លូវជាតិ​លេខ​៣ ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ ។ ស្ត្រី​រង​គ្រោះ បាន​ទៅ​មន្ទីរ ពេទ្យ​ឯកជន​នេះ ដើម្បី​រំលូតកូន អាយុ១៨​ស​ប្តា​ហ៍ ដែល​បាន​ស្លាប់​ក្នុង​ស្បូន ​។

ក្រុម​គ្រូពេទ្យ​របស់​ពេទ្យ​ឯកជន​នោះ បាន​ពិនិត្យ​ព្យាបាល​ដោយ​រំលូត​យក​កូន ដែល​ស្លាប់​ក្នុង​ផ្ទៃ​ចេញ និង​បន្តសម្រាក​នៅ​គ្លីនិក​នោះ រយៈពេល​មួយ​យប់​។ ក្រោយមក ស្ត្រី​អ្នកជំងឺ បាន​មក​គ្លីនិក​ដដែល​ម្ដងទៀត ដោយ​រោគ​សញ្ញា​ឈឺពោះ​ខ្លាំង នៅ​ផ្នែក​ខាងក្រោម ហើយ​គ្រូពេទ្យ ក៏​បាន​សម្អាត​ស្បូន​ឡើង​វិញ​។ ដោយ​អាកា​រៈ ធ្ងន់ធ្ងរ គ្លីនិក​ក៏​បាន​បញ្ជូន​ស្ត្រី​អ្នកជំងឺ ទៅ​ព្យាបាល​បន្ត​នៅ​ភ្នំពេញ​។ មានការ​លើក​ឡើង​ថា ពេទ្យ​ឯក​ជ​នោះ បាន​កាត់​ពោះវៀន​របស់​ស្ត្រី​រង​គ្រោះ ដោយ​ច្រឡំ​ថា ជា​ទងសុក​ ។

តាម​រយៈ​ការ​ពិនិត្យ និង​ស្រាវជ្រាវ នា​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រសួងសុខាភិបាល បាន​សម្រេច​បិទជា​បណ្តោះអាសន្ន​មន្ទីរ​សម្រាក​ព្យាបាល ​ដើម​អង្ក្រង ដើម្បី​បន្ត​នីតិវិធី​ស្រាវជ្រាវ​តាម​ច្បាប់​ជា​ធរមាន​នូវ​ហេតុការណ៍ ដែល​បាន​កើតឡើង គួរ​ឱ្យ​សោកស្តាយ​ជាទី​បំផុត​នេះ​។ ក្រសួង ក៏​បាន​តម្រូវ​ឱ្យ​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្ក្រង ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន លើ​បាតុភាព ដែល​បាន​កើត​មាន​ឡើង ដែល​បណ្ដាល មក​ពី​ការ​ធ្វេស ប្រហែស​របស់​ខ្លួន ​។

មួយ​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រសួងសុខាភិបាល បាន​ប្រកាស​តម្រូវ​ឱ្យ​មន្ទីរពេទ្យ​ឯកជន ដើម​អង្ក្រង នៅ​ខេត្តកំពង់ស្ពឺ ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ចំពោះ​ការ​រំលូតកូន​ស្លាប់​ក្នុង​ផ្ទៃ​។ រីឯ​ឆ្មប ដែល​បាន រំលូតកូន​នោះ ត្រូវ​ផ្អាក​ការងារ ២​ឆ្នាំ​។

ដោយឡែក ស្ត្រី​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល និង​ជួយ​សង្គ្រោះ​អាយុជីវិត ដោយ​យកចិត្តទុកដាក់ បំផុត​ពី​ក្រុម​គ្រូពេទ្យ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ និង​ដោយ​មានការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ ជួយ​គាំ​ដល់ ការ​ព្យាបាល​ទាំងស្រុង​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។

ករណី​គ្រូពេទ្យ ពិនិត្យ​ព្យាបាល​អ្នកជំងឺ ហើយ​មាន​បញ្ហា​ដូច្នេះ នៅ​ក្នុង​ប្រទេស​យើង បាន​កើត​ឡើងជា​រឿយ​ៗ មិន​ថា នៅ​ពេល​រដ្ឋ ឬ​នៅ​ពេទ្យ​ឯកជន​នោះ​ទេ​។ ម្យ៉ាង​មុខ​ជំនាញ​ពេទ្យ ជា​កាំបិត​មុខ​ពីរ​។ ពោល​គឺ​បើ​ជួយ​ពិនិត្យ​ព្យាបាល​អ្នកជំងឺ បានជា​សះស្បើយ នោះ​ពេទ្យ បាន​ទទួល​នូវ​ពាក្យ​អរគុណ និង​រួចខ្លួន​។ តែបើ​ថ្លោះធ្លោយ ការ​ពិនិត្យ​ព្យាបាល​អ្នកជំងឺ ហើយ​បណ្តាល​ឱ្យ​អ្នកជំងឺ មិនជា និង​រហូត​ស្លាប់ នោះ​គ្រូពេទ្យ​ច្បាស់​ជា​ត្រូវ​ទទួលខុសត្រូវ ដោយ​ត្រូវ​បង់ប្រាក់ បិទ​មន្ទីរពេទ្យ និង​អាច​ត្រូវ​ចាប់ខ្លួន​ថែម​ទៀត​។

និយាយ​ដូច្នេះ មិនមែន​ថា ពេទ្យ​ជា​អ្នក​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ បែរ​ក្លាយជា​អ្នក​រង​គ្រោះ​នោះ​ឡើយ​។ ពោល​គឺ​បើ​ពេទ្យ ប្រកបដោយ​វិជ្ជាជីវៈ ចេះ​ជំនាញ​ត្រឹមត្រូវ ហើយ​មានការ​ទទួលខុសត្រូវ​ពិតប្រាកដ នោះ​គឺ​ពេទ្យ​នោះ​ឯង មិន​មាន​បញ្ហា​អ្វី​កើតឡើង​លើ​អ្នកជំងឺ និង​លើ​ខ្លួន​គ្រូពេទ្យ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ បើ​ពេទ្យ​ចេះ​ស្ទើរ​ៗ មិន​មាន ជំនាញ​ច្បាស់លាស់ ហើយ​ចេះ​តែ​ពិនិត្យ​ព្យាបាល​គេ ដោយ​ចង់បាន​តែ​លុយ​គេ នោះ​ចុង​ក្រោយ ពេទ្យ​នោះ​ឯង នឹង​ត្រូវ​ទទួលខុសត្រូវ ព្រោះតែ​ចេះ​លំ​ៗ បែរជា​យល់​ច្រ​លំ​ថា ពោះវៀន ជា​ទងសុក​ដូច្នេះ គឺជា​រឿង​មួយ ដែល​មិន ត្រូវ​កើតឡើង​ទាល់តែ​សោះឡើយ​។

ដើម្បី​កុំឱ្យ​រឿងហេតុ​ដដែល​ៗ​នេះ កើតឡើង​ក្នុង​សង្គម​យើង​តទៅ​ទៀត គឺ​អ្នក​បើក​ពេទ្យ​ឯកជន​ទាំងឡាយ ត្រូវ​តែ ជា​ក្រុម​គ្រូពេទ្យ ដែល​មាន​ជំនាញ​ឯកទេស​ច្បាស់លាស់ និង​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​ពេទ្យ​ត្រឹមត្រូវ ជា​ជាង​បើក​ពេទ្យ ពិនិត្យ​ព្យាបាល ចង់​តែ​បាន​លុយ​ពី​អ្នកជំងឺ​។ ម្យ៉ាង បើសិនជា​មើលទៅ​អាកា​រៈ​អ្នកជំងឺ​ធ្ងន់ធ្ងរ មិន​គួរ​ពន្យារពេល ឬ​ក៏​ទទួល​ពិនិត្យ​ព្យាបាល​នោះ​ទេ ត្រូវ​តែ​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ធំ​ៗ ឬ​ពេទ្យ​រដ្ឋ ដែល​មាន​ឧបករណ៍​សម្ភារៈ​គ្រប់គ្រាន់ ដើម្បី​ជួយ​សង្គ្រោះ​អ្នកជំងឺ​។ ធ្វើ​ដូច្នេះ​ដើម្បី​ជៀសវាង​បញ្ហា​នៅ​ពេទ្យ របស់​ខ្លួន ផង និង​ក៏​ដើម្បី​អាយុជីវិត​របស់​អ្នកជំងឺ​ផង​។

រីឯ​អ្នកជំងឺ​វិញ ក៏​ត្រូវ​តែ​ស្វែងរក​ពេទ្យ ដែល​មាន​ជំនាញ​ច្បាស់លាស់ ដើម្បី​ពិនិត្យ​ព្យាបាល​។ នៅ​ត្រឹម​ខេត្តកំពង់ស្ពឺ គឺ​មិន​ឆ្ងាយ​ពី​ភ្នំពេញ​ឯណា​។ ចេញពីផ្ទះ មក​ដល់​ពេទ្យ​ជំនាញ ពិសេស​ពេទ្យ​រដ្ឋ​ធំ​ៗ នៅ​ភ្នំពេញ ដើម្បី​ពិនិត្យ​ព្យាបាល​ជំងឺ ក៏​មិនយឺត​ពេល​ឡើយ ដោយ​ចំណាយពេល​ត្រឹមតែ ១ ឬ ២​ម៉ោង ក្នុង​ការ​ធ្វើ​ដំណើរ​ប៉ុណ្ណោះ ពី​ផ្ទះ មក​មន្ទីរពេទ្យ នៅ​ភ្នំពេញ​។ ករណី​នៅ​ខេត្តកំពង់ស្ពឺ​នេះ មិន​បាន​ធូរស្បើយ​ពី​ជំងឺ​ហើយ ស្ទើរតែ​ស្លាប់​ខ្លួនឯង ថែម​ទៀត ដោយសារ​តែ​ពេទ្យឆ្មប នៅ​មន្ទីរពេទ្យ​ឯកជន​។

ដូច្នេះ​ប្រជាពលរដ្ឋ​អ្នកជំងឺ និង​ក្រុម​គ្រួសារ ត្រូវ​តែ​ស្វះស្វែង​ដោយ​ខ្លួនឯង ដោយ​ត្រូវ​រក​ពេទ្យ​ជំនាញ គួរ​ឱ្យ​ទុក ចិត្តបាន​។ រីឯ​ពេទ្យ​ឯកជន​វិញ ក៏​កុំ​ចង់បាន​លុយ​ពី​អ្នកជំងឺ រហូត​ដល់​នាំទុក្ខ​ដាក់ខ្លួន​ដូច្នេះ​។ ចំណែក​ក្រសួង សុខាភិបាល តាម​រយៈ​មន្ទីរ​សុខាភិបាល​ខេត្ត និង​អាជ្ញាធរ​ខេត្ត រួម​ទាំង​ភាគី​ពាក់ព័ន្ធ មុន​នឹង​ចេញ​ច្បាប់​ឱ្យ​បើក​ពេទ្យ ឯកជន ក៏​ត្រូវ​តែ​ត្រួតពិនិត្យ លើ​ទីតាំង ឧបករណ៍​សម្ភារៈ ពិសេស​គ្រូពេទ្យ​ជំនាញ ក្នុង​ពេទ្យ​នោះ ពិតជា​មាន ជំនាញ​ច្បាស់លាស់ និង​មាន​ឧបករណ៍​សម្ភារៈ​គ្រប់គ្រាន់ ដើម្បី​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​តាម​ជំនាញ​របស់​ខ្លួន​ពិតប្រាកដ ឬទេ ?
សូមកុំ​ចេះ​តែ​ស៊ី​ញ៉េ ឱ្យ​បើក​ពេទ្យ ដោយ​មិន​បាន​ពិនិត្យ​អ្វី​សោះ​។ សព្វ​ថ្ងៃនេះ គ្រាន់តែ​មានផ្ទះ ១​ល្វែង ឬ​ក៏​បន្ទប់​ជួល​មួយ ក៏​អាច​បើក​ពេទ្យ​បាន​ដែរ​។ ករណី​នេះ មិន​គួរ​សោះឡើយ ព្រោះ​សូ​ម្បី​តែ​ចំណត​យានយន្ត ក៏​មិន​ទាំង​មាន​ផង និយាយ​អ្វី​ដល់​ការ​ជួយ​សង្គ្រោះ​អ្នកជំងឺ​នោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ