រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃទី១៤ ចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៣:០០ទៀបភ្លឺ មហាជនអ្នកគាំទ្រតារារ៉េបជួរមុខក្នុងប្រទេសកម្ពុជា លោក វណ្ណដា ប្រាកដជាបានទទួលជ្រាបច្បាស់រួចមកហើយ ដោយលោកបានបង្ហាញសារមួយឃ្លាប្រកាសច្បាស់ៗនៅលើបណ្ដាញសង្គមថា នឹងបោះបង់ចោលទាំងអស់រាល់បទដែលបានបែកធ្លាយនាពេលនេះ និងនៅពេលខាងមុខ ទាំងអារម្មណ៍ឈឺចុកចាប់ អួលណែនឧរាជាពន់ពេក ក្រោយមានអ្នកក្នុងក្រុមផលិតចម្រៀង ដែលជាដង្កូវក្នុងសាច់បានធ្វើឱ្យបែកធ្លាយ Folder បទចម្រៀងដែលជាស្នាដៃថ្មីៗរបស់លោកត្រៀមនឹងបញ្ចេញសម្រាប់អ្នកគាំទ្រនោះ។
តាមរយៈសំណេរដែលតារារ៉េបលំដាប់ Grad A ក្នុងប្រទេសកម្ពុជារូបនេះ បានបង្ហោះខ្លឹមសារទាំងស្រុងថា ៖ «ខ្ញុំ វណ្ណដា សូមបោះចោលរាល់បទទាំងអស់ដែលបានបែកធ្លាយក្នុងថ្ងៃនេះ និងនៅពេលខាងមុខ»។
តារាប្រុសដែលទទួលបានការគោរពស្រលាញ់ទូទាំងប្រទេសរូបនេះ បានបន្តថា ៖ «សម្រាប់អ្នកដែលចែកចាយបទបែកធ្លាយរបស់ខ្ញុំ ទាំង Folder សូមបន្តស្តាប់ទៀតចុះ ព្រោះអ្នកបានបំផ្លាញបេះដូងខ្ញុំរួចរាល់ហើយ»។
យ៉ាងណាមិញ ក្រោយឃើញការបញ្ជាក់ដ៏ក្ដៅគគុករឿងបោះបង់បទបែកធ្លាយទាំងអស់ចោលពីសំណាក់លោក វណ្ណដា ភ្លាម យើងសង្កេតឃើញថា មហាជន ក៏ដូចជាទស្សនិជនអ្នកគាំទ្រជាច្រើនបានសម្ដែងការភ្ញាក់ផ្អើល និងស្រឡាំងកាំងគ្រប់ៗគ្នាតែម្ដង។ ក្នុងនោះ អ្នកគាំទ្រក៏បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងទៅលើដង្កូវក្នុងសាច់ ដែលបង្ករឿងធ្វើបាបចិត្តលោក វណ្ណដា ដូច្នេះ។
ទន្ទឹមនឹងការប្រកាសទាំងអារម្មណ៍ឈឺចុកចាប់ និងបង្ហាញការបាក់ទឹកចិត្តពីសំណាក់លោក វណ្ណដា មហាជនអ្នកគាំទ្រនៅលើបណ្ដាញសង្គមជាច្រើន ក៏បាននាំគ្នាចូលទៅបញ្ចេញមតិលើកទឹកចិត្តដល់តារាប្រុសរូបនេះឲ្យមានការតស៊ូខ្ពស់ ជំនះរាល់ឧបសគ្គ ដើម្បីធ្វើដំណើរបន្តទៅមុខទៀត ព្រោះមានមហាជនជាច្រើនចាំគាំទ្រ និងលើកទឹកចិត្តដល់លោក ពិសេសពួកគេរង់ចាំមើលភាពជោគជ័យ និងសមិទ្ធផលល្អៗជាច្រើនបន្តទៀត ដែលជាស្នាដៃរបស់លោក វណ្ណដា ផ្ទាល់ ដោយពួកគេសូមកុំឲ្យលោកបោះបង់ក្ដីស្រមៃឲ្យសោះ និងដើម្បីកុំឲ្យអ្នកគាំទ្រខកចិត្ត។
សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ តារារ៉េបជួរមុខលោក វណ្ណដា បានបង្ហាញសារក្នុង Story នៅលើបណ្ដាញសង្គម Instagram និង Facebook ទាំងអារម្មណ៍ខឹងសម្បាដាក់ទៅដង្កូវក្នុងសាច់ ដែលធ្វើឲ្យបទចម្រៀងលោកបានបែកធ្លាយយ៉ាងដូច្នេះថា ៖ « បទ J+o ll បានបែកធ្លាយ ត្រូវលួចយកដោយពួកថោកទាប វណ្ណដា និយាយបើជ្រុលជាលាក់ហើយ លោកនឹងជូនតាមសំណូមពរ ហើយលោកក៏ប្រាប់ថា នរណាក៏ដោយដែលលួចបទ គឺអត់រួចខ្លួនទាំងអស់»។
ក្រោយបង្ហាញសាររួច ស្របពេលជាមួយគ្នា លោកក៏ចេញបទចម្រៀង J+O ll នៅលើបណ្ដាញសង្គមភ្លាម ខណៈអត្ថន័យឃ្លាឃ្លោង និងប្រយោគនីមួយៗពិតជាចាក់ដោតហាក់និយាយចំៗទៅកាន់តារារ៉េបលោក ជី ដេវីត ហើយបង្កើតបានជារលកកំដៅបង្កជាជម្លោះពាក្យសម្ដី តាមរយៈបទចម្រៀង រហូតមានការតបតគ្នាទៅវិញទៅមក តែមួយរយៈចុងក្រោយសង្គ្រាម Top Rapper 2 ដួងនេះ ក៏បានស្ងប់ស្ងាត់ទៅវិញ ក្រោយអ្នកទាំងពីរចេញមុខបកស្រាយ ដើម្បីបញ្ចប់ជម្លោះរៀងៗខ្លួន៕
ចែករំលែកព័តមាននេះ