ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​អ្វីខ្លះ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​នៅ​ត្រីមាស​ទី​1​ឆ្នាំ​នេះ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ​មាន​កំណើន​ប្រមាណ​តែ​៣%​ប៉ុណ្ណោះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន ។ ការ​នាំ​ចេញ​មិន​រលូន​នេះ កម្ពុជា​ប្រាកដជា​មិន​អាច​សម្រេច​គោលដៅ​នាំ​ចេញ

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ​មាន​កំណើន​ប្រមាណ​តែ​៣%​ប៉ុណ្ណោះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន ។ ការ​នាំ​ចេញ​មិន​រលូន​នេះ កម្ពុជា​ប្រាកដជា​មិន​អាច​សម្រេច​គោលដៅ​នាំ​ចេញ​ដែល​រាជរដ្ឋាភិបាល​កំណត់​ឡើយ ។

តើ​កត្តា​អ្វីខ្លះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​អង្ករ​កម្ពុជា ?
អ្នកជំនាញ​ក្នុង​វិស័យ​ស្រូវ​អង្ករ លោក​ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ មាន​ប្រសាសន៍​ថា ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ​មាន​កំណើន​តិចតួច​។ លោក​ថា ៖ « ទីផ្សារ​ធំ​របស់​យើង គឺ​ប្រទេស​ចិន​៨០%​នាំ​ចូល​អង្ករ​ពី​កម្ពុជា​។ ដោយឡែក នៅ​អឺរ៉ុប​កើនឡើង​តិចតួច​មិន​ទាន់​ដល់​កម្រិត​ខ្ពស់​ដូច​ឆ្នាំ​មុន​ទេ ទីផ្សារ​មួយ​នេះ​ពេញ​ប្រៀប​ហើយ » ។

លោក​បន្ថែម​ថា ៖ « ទីផ្សារ​យើង​មាន​តែ​២​ទេ គឺ​សហគមន៍​អឺរ៉ុប និង​ប្រទេស​ចិន​។ ចំណែក​ទីផ្សារ​ផ្សេង​ៗ​ដូច​ជា ម៉ា​ឡេ​ស៊ី អាហ្វ្រិក និង​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ដោយសារ​ប្រទេស​ថៃ​ទម្លាក់​តម្លៃ​អង្ករ ។ ការ​នាំ​ចេញ​អង្ករ​កើនឡើង​តិចតួច​នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ ដោយសារ​ទីផ្សារ​ចិន​បញ្ជា​ទិញ​កើនឡើង រីឯ​ទីផ្សារ​សហគមន៍​អឺរ៉ុប​នៅ​ទ្រឹង ហើយ​ក៏​មិន​សង្ឃឹមថា នឹង​កើនឡើង​ដែរ » ។

លោក​ឧកញ៉ា វង្ស ប៊ុ​ន​ហេង នាយក​ក្រុមហ៊ុន​វង្ស​ប៊ុ​ន​ហេង រ៉ា​យស៍ មាន​ប្រសាសន៍​ថា​៖ « ដោយសារ​ថ្លៃដើម​នៃ​ការ​ផលិត​របស់​យើង​ខ្ពស់​ជាង​ក្រុម​អ្នក​ផលិត​អង្ករ​នៅ​ប្រទេស​ជិតខាង ហើយ​វិស័យ​ឯកជន​ទទួល​បានការ​គាំពារ​គោលនយោបាយ​ពី​រដ្ឋាភិបាល​ប្រទេស​គេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុមហ៊ុននាំចេញ​អង្ករ​កម្ពុជា​ពិបាក​ទាំង​ការ​ប្រកួតប្រជែង និង​ដណ្តើម​ទីផ្សារ​នៅ​ខាងក្រៅ » ។

លោក​បន្ត​ថា ៖ « យើង​ដឹង​ថា ទីផ្សារ​អង្ករ​កម្ពុជា​អត់​កើនឡើង​ទេ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោលដៅ​របស់​ក្រុមហ៊ុន​ដែល​កំណត់​ទុក​។ ដោយ​មើលឃើញ​បែប​នេះ ក្រុមហ៊ុន​បាន​ប្តូរ​ទិស​ដៅ​របស់​ខ្លួន​ពី​ការ​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​ខាងក្រៅ​មាន​ចំនួន​ច្រើន មក​ផ្ត​ត់​ផ្គង់​ក្នុងស្រុក​ច្រើន​វិញ (៦០%) » ។

លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួងកសិកម្ម មាន​ប្រសាសន៍​ថា ៖ « ការ​នាំ​ចេញ​កើនឡើង​ប្រហែល​៣%​នេះ តាម​ពិត​ទៅ វា​ស្ទើរតែ​មិន​អាច​និយាយ​ថា ជា​កំណើន​ទេ ហើយ​ក៏​ជា​បញ្ហា​គួរ​ឱ្យ​បារម្ភ​មួយ​ផង​ដែរ ។ ការ​កើនឡើង​តិចតួច​នេះ ដោយសារ​តែ​ការ​នាំ​ចេញ​នា​ខែមីនា​កន្លង​ទៅ​ធ្លាក់​ចុះ​ខ្លាំង​ពេក គឺជា​មូលហេតុ វា​មិន​ពាក់ព័ន្ធ​នឹង​ទីផ្សារ​អឺរ៉ុប និង​ចិន​ទេ ។ វា​ជា​កត្តា​អន្តរជាតិ​ដែល​តម្លៃ​កសិផល​ធា្ល​ក់​ចុះ អីចឹង​រាល់​ការ​លក់​ក៏​លំបាក​ដែរ ព្រោះ​តម្លៃនៅលើទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ ធ្វើ​ឱ្យ​ទីផ្សារ​ហាក់​ចង្អៀត » ។

លោក​បណ្ឌិត​បន្ត​ថា ៖ « ការ​នាំ​ចេញ​អង្ករ​នៅ​ខែ​បន្ទាប់ ខ្ញុំ​គិត​ថា អ្វី​ជា​គោលនយោបាយ​ស្រូវ​អង្ករ​ហាក់​មិន​ទាន់​ប្រែប្រួល​ថា នឹង​មាន​អ្វី​គាំទ្រ​ដល់​ការ​នាំ​ចេញ​ឱ្យ​កើនឡើង​ទេ » ។

តាម​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​បង្ហាញ​ថា ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា នៅ​ដើម​ត្រីមាស​ទី​១​ឆ្នាំ​២០១២ ដល់​ដើម​ត្រីមាស​ទី​១​ឆ្នាំ​២០១៧ ឃើញ​ថា សន្ទុះ​នៃ​ការ​នាំ​ចេញ​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់ ។ តួយ៉ាង នៅ​ត្រីមាស​ទី​១​ដើមឆ្នាំ​២០១២ ការ​នាំ​ចេញ​កើនឡើង​៤៩%, ត្រីមាស​ទី​១​ឆ្នាំ​២០១៣ កើនឡើង​ប្រមាណ​២% ប៉ុន្តែ​មក​ដល់​ត្រីមាស​ទី​១​ឆ្នាំ​២០១៤ ធ្លាក់​ចុះ​១១% ។ នៅ​ត្រីមាស​ទី​១​ដើមឆ្នាំ​២០១៥ មាន​សន្ទុះ​ឡើង​វិញ​ដល់​៧៧% ហើយ​មក​ដល់​ត្រីមាស​ទី​១​ឆ្នាំ​២០១៦ ការ​នាំ​ចេញ​មាន​កំណើន​ថមថយ​មក​វិញ​ត្រឹមតែ​៨,៥៣% ហើយ​បន្ត​ថមថយ​ចុះ​ថែម​ទៀត​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០១៧​នេះ ស្មើ​តែ​២,៧៤% ឬ​៣% ខណៈ​ការ​នាំ​អង្ករ​ចេញ​ស្មើ​១៦៦.៦៧៨​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។

របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញ​ថា បន្ទាប់​ពី​មាន​កំណើន​ក្នុង​អត្រា​មធ្យម​ប្រចាំឆ្នាំ​៥,៨%​ចាប់ពី​ឆ្នាំ​២០០៣ ដល់​២០១២ កំណើន​ជា​មធ្យម​នៃ​វិស័យ​កសិកម្ម គឺ​ត្រឹម​ក្រោម​១,០%​ប៉ុណ្ណោះ គិត​ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៦ ។ អាកាសធាតុ​មិន​អំណោយផល​អាច​ជា​ហេតុផល​មួយ​ដែល​នាំ​ឲ្យ​ថមថយ​កាលពី​ពេល​ថ្មី​ៗ​នេះ ប៉ុន្តែ​នៅ​មាន​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​វិស័យ​នេះ ។

ការ​សិក្សា​មួយ​លើ​វិស័យ​កសិកម្ម​កម្ពុជា ធ្វើ​ឡើង​ដោយ​ធនាគារពិភពលោក​កាលពី​ឆ្នាំ​២០១៥ រក​ឃើញ​ថា ឧបសគ្គ​សំខាន់​ៗ​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​បង្កើន​ផលិតភាព និង​ការ​ធ្វើ​ពិពិធ​កម្ម រួម​មាន កសិករ​យឺតយ៉ាវ​ក្នុង​ការ​ប្រើប្រាស់​គ្រាប់ពូជ​មានគុណ​ភាព​ខ្ពស់​, ការ​ប្រើប្រាស់​ជី​មាន​កម្រិត​ទាប​, ហេដ្ឋារចនាសម្ព័ន្ធ​ធា​រាសាស្ត្រ​មិន​គ្រប់គ្រាន់ និង​សេវា​ផ្សព្វផ្សាយ​កសិកម្ម​នៅ​មាន​តិច ៕