ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ស្ករស​ចាប់​ដំណើរការ​ឡើង​វិញ តែ​បរិមាណ​អំពៅ​មិន​គ្រប់គ្រាន់

6 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ រោងចក្រ​ផលិត​ស្ករស​របស់​ក្រុមហ៊ុន​រ៉ូ​យ ហ្វេ​ង បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​កសិករ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ដាំ​ដុះ​ដំណាំ​អំពៅ​លក់​ឲ្យ​ក្រុមហ៊ុន​ដើម្បី​បង្កើន​ប្រាក់​ចំណូល ខណៈ​បច្ចុប្បន្ន​នេះ រោងចក្រ​បាន

ខេត្តព្រះវិហារ ៖ រោងចក្រ​ផលិត​ស្ករស​របស់​ក្រុមហ៊ុន​រ៉ូ​យ ហ្វេ​ង បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​កសិករ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ដាំ​ដុះ​ដំណាំ​អំពៅ​លក់​ឲ្យ​ក្រុមហ៊ុន​ដើម្បី​បង្កើន​ប្រាក់​ចំណូល ខណៈ​បច្ចុប្បន្ន​នេះ រោងចក្រ​បាន​ចាប់ផ្ដើម​ដំណើរការ​ផលិត​ឡើង​វិញ​ហើយ ដែល​អាច​ផលិត​ស្ករស​ក្នុង​១​ថ្ងៃ​ជាង​២​ពាន់​តោន និង​គ្រោង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​លើ​ពិភពលោក រាប់​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវការ​អំពៅ​កិន​ផលិត​ស្ករស​បន្ថែម​ទៀត​ដើម្បី​បំពេញតម្រូវការ​ផលិត​របស់​រោងចក្រ ព្រោះតែ​ក្រុមហ៊ុន​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​អំពៅ​មិន​គ្រប់គ្រាន់​នៅឡើយ​ទេ ។

លោក ហ្គួ​យ យៀង តំណាង​ក្រុមហ៊ុន​រ៉ូ​យ ហ្វេ​ង ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ រោងចក្រ​ផលិត​ស្ករស​របស់​ក្រុមហ៊ុន​រ៉ូ​យ ហ្វេ​ង បាន​ដំណើរការ​យ៉ាង​សកម្ម ដោយ​កិន​អំពៅ​កាត់​ពី​ក្រុមហ៊ុន និង​ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ដាំ​ដំណាំ​នេះ តាម​រយៈ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ក្នុង​១​ថ្ងៃ​ចូល​រោងចក្រ​កិន​ចំនួន​២​ម៉ឺន​តោន និង​អាច​ផលិត​ស្ករស​បាន​ប្រមាណ​ជាង​២​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ​។ លោក​ថ្លែង​ថា ៖ « ជា​ទូទៅ រោងចក្រ​នេះ​ដំណើរការ​រយៈពេល​ចន្លោះ​ពី​៦០​ទៅ​៩០​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ប្រមូល​ផលដំណាំ​អំពៅ » ។

លោក ហ្គួ​យ យៀង បន្ត​ទៀត​ថា បើ​ទោះបីជា​រោងចក្រ​កំពុង​ដំណើរការ​ផលិត​ស្ករស​យ៉ាង​សកម្ម​ក្នុង​១​ថ្ងៃ​ៗ​ក៏​ពិតមែន ប៉ុន្ដែ​ក្រុមហ៊ុន​នៅ​តែ​ត្រូវការ​អំពៅ​បន្ថែម​ទៀត​សម្រាប់​កិន​ដើម្បី​ឲ្យ​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រោងចក្រ ដែល​កំពុង​ផលិត​ស្ករស ព្រោះ​ពេល​នេះ​ដំណាំ​អំពៅ​របស់​ក្រុមហ៊ុន​ដាំ​ដុះ​ទើបតែ​បាន​ជិត​២​ម៉ឺន​ហិ​កតា​ប៉ុណ្ណោះ​លើ​ផ្ទៃដី​ជាង​៤​ម៉ឺន​ហិ​កតា គឺ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​សម្រាប់​ដឹក​ចូល​រោងចក្រ​ផលិត​ស្ករស ហើយ​នា​ពេល​ខាង​មុខ​នេះ ក្រុមហ៊ុន​ត្រូវការ​បន្ថែម​ផ្ទៃដី​ដាំ​អំពៅ និង​គ្រោង​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​សុំ​រក​ទីតាំង​ណា​សម​ស្រប​សម្រាប់​ដាំ​ដុះ​ដំណាំ​អំពៅ​នេះ​បន្ថែម​ទៀត ។

លោក​បន្ថែម​ថា ដូច្នេះ​ហើយ​ក្រុមហ៊ុន​ស្នើ​ដល់​កសិករ​ទាំងអស់ ក៏​ដូច​ជា​អ្នក​ដែល​រស់នៅ​ក្បែរ​តំបន់​រោងចក្រ​ផលិត​ស្ករស​ទាំងអស់ បើ​មាន​ចំណាប់អារម្មណ៍​ដាំ​ដំណាំ​អំពៅ​នេះ​អាច​ទំនាក់ទំនង​មក​កាន់​ក្រុមហ៊ុន ដើម្បី​ផ្តល់​ព័ត៌មាន​បន្ថែម​ក្នុង​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ។

លោក​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​ផ្តល់​អាទិភាព​ជូន​ពូជអំពៅ​ដាំ​ដុះ​ជា​មុន​សិន រហូត​ដល់​ពេល​ប្រមូល​ផល​លក់​ឲ្យ​ក្រុមហ៊ុន ទើប​ក្រុមហ៊ុន​កាត់ថ្លៃ​ពូជអំពៅ​វិញ ។

លោក​បញ្ជាក់​ទៀត​ថា ៖ « ជា​ទូទៅ ដំណាំ​អំពៅ​នេះ​ដាំ​ដុះ​ចាប់ពី​ដើមរដូវ​ប្រាំង​ឡើង​ទៅ និង​អាច​ប្រមូល​ផល​បាន​រយៈពេល​១០​ខែ​ក្រោយ​ដាំ​ដុះ ហើយ​ដាំ​ដុះ​ម្តង​អាច​ទទួលផល​បាន​៤​ឆ្នាំ ទើបត្រូវ​ធ្វើ​ដី​ដាំ​ដុះ​ថ្មី​ទៀត រីឯ​ទិន្នផល​ទទួល​បាន​៦០​តោន​ឡើង​ទៅ​ក្នុង​១​ហិ​កតា » ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត លើក​ឡើង​ថា ការ​ដាំ​ដុះ​ដំណាំ​អំពៅ​របស់​ក្រុមហ៊ុន គឺ​ពិតជា​មិន​ទាន់​គ្រប់គ្រាន់​ទៅ​នឹង​សង្វា​ក់​ផលិតកម្ម​រោងចក្រ​នៅឡើយ​ទេ ព្រោះ​រោងចក្រ​នេះ​ជា​រោងចក្រ​ដ៏​ធំ​ជាងគេ​នៅ​អាស៊ី និង​ត្រូវការ​អំពៅ​ច្រើន​សម្រាប់​កិន​ផលិត​ស្ករស ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ផ្ទៃដី​ដាំ​ដុះ​ដំណាំ​អំពៅ​របស់​ក្រុមហ៊ុន​បច្ចុប្បន្ន​នេះ នៅ​សល់​ត្រឹមតែ​៤​ម៉ឺន​ហិ​កតា​ប៉ុណ្ណោះ ខណៈ​ដំបូង​ឡើយ ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ប្រមាណ​ជិត​៥​ម៉ឺន​ហិ​កតា ប៉ុន្តែ​ដោយសារ​តែ​មាន​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ ក្រុមហ៊ុន និង​អាជ្ញាធរ​បាន​កាត់​ដី​ប៉ះពាល់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​វិញ​មួយ​ចំនួន​ធំ​ដោយ​ស្របច្បាប់ ។

លោក ពឹង ទ្រី​ដា បន្ត​ថា ៖ « បច្ចុប្បន្ន កសិករ​ដែល​បាន​ចុះ​កិច្ចសន្យា​ដាំ​ដុះ​ដំណាំ​អំពៅ​លក់​ឲ្យ​ក្រុមហ៊ុន ពេល​នេះ​ពួក​គេ​ប្រមូល​ចំណូល​ច្រើន​គួរសម បើ​ប្រៀបធៀប​នឹង​ដំណាំ​ស្រូវ កើនឡើង​ទ្វេ​ដង » ។

លោក​លើក​ឡើង​ថា កន្លង​ទៅ មន្ទីរ​ជំនាញ និង​ក្រុមហ៊ុន​តែងតែ​ផ្សព្វផ្សាយ​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដល់​ប្រជាពលរដ្ឋ ប្រសិនបើ​មាន​ចំណាប់អារម្មណ៍​នឹង​ការ​ដាំ​ដុះ​នេះ អាច​ទំនាក់ទំនង​មក​កាន់​ក្រុមហ៊ុន ខណៈ​បច្ចុប្បន្ន ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​កំពុង​ដាក់​សំណើ​មក​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ដើម្បី​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ ដែល​រស់នៅ​ភូមិ​ពោធិ៍ ភូមិ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ក្បែរ​តំបន់​រោងចក្រ​ផលិត​ស្ករស បាន​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ប្រមាណ​ជិត​១០០​គ្រួសារ​ហើយ ដែល​បាន​ដាំ​ដុះ​ដំណាំ​អំពៅ​លក់​ឲ្យ​ក្រុមហ៊ុន ។

គួរ​រំឭក​ថា រោងចក្រ​ផលិត​ស្ករស​នេះ បាន​ចាប់ផ្តើម​ដំណើរការ​ជា​លើក​ទី​២​ហើយ​ក្នុង​ឆ្នាំ​២០១៧ បន្ទាប់​ពី​រោងចក្រ​បាន​ដាក់​សម្ពោធ​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ខែមេសា ឆ្នាំ​២០១៦​កន្លង​ទៅ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ៕