ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​កៅស៊ូ​​កើនឡើង តែ​ឧស្សាហកម្ម​មួយ​នេះ​ប្រឈម​បញ្ហា​ច្រើន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​កៅស៊ូ​ទៅ​បរទេស​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ មាន​ចំនួន​៣,២​ម៉ឺន​តោន កើនឡើង​ជាង​២០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ឧស្សាហកម្ម​មួយ​នេះ​នៅ​តែ​បន្ត​ជួប​បញ្ហា​ប្រឈម​

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​កៅស៊ូ​ទៅ​បរទេស​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ មាន​ចំនួន​៣,២​ម៉ឺន​តោន កើនឡើង​ជាង​២០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ឧស្សាហកម្ម​មួយ​នេះ​នៅ​តែ​បន្ត​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ។ នេះ​បើ​តាម​មន្ត្រី​ជំនាញ​បាន​លើក​ឡើង ។

លោក ប៉ុ​ល សុ​ផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម មាន​ប្រសាសន៍​ថា នៅ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ កម្ពុជា​នាំ​ចេញ​កៅស៊ូ​ទៅ​បរទេស​មាន​ចំនួន​៣,២​ម៉ឺន​តោន បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ បាន​កើនឡើង​ជាង​២០% ។ ចំណែក​តម្លៃ​កៅស៊ូ​នៅ​លើ​ទីផ្សារ ក្នុង​១​តោន​អាច​លក់​បាន​ថ្លៃ​១.៩៨៥​ដុល្លារ​។ ទន្ទឹម​នឹង​ការ​នាំ​ចេញ​កើនឡើង​នេះ ការ​ដាំ​ដុះ​កៅស៊ូ​នៅ​ក្នុងស្រុក​ក៏​កើនឡើង​ដែរ​ទាំង​ការ​ពង្រីក​ផ្ទៃដី និង​ការ​ដាំ​ដុះ ។

លោក​ថ្លែង​ថា ៖ « បើ​ធៀប​នឹង​ឆ្នាំ​២០០៥-២០០៦ បច្ចុប្បន្ន​នេះ​ឃើញ​ថា ទិន្នផល​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ។ តួយ៉ាង មក​ដល់​ចុងឆ្នាំ​២០១៦ កម្ពុជា​មាន​ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​ប្រមាណ​៤៣៣​ពាន់​ហិកតា ក្នុង​នោះ​កៅស៊ូ​ដែល​អាច​ចៀរ​ជ័រ​មាន​ក្នុង​រង្វង់​១៣​ម៉ឺន​ហិ​កតា » ។

ទោះបីជា​ឧស្សាហកម្ម​មួយ​នេះ​មាន​សញ្ញា​ងើបឡើង​បន្ដិច​ក្ដី ប៉ុន្ដែ​ក៏​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ផង​ដែរ​ទាំង​ការ​ដាំ​ដុះ និង​ការ​នាំ​ចេញ ។

លោក ម៉ែ​ន សុ​ភ័ក្ត្រ អគ្គលេខាធិការ​សមាគម​ចម្ការ​កៅស៊ូ​កម្ពុជា មាន​ប្រសាសន៍​ថា តម្លៃ​កៅស៊ូ​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​២​ពាន់​ដុល្លារ​ក្នុង​១​តោន ដែល​តម្លៃ​នេះ កសិករ​ទទួល​បាន​ចំណេញ​តិចតួច​ប៉ុណ្ណោះ ហើយ​ចំពោះ​ក្រុមហ៊ុន​ធំ​ៗ​វិញ​អត់​ទទួល​បាន​ប្រាក់​ចំណេញ​ទេ ព្រោះ​ការ​ចំណាយ​ច្រើន ដូច្នេះ​ឧស្សាហកម្ម​មួយ​នេះ​នៅ​ជួប​បញ្ហា​ជា​ច្រើន ។ មួយវិញទៀត កៅស៊ូ​កម្ពុជា​មិន​ត្រូវ​បាន​លក់​ដោយ​ផ្ទាល់​ទៅ​ប្រទេស​អ្នក​ប្រើប្រាស់​ទេ ជា​ទូទៅ គឺ​លក់​តាម​រយៈ​ប្រទេស​ជា​ឈ្មួញកណ្តាល​ដូច​ជា វៀតណាម ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី​ជាដើម ហើយ​គេ​យក​ទៅ​លក់​បន្ដ​ទៅ​ប្រទេស​ជា​អ្នក​ប្រើ​ប្រាស់​ផលិតផល​ចុង​ក្រោយ ។

លោក ម៉ែ​ន សុ​ភ័ក្ត្រ ថ្លែង​ថា ៖ « បើ​ទោះបី​តម្លៃ​កៅស៊ូ និង​ការ​នាំ​ចេញ​កើនឡើង​បន្ដិច​ក្ដី ប៉ុន្តែ​ជា​រួម ក្នុង​ឧស្សាហកម្ម​មួយ​នេះ​នៅ​តែ​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា កត្តា​អាកាសធាតុ​ក្តៅ​ខ្លាំង​ពេក​ធ្វើ​ឱ្យ​ការ​ដាំ​ដុះ​កូន និង​ការ​ប្រមូល​ផល​ធ្លាក់​ចុះ ។ តម្លៃ​ជ័រកៅស៊ូ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​គ្មាន​ស្ថិរភាព និង​ស្ថិត​ក្នុង​ស្ថានភាព​ដាំ​ក្បាល​ធ្លាក់​ចុះ ។ រោងចក្រ​កែ​ច្នៃ​គ្មាន​ចម្ការ​កៅស៊ូ​ខ្លួនឯង កំពុង​ប្រឈម​នឹង​ការ​បិទទ្វារ​រោងចក្រ ដោយសារ​អាជីវកម្ម​មិនសូវ​រកបាន​ប្រាក់​ចំណេញ ។ គ្មាន​វត្ថុធាតុដើម​គ្រប់គ្រាន់​មក​កែ​ច្នៃ ដោយសារ​មិន​អាច​ប្រកួតប្រជែង​ទិញ​វត្ថុធាតុដើម​ជាមួយ​ឈ្មួញកណ្តាល​ដែល​ជ្រៀតចូល​ពី​ប្រទេស​ជិតខាង​តាម​ច្រករបៀង​បាន ។ រោងចក្រ​ក្នុងស្រុក​ដែល​ពឹងផ្អែក​ទៅ​លើ​ការ​ទិញ​កៅស៊ូ​ពី​អ្នក​ដាំ​កៅស៊ូ​លក្ខណៈ​គ្រួសារ​នោះ អត់​មាន​លទ្ធភាព​ប្រកួតប្រជែង​ថ្លៃ​ជាមួយ​ឈ្មួញកណ្តាល ដែល​គាត់​ទិញ​យក​ទៅ​លក់​នៅ​ប្រទេស​ជិតខាង​តាម​ច្រករបៀង​ដោយ​មិន​បង់ពន្ធ​។ បញ្ហា​ប្រឈម​ថ្មី​មួយទៀត គឺ​ការ​ឈាន​ទៅ​ដល់​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​ចៀរ​ជ័រ​នៅ​ក្នុង​ចម្ការ​កៅស៊ូ » ។

តាម​ការ​បញ្ជាក់​របស់​លោក ប៉ុ​ល សុ​ផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៦ កម្ពុជា​នាំ​ចេញ​កៅស៊ូ​បាន​ប្រមាណ​១៤,៥​ម៉ឺន​តោន គិត​ជា​ចំណូល​ប្រមាណ​១៤៣​លាន​ដុល្លារ ។ ទន្ទឹម​នឹង​នេះ លោក​មាន​សុទិដ្ឋិនិយម​ថា កៅស៊ូ​នៅ​ឆ្នាំ​២០១៧ ក៏​ដូច​នៅ​ឆ្នាំ​បន្ទាប់​នឹង​មាន​តម្លៃ​ល្អ ដោយ​ពឹងផ្អែក​តាម​ការ​វាយតម្លៃ​របស់​ស្ថាប័ន​ធំ​ៗ​គឺ IMF ក៏​ដូច​ជា World Bank រំពឹង​ថា កៅស៊ូ​ស្ថិត​នៅ​ក្នុង​តម្លៃ​២​ពាន់​ដុល្លារ​ក្នុង​១​តោន ហើយ​តម្លៃ​នេះ​វា​ល្អ​សម្រាប់​អ្នក​ដាំ​កៅស៊ូ ៕