ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រំពឹង​ទាក់ទាញ​វិនិយោគិន​បរទេស​បន្ថែម ក្នុង​ឱកាស​ធ្វើ​ជា​ម្ចាស់ផ្ទះ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្តី​ពី អាស៊ាន ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​នៅ​ថ្ងៃ​ទី​១០-១២ ឧសភា ខាង​មុខ ត្រូវ​បាន​រំពឹង​ថា នឹង​អាច​ទាក់ទាញ​អ្នក​វិនិយោគ​មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​បន្ថែម​ទៀត

រាជធានី​ភ្នំពេញ ៖ វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្តី​ពី អាស៊ាន ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​នៅ​ថ្ងៃ​ទី​១០-១២ ឧសភា ខាង​មុខ ត្រូវ​បាន​រំពឹង​ថា នឹង​អាច​ទាក់ទាញ​អ្នក​វិនិយោគ​មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​បន្ថែម​ទៀត ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣ ឧសភា លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ទទួល​រៀបចំ​វេទិកា​នេះ បាន​លើក​ឡើង​ថា ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​វេទិកា​លំដាប់​អន្តរជាតិ​នេះ​គឺ​ចង់​បង្ហាញ​ថា កម្ពុជា​មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់ ក៏​ដូច​ជា​ចង់​បង្ហាញ​ឲ្យ​ពិភពលោក​បានដឹង​ថា កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ កំណើន​ម៉ាក្រូសេដ្ឋកិច្ច​មាន​ស្ថិរភាព និង​កំពុង​ឆ្ពោះទៅ​កាន់​ភាព​រីក​ចម្រើន​ឥត​ឈប់​ឈរ ។

លោក​បន្ដ​ថា ៖ « ក្រោយ​ពី​កម្ពុជា​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ពិភពលោក​ហើយ យើង​សង្ឃឹមថា នឹង​ទទួល​បាន​អ្នក​វិនិយោគ​ជា​ច្រើន​បន្ថែម​ទៀត​មក​បណ្តាក់ទុន​នៅ​កម្ពុជា ដើម្បី​បង្កើត​ការងារ​ជូន​យុវជន នៅ​ពេល​រៀន​ចប់​នឹង​មានការ​ងារ​ធ្វើ ។ អីុ​ចឹ​ង តួនាទី​របស់​រាជរដ្ឋាភិបាល​គឺ​ខិតខំ​ទាក់ទាញ​អ្នក​វិនិយោគ ពន្យល់​គេ​ឱ្យមក​បណ្តាក់ទុន រៀបចំ​កសាង​ផ្លូវ​ឱ្យ​បាន​ច្រើន លុប​បំបាត់​និ​តី​វិធី​លំបាក​ដល់​គេ ងាយស្រួល​គេ​មក​បណ្តាក់ទុន » ។

លោក​ទេស​រដ្ឋមន្ត្រី​លើក​ឡើង​ថា ប្រទេស​កម្ពុជា​ជាទី​ផ្សារ​តូច​ដែល​មាន​ពលរដ្ឋ​តែ​ជាង​១៦​លាន​នាក់​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​គេ​មើល​តំបន់​ជុំវិញ​កម្ពុជា បើ​គេ​បូក​ពលរដ្ឋ​នៅ​មហា​អនុ​តំបន់​មេគង្គ បូក​រួម​អាស៊ាន​ទាំងមូល គឺ​មាន​ប្រជាជន​ជាង​៦៣០​លាន​នាក់ ហើយ​កម្ពុជា​ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​ប្រទេស​អាស៊ាន អាច​ឱ្យ​កម្ពុជា​ក្លាយជា​ទីតាំង​ផលិត និង​ចែកចាយ​ទំនិញ​នៅ​ក្នុង​តំបន់ ហើយ​កម្ពុជា​ក្លាយជា​ទីកន្លែង​ដឹក​ទំនិញ​ឆ្លងកាត់​ទៅ​តំបន់​ផ្សេង​ៗ​បាន ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ពេល​នេះ ។

លោក​ថ្លែង​ថា ៖ « វា​ជា​មុខមាត់​របស់​ប្រទេស​យើង ព្រោះ​យើង​ពុំដែល​បាន​រៀបចំ​កម្មវិធី​សំខាន់​បែប​នេះ​ពី​មុន​មក​ទេ ។ កម្ពុជា​អាច​រៀបចំ​កម្មវិធី​បែប​លក្ខណៈ​អន្តរជាតិ​នេះ​បាន​ទាល់តែ​មាន​តម្លៃ ទើប​អាច​ធ្វើ​បាន ។ ទន្ទឹម​នឹង​នេះ ជា​ការ​បង្ហាញ​ពី​ការ​ខំប្រឹង​ប្រែង ក្រោយ​ពី​កម្ពុជា​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ច្រើន និង​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ធំ​ៗ​ដែល​ពុំ​ធ្លាប់​ឃើញ​កម្ពុជា ឱ្យមក​មើលឃើញ​ពី​ការ​អភិវឌ្ឍ​នៅ​ពេល​នេះ ។ ទន្ទឹម​នឹង​នេះ ធ្វើ​ឱ្យ​យើង​បាន​ចំណេះ​ចេះ​ដឹង​ពី​គេ តាម​រយៈ​ការ​បង្ហាញ​ពី​រឿង​ផ្សេង​ៗ​ដែល​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា ហើយ​នៅ​ថ្ងៃ​ខាង​មុខ ពួក​គាត់​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នេះ នឹង​ធ្វើ​ជា​ទេសចរ​មក​កាន់​កម្ពុជា ។ លើស​ពី​នេះ វេទិកា​នេះ​ក៏​ជា​ឱកាស​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​បន្ថែម​បាន​ផង​ដែរ » ។
វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ពេល​នេះ នឹង​ជជែក​ពិភាក្សា​គ្នា​ទៅ​លើ​ប្រ​ធា​បទ «​យុវជន បច្ចេកវិទ្យា និង​កំណើន »  ។

ពាក់ព័ន្ធ​នឹង​ប្រធានបទ​នេះ លោក​បណ្ឌិត ម៉ី កល្យាណ មាន​ប្រសាសន៍​ថា​៖ « ជា​ចំណុចក្តៅ​ៗ យើង​អាច​រៀន​ពី​គេ​បាន​ច្រើន ហើយ​គេ​រៀន​ពី​យើង​ក៏​បាន​ច្រើន​ដែរ ។ ប្រធានបទ​នេះ​គឺ​ចំ​ពេល​ប្រទេស​កម្ពុជា​យើង​មាន​យុវជន​វ័យក្មេង​ច្រើន » ។ យ៉ាងណា​ក៏​ដោយ លោក​ក៏​បង្ហាញ​ការ​ព្រួយបារម្ភ​ផង​ដែរ​នៅ​ថ្ងៃ​អនាគត ខណៈ​បច្ចុប្បន្ន​នេះ ការ​ចូល​រៀន​ថ្នាក់​កុមារដ្ឋាន​មាន​ច្រើន តែ​នៅ​ថ្នាក់​ធ​ម្យ​ម​សិក្សា​ទុតិយភូមិ ហាក់​មាន​កម្រិត​ធ្លាក់​ចុះ ដែល​នេះ​ជា​ការ​បារម្ភ​មួយ ។

គួ​រំលឹក​ថា ក្នុង​ខួប​អនុស្សាវរីយ៍​៥០​ឆ្នាំ​នៃ​ការ​បង្កើត​អាស៊ាន​ដែល​ប្រទេស​ហ្វ៊ី​លី​ពិន ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១៧ បាន​ដាក់​ចេញ​នូវ​ចំណុច​ជា​អាទិភាព​ចំនួន​៦ ដែល​ជា​ត្រីវិស័យ​ក្នុង​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥​រួម​មាន ៖

១-​ការ​យកចិត្តទុកដាក់​លើ​ប្រជាជន និង​ការ​យក​ប្រជាជន​ជា​ស្នូល ។
២-​ស​ន្និ​ភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ ។
៣-​កិច្ច​សហប្រតិបត្តិការ និង​សន្តិសុខ​ក្នុង​លំហ​សមុទ្រ ។
៤-​ការ​រីក​ចម្រើន​ដោយ​គំនិត​ច្នៃប្រឌិត​ថ្មី​សម្រាប់​ទាំងអស់​គ្នា ។
៥-​ភាពរឹងមាំ​របស់​អាស៊ាន
៦-​អាស៊ាន​ជា​គំរូ​នៃ​សមាហរណកម្ម​តំបន់ តួអង្គ​មួយ​ក្នុង​សកលលោក ដើម្បី​គាំទ្រ​ដល់​ដំណើរការ​ពង្រឹង​ការ​អនុវត្ត​សសរស្តម្ភ​នៃ​សហគមន៍ នយោបាយ សន្តិសុខ​អាស៊ាន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​សហ​គម​វប្បធម៌​អាស៊ាន ៕