ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រុងប្រយ័ត្ន! មាន​ចោរលួចគោ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន​

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ រហូតមកដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋ ២គ្រួសារ ដែលបានបាត់គោ ៣ក្បាល ត្រូវចោរចូលលួចពេលយប់ មានការព្រួយបារម្ភយ៉ាងខ្លាំង…

ខេត្តប៉ៃលិន៖ រហូតមកដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋ ២គ្រួសារ ដែលបានបាត់គោ ៣ក្បាល ត្រូវចោរចូលលួចពេលយប់ មានការព្រួយបារម្ភយ៉ាងខ្លាំង ខណ:ក្រុមចោរចូលទៅលួចជាញឹកញាប់ ហើយមិនដឹងជាលួចយកទៅដល់ណាទេ។ ពោលគឺបាត់ស្រមោលឈឹងតែម្តង។ ​ជារៀងរាល់យប់ថ្ងៃ ធ្វើឱ្យពួកគាត់ មានការព្រួយបារម្ភពីបញ្ហាភូមិឃុំមានសុវត្ថិភាពយ៉ាងខ្លាំង។

សូមបញ្ជាក់ថា ​នៅឆ្នាំ២០២២នេះ ប្រជាពលរដ្ឋ​បាត់សត្វគោចិញ្ចឹម នៅក្នុងក្រោលអស់រយ:ពេល ២លើកមកហើយ ដែលលើកចុងក្រោយនេះ គឺបានកើតឡើង កាលពីវេលាម៉ោង ០៩ និង០០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី២៣វិច្ឆិកានេះ មិនទាន់រកឃើញនៅឡើយទេ។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលការរាយការណ៍ពីប្រជាពលរដ្ឋថា មានករណី (លួចសត្វគោ) ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ នគរបាលប៉ុស្តិ៍ បានសហការជាមួយកំលាំងជំនាញ​ព្រហ្មទណ្ឌនៃអធិការនគរបាលស្រុកសាលាក្រៅ ចុះដល់កន្លែងកើតហេតុ ហើយបានសាកសួរ​ទៅម្ចាស់គោ បានប្រាប់ថា ពួកគាត់បានបាត់គោចំនួន ០៣ក្បាល មាន ០២ម្ចាស់ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។   

ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់គោទី១ ឈ្មោះ ភួន នៅ ភេទប្រុស អាយុ ៧២ឆ្នាំ មុខរបរកសិករ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ បានបាត់មេគោ០១ក្បាល។ ម្ចាស់គោទី២ ឈ្មោះ មួង មុំ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ បានបាត់គោចំនួន ០២ក្បាល មេគោ១ក្បាល និងគោឈ្មួល១ក្បាល។   

​ម្ចាស់គោទី១​ បានឲ្យដឹងថា ពួកគាត់ពិតជា​ព្រួយបារម្ភ​ខ្លាំងណាស់ ដោយក្រុមចោរ បានធ្វើសកម្មភាពចូលទៅលួចគោ នៅក្នុងក្រោលជាញឹកញាប់ ជាពិសេសនៅវេលាម៉ោង ០៥:០០នាទីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅពេលល្ងាច គាត់បានដឹកគោ​យកចង នៅក្នុងក្រោលក្បែរផ្ទះជាធម្មតា ដូចសព្វដង ហើយពេលយប់ជ្រៅគាត់បានក្រោកមើលគោ នៅវេលាម៉ោង ០២និង០០នាទីទាបភ្លឺ ដូចសព្វមួយដងដែរ ហើយគោនៅដេកគ្រប់ចំនួន​ ស្រាប់តែដល់ពេលគាត់ងើបមើលគោ នៅម៉ោង ០៥ និង០០នាទី ទាបភ្លឺម្ដងទៀត ​ស្រាប់តែ​បាត់អស់ចំនួន ០១ក្បាល។

គាត់ក៏សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជួយដាក់កម្លាំងល្បាត នៅតាមភូមិ ដើម្បី​ចាប់ជនសង្ស័យលួចគោប្រជាពលរដ្ឋ យកមកផ្តន្ទាទោសតាមច្បាប់ផងដែរ។

កម្លាំងជំនាញនៃអធិការដ្ឋាននរគបាល​ ស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាល​សាលាក្រៅ កំពុង​ស៊ើបអង្កេត និងស្រាវជ្រាវ រកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី​ច្បាប់៕  ​នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ