ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ការ​ពិត​ហើយ បទ​ចម្រៀង វណ្ណ​ដា បែកធ្លាយ​ដោយសារ​មនុស្ស​ជំនិត​ម្នាក់​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​រួម​ដំណើរ​ក្នុង​អាជីព​សិល្បៈ និង​ឆ្លងកាត់​ឧបសគ្គ​យ៉ាងច្រើន​ជាមួយ​តារាចម្រៀង​រ៉េ​ប លោក វណ្ណ​ដា ចាប់ផ្ដើម​តាំងពី​ដំបូង​ៗ​ជាមួយ​បទ​បទ «​ឈឺ​ទេ​» រហូត​ដល់ Skull II (Season I ) បាន​ចេញ​មុខ​សុំ​ទោស វណ្ណ​ដា និង​ផលិតកម្ម​បារមី រួម​ទាំង​មហាជន​អ្នកគាំទ្រ ក្រោយ​រូប​លោក​មានការ​ធ្វេសប្រហែស​ធ្វើ​អោយ​បែកធ្លាយ

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​សង្ហារ ដែល​ជា​បុរស​ម្នាក់​បាន​រួម​ដំណើរ​ក្នុង​អាជីព​សិល្បៈ និង​ឆ្លងកាត់​ឧបសគ្គ​យ៉ាងច្រើន​ជាមួយ​តារាចម្រៀង​រ៉េ​ប លោក វណ្ណ​ដា ចាប់ផ្ដើម​តាំងពី​ដំបូង​ៗ​ជាមួយ​បទ​បទ «​ឈឺ​ទេ​» រហូត​ដល់ Skull II (Season I ) បាន​ចេញ​មុខ​សុំ​ទោស វណ្ណ​ដា និង​ផលិតកម្ម​បារមី រួម​ទាំង​មហាជន​អ្នកគាំទ្រ ក្រោយ​រូប​លោក​មានការ​ធ្វេសប្រហែស​ធ្វើ​អោយ​បែកធ្លាយ​បទ​ចម្រៀង​ថ្មី ដែល​មិន​ទាន់​ចេញ​ជា​ផ្លូវការ​របស់ វណ្ណ​ដា ដោយសារ​តែ​ការ​ទុកចិត្ត​ទៅ​លើ​ក្មេង​ប្រុស​ម្នាក់ តែ​លោក​មិន​បញ្ជាក់​ឈ្មោះ​។

ប្រាកដ​ណាស់ កាលពី​យប់​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២២ កន្លង​ទៅ​ថ្មី​ៗ​នេះ ប្រិ​យ​មិត្ត​ប្រាកដជា​បាន​ជ្រាប​ច្បាស់​រួច​មក​ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​រឿងរ៉ាវ ដែល Top Rapper វណ្ណ​ដា បាន​ចេញ​មុខ​ប្រកាស​ច្បាស់​ៗ​ថា បទ​ចម្រៀង J+o ll របស់​លោក​បាន​បែកធ្លាយ​មុន​ចេញ​ជា​ផ្លូវការ​នោះ​។

ក្នុង​អំឡុង​រឿង​ដ៏​ក្ដៅ​គគុក​នោះ តារា​ប្រុស​រូប​នេះ បាន​បង្ហោះ​សារ​បញ្ចេញ​កំហឹង​ខ្លាំង​ៗ​ក្នុង Story នៅ​លើ​បណ្ដាញ​សង្គម Instagram និង FaceBook ដោយ​ពោល​ចំ​ៗ​ថា បទ J+o ll របស់​លោក​បាន​បែកធ្លាយ និង​ត្រូវ​លួច​យក​ដោយ​ពួក​ថោកទាប​។ វណ្ណ​ដា និយាយ​បន្ត​ថា បើ​ជ្រុល​ជា​លាក់​ហើយ លោក​នឹង​ជូន​តាម​សំណូមពរ​បុគ្គល​ដែល​លួច​បទ​លោក​នោះ ហើយ​លោក​ក៏​ប្រាប់​ថា នរណា​ក៏​ដោយ​ដែល​លួច​បទ​លោក គឺ​អត់​រួចខ្លួន​ទាំងអស់​»​។

ស្រប​ពេល​បង្ហាញ​សារ​រួច ជាមួយ​គ្នា​នោះ វណ្ណ​ដា ក៏​បាន​ចេញ​បទ​ចម្រៀង J+O ll នៅ​លើ​បណ្ដាញ​សង្គម​​ភ្លាម ខណៈ​អត្ថន័យ​ឃ្លាឃ្លោង និង​ប្រយោគ​នីមួយ​ៗ​ពិតជា​ចាក់​ដោត​ហាក់​និយាយ​ចំ​ៗ​ទៅ​កាន់​តារា​រ៉េ​បលោក ជី ដេ​វីត ហើយ​បង្កើត​បានជា​រលក​កំ​ដៅ​បង្ក​ជា​ជម្លោះ​ពាក្យ​សម្ដី​តាម​រយៈ​បទ​ចម្រៀង រហូត​មានការ​តបត​គ្នា​ទៅ​វិញ​ទៅ​មក តែ​មួយ​រយៈ​ចុង​ក្រោយ សង្គ្រាម Top Rapper 2 ដួង​នេះ ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ក្រោយ​អ្នក​ទាំង​ពីរ​ចេញ​មុខ​បកស្រាយ​ដើម្បី​បញ្ចប់​ជម្លោះ​រៀង​ៗ​ខ្លួន​។

យ៉ាងណាមិញ ក្នុង​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា នេះ យើង​សង្កេត​ឃើញ​ថា វណ្ណ​ដា ក៏​បាន​បង្ហោះ​សារ បង្ហាញ​ការ​ឈឺចាប់ និង​សោកស្ដាយ​ចំពោះ​បទ​ចម្រៀង​ខ្លួន​ដែល​បាន​បែកធ្លាយ ដោយ​បាន​ធ្វើការ​បញ្ជាក់​ថា លោក​សូម​បោះចោល​រាល់​បទ​ទាំងអស់​ដែល​បាន​បែកធ្លាយ​ក្នុងថ្ងៃនេះ និង​នៅ​ពេល​ខាង​មុខ ហើយ​សម្រាប់​អ្នក​ដែល​ចែកចាយ​បទ​បែកធ្លាយ​របស់​លោក​ទាំង folder សូម​បន្ត​ស្តាប់​ទៀត​ចុះ ព្រោះ​បុគ្គល​នោះ​បាន​បំផ្លាញ​បេះដូង​លោក​រួចរាល់​ហើយ​។

ចំណែកឯ​លោក ជី ដេ​វិត វិញ​ក៏​បាន​បង្ហាញ​សារ​ដូច​គ្នា និង​ពោល​ថា ខ្លួន​កំពុង​រង​ការ​ចោទប្រកាន់​ដ៏​អយុត្តិធម៌​មួយ ទាំង​ដែល​ខ្លួន​មិន​បាន​ប្រព្រឹត្តិ​ខុស ដែល​មើលទៅ​ចង់​បង្កប់ន័យ​ថា​លោក​មិន​បាន​លួច​ថតចម្លង ឬ copy អ្វី​ពី​នរណា​ឡើយ​។ មួយ​រយៈ​មកនេះ វណ្ណ​ដា និង ជី ដេ​វិត ក៏​ទទួល​រង​ការ​រិះគន់​ខ្លាំង​ៗ​ដូច​គ្នា​ផង​ដែរ ពី​សំណាក់​មហាជន​។

ដោយឡែក ក្រោយ​ពេល​លោក វណ្ណ​ដា និង​លោក ជី ដេ​វិត បង្ហោះ​សារ​ព្រម​គ្នា​រួច​ហើយ ស្រាប់តែ​បុរស​ម្នាក់​ឈ្មោះ សង្ហារ ត្រូវជា​រួម​ដំណើរ​ឆ្លងកាត់​ឧបសគ្គ​យ៉ាងច្រើន​ជាមួយ លោក វណ្ណ​ដា បាន​ចេញ​មុខ​សុំ​ទោស វណ្ណ​ដា និង​ផលិតកម្ម រួម​ទាំង​មហាជន​យ៉ាង​ដូច្នេះ​ថា ៖ «​ចាប់តាំងពី​ឆ្នាំ​២០១៦​មក ខ្ញុំ​ជា​មនុស្ស​ម្នាក់ ដែល​បាន​ចូលរួម​ផលិត​ចម្រៀង វណ្ណ​ដា ជាមួយ វណ្ណ​ដា រាប់​ចាប់​ទាំង​ពី បទ «​ឈឺ​ទេ​» រហូត​ដល់ Skull II (Season I ) ហើយ​ឯកសារ​ចម្រៀង​ដែល​បាន​ចេញ​ជា​ផ្លូវការ និង​មិន​ទាន់​ផ្លូវការ​ទាំងអស់ គឺ​ស្ថិត​ក្រោម​ការ​ថែរក្សា​របស់ខ្ញុំ​»​។

លោក សង្ហារ បញ្ជាក់​ថា ៖ «​ដើមហេតុ នៃ​ការ​បែកធ្លាយ​បទ​ចម្រៀង​របស់​លោក វណ្ណ​ដា គឺ​ត្រូវ​បាន​គេ​លួច​ចម្លង​ចេញពី​កុំព្យូទ័រ​ស្ទូ​ឌី​យ៉ូ​ផ្ទាល់ខ្លួន​របស់ខ្ញុំ​។ ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២២ ខ្ញុំ​បាន​ទទួល​ដំណឹង​ពី​ការ​បែកធ្លាយ​នូវ​បទ J+O ll (Demo) ដែល​មិន​ទាន់​មាន​គំរោង​ក្នុង​ការ​ចេញ ។ ខ្ញុំ​បាន​សហការ​ជាមួយ​ក្រុមការងារ ដើម្បី​រក​ប្រភព​ដើម​នៃ​ការ​បែកធ្លាយ ហើយ​ក៏​ដឹង​ថា​បុគ្គល​ម្នាក់​នោះ​ជា​ក្មេង​ម្នាក់​ដែល​ខ្ញុំ​បាន​ផ្ដល់​ឱកាស​អោយ​គាត់​បាន​ចូល Studio ដើម្បី​ផលិត​បទ​ផ្ទាល់ខ្លួន​របស់​គាត់ ហើយ​មានឱកាស​ក្នុង​ការ​ដុសខាត់​សមត្ថភាព​របស់​ខ្លួន ទាំង​ដែល​គាត់​មិនមែន​ជា​សមាជិក​របស់​ពួក​យើង ( La Cima Cartel & Baramey Crew)​។ ពួក​យើង (Baramey Crew) ព្យាយាម​លាក់​ព័ត៌មាន​នេះ ពី វណ្ណ​ដា ព្រោះ​មិន​ចង់អោយ​គាត់​បែក​អារម្មណ៍​មិន​អាច​បំពេញភារៈកិច្ច​ដែល​គាត់​កំពុង​ផ្ដោត​បាន​»​។

លោក សង្ហារ បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ថា ៖ «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សោកសៅ​ចំពោះ​សម្លាញ់ (​វណ្ណ​ដា​) ជា​ខ្លាំង គាត់​ជា​បុគ្គល​ម្នាក់ ដែល​ឆ្លង​ការ​លំបាក​ជាមួយ​ខ្ញុំ​ច្រើន ទំ​រាំ​តែ​យើង​មក​ដល់​ចំណុច​នេះ ហើយ​មាន​ថ្ងៃនេះ ហើយ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​អោយ​មហាជន​ទទួលស្គាល់​សមត្ថភាព និង​ស្នាដៃ​របស់ខ្ញុំ​ផង​ដែរ​។ អរគុណ​សម្លាញ់ ដែល​នៅ​តែ​មាន​ទំនុកចិត្ត​ចំពោះ​ខ្ញុំ : «Trust nobody but our Company» ខ្ញុំ​គាំទ្រ​ការ​សម្រេចចិត្ត មិន​ផលិត​បន្ត​នូវ​បទ​ដែល​បាន​បែកធ្លាយ រឿងហេតុ​ទាំង​អស់កើត​ចេញ​មក​ពី​ការ​ធ្វេសប្រហែស​របស់ខ្ញុំ​ទាំងអស់​។ ខ្ញុំ​ត្រូវ​បាន​គេ​លួច​ឯកសារ កា​ងារ​របស់ខ្ញុំ​។ ក្រុមហ៊ុន​ធ្លាប់​ប្រាប់​ខ្ញុំ​អោយ​ប្រុង​ប្រយ័ត្ន​ជា​ច្រើន​លើក​ជា​ច្រើន​សារ ប៉ុ​នែ្ត​ខ្ញុំ​នៅ​តែ​ធ្វើ​មិន​បាន ព្រោះ​អតីតកាល​ខ្ញុំ​ក៏​ធ្លាប់​ជា​ក្មេង​ប្រុស​ម្នាក់ ដែល​ចង់​ចេះ​ចង់​ដឹង ចង់​រៀនសូត្រ ហើយ​ក៏​ធ្លាប់​ជា​ក្មេង​ម្នាក់​ដែល​ពុំ​សូវ​មានឱកាស​ច្រើន​ដែរ​»​។

លោក សង្ហារ បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​បន្ត​ទៀត​ថា «​ពេល​នេះ គឺជា​ពេល​ដែល​ខ្ញុំ​ខកចិត្ត​បំផុត​សម្រាប់​ទ​ង្វើ​ដែល​បាន​ធ្វើ ត្រូវ​សង​មក​វិញ ដោយ​ការ​បំផ្លាញ​អនាគត​របស់ខ្ញុំ​ទាំងមូល​និង​ទំនុកចិត្ត​របស់​ដៃគូ​សហការ និង​ក្រុមហ៊ុន​ទាំងមូល​របស់ខ្ញុំ​។ ការងារ​ដែល​បាន​ផលិត កិត្តិយស​ដែល​បាន​សាង​រាប់​ឆ្នាំ គឺ​ត្រូវ​ទទួលលទ្ធផល​ត្រឹម​ពាក្យ​មួយ​មាត់ គឺ «​ខ្ញុំ Unprofessional »!!! ការ​ខាតបង់​របស់ខ្ញុំ គឺ​ខ្ញុំ​ផ្ដល់​ឱកាស​ខុស​មនុស្ស ស្រលាញ់​ខុស​មនុស្ស ៖ «​ឡាន​ឲ្យ​បើក ផ្ទះ​ឲ្យ​ចូល កុំព្យូទ័រ​ឲ្យ​ចុច​»​។ កំហុស​មួយ​នេះ គឺជា​មេរៀន​ដ៏​ធំ​សម្រាប់​ជីវិត​ខ្ញុំ រហូត​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេចចិត្ត​ចាកចេញ​មក​រស់នៅ​ក្រៅ​តែ​ម្នាក់ឯង ហើយ​ខ្ញុំ​បាន​សម្រេចចិត្ត​ផ្លាស់​ប្ដូរ​របៀប​ធ្វើការ​ជា​ច្រើន​ទៀត​»​។

លោក សង្ហារ បន្ត​ទៀត​ថា «​បច្ចុប្បន្ន Files ទាំងអស់ គឺ​មិន​ស្ថិត​ក្រោម​ការ​ថែរក្សា​របស់ខ្ញុំ​ទៀត​ទេ Files ទាំងអស់ ត្រូវ​បាន​ផ្លាស់​ប្ដូរ​អ្នក​ថែរក្សា​ហើយ វា​គឺជា​វិធានការ​យុត្តិធម៌ និង​សម​ហេតុផល ហើយ​យោគយល់​បំផុត​សំរាប់​ខ្ញុំ​។ ខ្ញុំ​សុំ​ទោស បើសិនជា​ថ្ងៃក្រោយ ខ្ញុំ​និង​វណ្ណ​ដា មិន​បាន​ផ្ដល់​ឱកាស​អោយ​មនុស្ស​ជំនាន់​ក្រោយ អ្នក​អាច​ចាត់​ទុក​ពួក​ខ្ញុំ​ថា ជា​មនុស្ស​អាត្មា​និយម​បាន ចាប់ពី​ពេល​នេះ​ទៅ គឺ​យើង​សុំ​តែ​អភិវឌ្ឍ​តន្ត្រី​បាន​ហើយ រឿង​អភិវឌ្ឍ​ធនធាន គឺ​សុំ​ចប់​ត្រឹមនេះ មិនមែន​មក​ពី​អស់​ទំនុកចិត្ត​លើ​មនុស្ស​គ្រប់​គ្នា​ទេ គឺ​ពួក​ខ្ញុំ​សុំ​សិ​ទិ្ធ​ការពារ ផ្លូវចិត្ត ដើម្បី​រក្សា​បាន​នូវ​ជំហរ​ដ៏​រឹង​មាំ​ក្នុង​ការ​ផលិត​ស្នាដៃ​ល្អ​ៗ ដើម្បី​បំពេញ​អោយ​បាន​តាម​តម្រូវការ និង​ចក្ខុវិស័យ​របស់​សិល្បៈ​ក្នុង​ប្រទេស​យើង​ទាំងមូល​។ សុំ​ទោស ៖ Baramey Production សុំ​ទោស ៖ អ្នក​ទាំងអស់​គ្នា ណុំ ចាន់​រតនៈ​»​។

គួរ​រំលឹក​ថា ៖ ដោយ​ក្តី​ឈឺចាប់​! កំពូល​តារា​រ៉េ​ប វ​ណ្ណា ប្រកាស​បោះចោល​ទាំងអស់​នៅ​បទ​ដែល​បែកធ្លាយ​គួរ​រំលឹក​ទៀត​ថាជី ដេ​វីត ពោល​ថា ខ្លួន​កំពុង​រង​ការ​ចោទប្រកាន់ ខណៈ វណ្ណ​ដា ក៏​ប្រកាស​បោះចោល​បទ​បែកធ្លាយ​ទាំង​បេះដូង​ឈឺចាប់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ