ខេត្តតាកែវ ៖ មហាជនធ្វើដំណើរតាមផ្លូវជាតិលេខ៣នាំគ្នារិះគន់ថា ផ្លូវជាតិនេះស្រួលធ្វើដំណើរណាស់ធំទូលាយ ហើយជាផ្លូវភ្លោះថែមទាំងមានសួនលំអនៅចំកណ្តាលទ្រូងផ្លូវថែមទៀត ។

តែអ្វីដែលប្រជាពលរដ្ឋហួសចិត្តនោះ គឺសួនលំអដែលដាំដើមឈើរាប់ពាន់ដើមមិនបានរស់រៀនមានជីវិតសម្រាប់លម្អឡើយ គឺមានតែស្មៅកន្ទុយឆ្កែចចកមកលម្អជំនួសវិញ ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ពួកគាត់មិនជឿថា មន្ត្រីជំនាញពាក់ព័ន្ធមិនធ្លាប់ធ្វើដំណើរលើផ្លូវនេះនោះទេ គឺពិតជាធ្លាប់តែប្រហែលជាពួកគាត់មិនបានចាប់អារម្មណ៍ ។

ពាក់ព័ន្ធករណីនេះផងដែរ លោកសួន សុធា អនុប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវបានអោយដឹងថា លោកបានឃើញស្មៅដុះពេញសួនលម្អកណ្ដាលទ្រូងផ្លូវជាតិលេខ៣នេះហើយតែលោកកំពុងរៀបចំកំលាំងចុះសម្អាត តែខាងលោកសម្អាតបានត្រឹមតែចំណុចស្ទឹងស្លាគូទៅដល់ព្រំប្រទល់ខេត្តកំពតនោះទេ ចំណែកចំណុចស្ទឹងស្លាគូទៅព្រំប្រទល់ខេត្តកណ្តាល គឺខាងមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺជាអ្នកថែទាំ ។

ពលរដ្ឋលើកឡើងថា សូមថ្នាក់ដឹកនាំមេត្តាត្រួតពិនិត្យមើលមន្ត្រីជំនាញនិងអាជ្ញាធរថ្នាក់ក្រោមផង កុំចាំតែមានបញ្ជាពីថ្នាក់លើបាននាំគ្នារត់ប្រសេកប្រសាចទៅអនុវត្តនោះ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។



ចែករំលែកព័តមាននេះ