ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រដ្ឋ​ប្រគល់​ដី​ឱ្យ​ក្រុមហ៊ុន ​«​ជឹ​ង​ធាន​សេង​»​ត្រូវ​​ជនជាតិ​ភាគ​​តិច«​ព្នង»​ប្តឹង​មក​សម្តេច​តេ​ជោ

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទីបំផុត សហគមន៍​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ភូមិ​ពូ​រ៉ាង សម្រេច​​​ធ្វើ​ញ្ញតិ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​លុប​ចោលការ​ធ្វើ​អនុ​ប​យោគ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​ផ្តល់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន…


ខេត្តមណ្ឌលគិរី ៖ ទីបំផុត សហគមន៍​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ភូមិ​ពូ​រ៉ាង សម្រេច​​​ធ្វើ​ញ្ញតិ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​លុប​ចោលការ​ធ្វើ​អនុ​ប​យោគ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​ផ្តល់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន និង​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​របស់​ក្រុមហ៊ុន ជឹ​ង ធាន​សេង ក្រោយ​ពួក​គាត់​ខិតខំ​តស៊ូ​មតិ​នៅ​អាជ្ញាធរ​មូលដ្ឋាន​គ្មាន​ប្រសិទ្ធិ​ភាព ។

យោង​តាម​លិខិត​ដែល​កោះសន្តិភាព​ទទួល​បាន​នា​ថ្ងៃ​ទី​០១ ធ្នូ ២០២២ មាន​ខ្លឹមសារ​ថា យើងខ្ញុំ​ទាំងអស់​គ្នា​ដែល​ជា​សមាជិក​សហគមន៍​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ដែល​មាន​សមាជិក​សហគមន៍​សរុប​ចំនួន​១២៩​គ្រួសារ ស្មើនឹង​ប្រជាពលរដ្ឋ​សរុប​ចំនួន​៥០០​នាក់ ស្នើ​សុំ​យ៉ាង​ទទូច​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ មេត្តា​ជួយ​អន្តរាគមន៍ ជាមួយ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ដើម្បី​ពិនិត្យ និង អន្តរាគមន៍​លើ​ទំហំ​ដី​២៥៥​ហិ​កតា ដែល​បាន​ប្រគល់​ជូន​ឲ្យ​ក្រុមហ៊ុន ជឹ​ង ធាន​សេង ដើម្បី​ប្រគល់​ជូន សហគមន៍​ជន​ជាតិ​​ដើម​ភាគតិច​ភូមិ​ពូ​រ៉ាង បន្ត​ចុះ​ដី​សហគមន៍​សមូហភាព​វិញ​។​

ស្រប​តាម​គោល​ជំហរ​របស់​សហ​គមន៍ ដែល​បាន​ធានា​អះអាង​ដូច​មាន​ក្នុង​សំណុំ​ឯកសារ​ចុះបញ្ជី និង​ទទួលស្គាល់​ដោយ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួងមហាផ្ទៃ និង​ជា​ពិសេស​ស្រប​តាម​ផែនទី​បឋម​ជាក់ស្តែង​របស់​សហ​គម ន៍​ដែល​មាន​ទំហំ​សរុប ៧៦១.៣៩ហិ​កតា​។

លិខិត​ដដែល​បន្ត​ថា យោង​មូលហេតុ​នេះ សូម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ មេត្តា​ពិនិត្យ​ឡើង វិញ និង​លុប​ចោលការ​ធ្វើ​អនុ​ប​យោគ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ផ្តល់​កម្មសិទ្ធិ​ជួន​បុគ្គល​ឯកជន អន្តរាគមន៍​បញ្ឈប់​សកម្មភាព​របស់ ក្រុមហ៊ុន ជឹ​ង ធាន​សេង ផ្អាក​ដំណើរការ អភិវឌ្ឍន៍​ឬ​ដំណើរការ​ទេសចរណ៍​លើ​ទំហំ​ដី ២៥៥ ហិ​កតា​ជា​បន្ទាន់ ដោយ​រង​ចាំ​ការ​ដោះស្រាយ​ជា​មុន​សិន​ ។

ពីព្រោះ​សកម្មភាព​របស់​ក្រុមហ៊ុន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ដែល​បាន​កំពុង​ប្រត្តិបត្តិ​ជំនឿ ព្រៃ​ភ្នំ​អារក្ស​ចំនួន ៣​កន្លែង ដី​តំណម​ចំនួន ១​កន្លែង ដី​កប់​សព​ចំនួន​ពីរ​កន្លែង និង​ដី​ប្រើប្រាស់​ប្រកប​មុខរបរ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ដូច​ជា​ចំការ​ដាំ​ស្រូវ និង​ដំណាំ​ហូប​ផ្លែ​របស់ សមាជិក ៤២ គ្រួសារ ដី​បំរុង​ទុក​ដូរ​វេន​ដំណាំ​(​ចំការ​វិល​ជុំ​) និង​ទីកន្លែង​សម្រាប់​ទាញ​យក​អនុ​ផល​ព្រៃឈើ​នានា ព្រមទាំង​កន្លែង​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​សេដ្ឋកិច្ច​គ្រួសារ​ប្រចាំ​ថ្ងៃ​។

យោង​លើ​ឯកសារ​ដែល​មានការ​ទទួលស្គាល់​តាម​ផ្លូវច្បាប់ ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​មហាផ្ទៃ វិធានការ​ការពារ​បណ្តោះអាសន្ន​របស់​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង​ឆ​ន្ទះ​សមូហ​ភាព​ដែល​សហគមន៍​យើងខ្ញុំ​មាន យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថាស​ម្តេច និង​ជួយ​អន្តរាគមន៍​បាន​ទាន់ ពេលវេលា ដើម្បី​ដោះស្រាយ និង​ប្រគល់​ដឺ​ជូន​សហគមន៍​យើងខ្ញុំ​វិញ​។ ជុំវិញ​ករណី​ដី​ខាងលើ​នេះ កន្លង​មក​គេ​បាន​ប្រទះ​ឃើញ​មាន​មន្ត្រី​ជំនាញ អាជ្ញាធរ​ស្រុក​-​ខេត្ត​បាន​ចុះ​ហ៊ុម​ព័​ន្ឋ និង​ដកហូត​ដី​នេះ​ពី​បុគ្គល​ឈ្មោះ សេង សុ​វ​ណ្ណា​រ៉ា អតីត​រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៏​ដើម្បី​ប្រគល់​ជូន​រដ្ឋ​វិញ​កាលពី​អំឡុង​ឆ្នាំ​២០២១​។​

ក្រោយ​ចុះ​ដកហូត​ដីចំការ​ស្រល់​ដែល​មាន​ទំហំ​ប្រមាណ​ជិត​៥០០​ហិ​កតា ដំណើរការ​និ​តិ​វិធី​ច្បាប់ ត្រូវ​បាន​អនុវត្ត​ន៏​ដោយ​អ្នក​ពាក់​ព័​ន្ឋ​ត្រូវ​ចាប់​ដាក់​ព​ន្ឋ​នាគារ​។ អ្នក​ភូមិ​សប្បាយចិត្ត​មិន​ទាន់​បាន​ប៉ុន្មាន​ដង្ហើម​ច​ង្រឹ​ត​ផង ស្រាប់តែ​មាន ស ជ ណ មួយ​ចេញ​ថ្ងៃ​ទី​២៤ មិ​នា ២០២២ សម្រេច​កាត់​ខ្វៀល ដី​ទំហំ​២៥៥​ហិ​កតា ​ដែល​ទើប​ដកហូត​ខាងលើ​ប្រគល់​ទៅ​ឈ្មោះ ជឹ​ង ធាន​សេង វិញ​ដែល​បង្ក​ឲ្យ​អ្នក​ភូមិ​ត្រូវ​ខកចិត្ត​ម្តងទៀត​។

បើ​តាម​ក្រុម​អ្នក​រកស៊ី​ដីធ្លី​ក្នុង​ខេត្តមណ្ឌលគិរី​បាន​បង្ហើម​ថា ដី​ក្នុង​តំបន់​ដែល​ត្រូវ​កាត់​ខ្វៀល​នោះ​បើ​លក់​តាម​ទីផ្សារ​បច្ចុប្បន្ន​ក្នុង​មួយ​ហិ​កតា​បាន​ថ្លៃ​មិន​ក្រោម​៥​ម៉ឺន​ដុល្លារ​ទេ ។ តែ​ជាក់ស្តែង ក្នុង​លិខិត​ដែល​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​លក់​ផ្តាច់​ឲ្យ​ឈ្មោះ ជឹ​ង ធាន​សេង ត្រឹម​តម្លៃ ១ ៥០០​ដុល្លារ​ប៉ុណ្ណោះ​។​ករណី​នេះ​គេ​មិនដឹង​ថា តើ​ការ​វាយតម្លៃ​របស់​មន្ត្រី​ពាក់​ព័​ន្ឋ​គណនា​តាម​រូបមន្ត​អ្វី​ទេ? ​ប៉ុន្តែ​មហាជន​បាន​សម្តែង​ពី​ការ​ហួសចិត្ត​អំពី​របាយ​ការ​ណ៏​ដែល​មន្ត្រី​ពាក់​ព័​ន្ឋ​ទាំងអស់​រាយ​ការ​ណ៏​ជូន​ដល់​ថ្នាក់ដឹកនាំ ជុំវិញ​ការ​ប្រើប្រាស់​ដី​នៅ​ទីតាំង​ជាក់ស្តែង​លក់​បាន​តម្លៃ​ថោក​ហើយ មាន​ការ​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ​ទៅ​ទៀត​។

ទោះជា​យ៉ាងណា​គិត​ត្រឹម​ថ្ងៃ​ទី​០១ ធ្នូ ២០២២ កោះសន្តិភាព​មិន​បាន​ទទួល​ការ​បំភ្លឺ​ណាមួយ​ពី​អាជ្ញា​ធរ​មូលដ្ឋាន ឬ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​ឡើយ​។​ហើយ​រយៈ​កន្លង​មកនេះ​គ្រប់ពេល​អ្នក​យក​ព័ត៌​មាន​សាក​សួរ​ទៅ​មន្ត្រី​ជំនាញ​ទាំងនោះ ជុំវិញ​ករណី​ខាងលើ​គឺ​គ្មាន​អ្នកឆ្លើយ​តប​ឡើយ សូ​ម្បី​ក្រុមហ៊ុន
​ជឹ​ង ធាន​សេង ក៏​ពុំ​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ ។

ព័ត៌មាន​បន្ថែម​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ