ពិតទេ! កញ្ញា យ៉ែម ស្រីពេជ្រ និងតារាកំប្លែងពូណុយ កំពុងបង្កាត់ភ្លើងស្នេហ៍?(វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាសម្តែង ហើយក៏ជាពិធីការិនីដ៏ល្បីឈ្មោះ កញ្ញា យ៉ែម ស្រីពេជ្រ មួយរយៈនេះ កញ្ញាហាក់បីដូចជាមានការមមាញឹកជាមួយការងារសិល្បៈជាខ្លាំង ដោយរកពេលសម្រាកសឹងតែមិនបាន ជាមួយនឹងការសម្តែងរបស់កញ្ញា ជាពិសេសអាជីពជាពិធីការិនីតែម្តង។

ជាការពិតណាស់ កញ្ញា យ៉ែម ស្រីពេជ្រ គឺជាតារាស្រីដែលនិយមបញ្ចេញភាពសិចស៊ី និងធ្លាប់បង្ហើបប្រាប់រឿងរ៉ាវអ្នកសិល្បៈដូចគ្នាខ្ចីលុយនាងមិនសងនោះ ហើយក៏មិនដែលមានរឿងអាស្រូវស្នេហា ឬក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនរណាឡើយ។ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ ពិធីការិនីរូបស្រស់ រាងតូចច្រឡឹង មុខមានមន្តស្នេហ៍រូបនេះ ហាក់ដូចជាទម្លាយទំនាក់ទំនងជាមួយតារាកំប្លែងពូណុយ ដោយកញ្ញាបានពោលពាក្យផ្អែមល្អែមជាមួយពូណុយ ធ្វើឱ្យអ្នកស្តាប់ហាក់ចង់ព្រឺសម្បុរ និងអាចធ្វើអោយបុរសៗលង់ ជាពិសេសពូណុយអាចលង់នឹងពោលពេចន៍ផ្អែមល្អែមនេះ។

ជាការកត់សម្គាល់ មួយរយៈនេះ កញ្ញា យ៉ែម ស្រីពេជ្រ ហាក់ដូចជា ទម្លាយភាពស្និទ្ធស្នាលជាច្រើនជាមួយតារាកំប្លែងពូណុយ ដោយបានបង្ហោះរូបភាព Sweet Sweet ជាច្រើនសន្លឹក ហើយសូម្បីតែអ្នកគាំទ្រ ក៏មានការងឿងឆ្ងល់ជាខ្លាំងអំពីទំនាក់ទំនងដ៏ស្និទ្ធស្នាលទាំងអស់នេះផងដែរ។

យ៉ាងណាមិញ អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងនោះ គឺថា តើស្រីស្រស់ យ៉ែម ស្រីពេជ្រ កំពុងបង្កើតភ្លើងសេ្នហ៍ជាមួយតារាកំប្លែងល្បីឈ្មោះ ពូណុយ ឬយ៉ាងណា? ការចោទជាសំណួរនេះឡើង ក៏ព្រោះតែគេបានឃើញវីដេអូរូបភាពខ្លីមួយ ដែលកញ្ញា យ៉ែម ស្រីពេជ្រ បានបង្ហោះដោយបង្ហាញនូវភាពផ្អែមល្ហែមជាមួយពូណុយ។ ក្នុងនោះនារីរូបស្រស់ យ៉ែម ស្រីពេជ្រ បានពោលពាក្យសួរយ៉ាងចាក់ដោតទៅកាន់ពូណុយថា «តើពូណុយស្រលាញ់កញ្ញាឬអត់?» ភ្លាមៗនោះ ស្រាប់តែពូណុយ បាននិយាយថា» ស្រលាញ់ពេញៗមាត់» ដោយទប់អារម្មណ៍សឹងតែមិនបាន នៅពេលដែលមានគេសួរបែបនេះ ។

ភ្លាមៗនោះ ស្រាប់តែមានអ្នកគាំទ្រជាច្រើនបានចូលទៅខមិនថា «បងមែនទែន ឬលេងៗណឹង បើពិតមែនខ្ញុំគាំទ្រ»។ «ប្រយ័ត្នគេបោ.កយកកូនប្រើ ពូណុយអើយ» និងអ្នកគាំទ្រខ្លះទៀតបានលើកឡើងថា «ធ្វើឫកណាស់ណុយៗ គ្រាន់តែអូនពេជ្រសុំថើបមួយសោះ ណុយៗនៅជិតស្រីអៀនៗម្តេចទេ» «គូនេះសមគ្នាណាស់ប្រចាំឆ្នាំ២០២៣ ស្រលាញ់ទៅបងខ្ញុំគាំទ្រ»។
តាមសំណេររវាងអ្នកគាំទ្ររបស់កញ្ញា ស្រីពេជ្រ និងពូណុយ ហាក់ដូចជា ធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ហើយសម្រាប់អ្នកគាំទ្រ ក៏ដូចជាពេញចិត្តជាមួយទំនាក់ទំនងស្នេហាមួយនេះដែរ។

តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព ពូណុយ ដែលមានឈ្មោះពិតប្រាកដថា បាន់ សំណាង បានឱ្យដឹងថា «លោកនិងកញ្ញា យ៉ែម ស្រីពេជ្រ មិនបានសាងសេ្នហាក្រៅឆាកនោះទេ។ ជារួមសម្រាប់ទំនាក់ទំនងមួយនេះ គឺគ្រាន់តែជាការសម្តែង។ មួយវិញទៀត លោកមិនទាន់បានគិតគូរដល់រឿងស្នេហា ឬគូសេ្នហាអីនៅឡើយទេ ដោយសារមូលហេតុលោកត្រូវរកលុយកាន់ជួយជ្រោមជ្រែងគ្រួសាររបស់លោកសិន។ មួយវិញទៀត ចំពោះរូបភាពស្និទ្ធស្នាលជាមួយ កញ្ញា យ៉ែម ស្រីពេជ្រ នោះគឺរូបកញ្ញា និងរូបលោក គ្រាន់តែថតជាមួយគ្នាលេងសើចតែប៉ុណ្ណោះ ហើយក៏ពុំទាន់ហ៊ានអារកាត់ពីទំនាក់ទំនងស្នេហាមួយនេះនៅឡើយទេ ដោយសារលោកត្រូវទំនុកបម្រុងឪពុកម្តាយ និងក្មួយរបស់លោក»។
ដូច្នេះ សម្រាប់ទំនាក់ទំនងខាងលើមួយនេះ នៅពេលនេះមិនមែនជាទំនាក់ទំនងសេ្នហានោះទេ តែយ៉ាងណាមិញ ពូណុយ ហាក់មិនទាន់បង្ហាញអ្វីថា តើនឹងអាចកើតមាននាពេលអនាគតឡើយ?៕




















ចែករំលែកព័តមាននេះ