ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​បន្ថែម​ជុំវិញ​មរណភាព​គួរ​ឱ្យ​ភ្ញាក់ផ្អើល ក្នុង​តំបន់​«​ផាប់​ស្ទ្រី​ត​»​

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម៉ាស្សា មួយ​កន្លែង

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម៉ាស្សា មួយ​កន្លែង នៅ​ក្នុង​តំបន់​ផាប់​ស្ទ្រី​ត បន្ទាប់​ពី​ហេតុការណ៍​ខ្សែភ្លើង​ឆក់​ក្មេង​ស្រី​ម្នាក់ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ កាលពីវេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៦ ឈាន​ចូល​ថ្ងៃ​ទី​១៧ មេ​សា ដែល​ជា​ថ្ងៃ វរៈ​ឡើងស័ក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ គ​.​ស​២០១៧ ក្នុង​រយៈពេល​៣​ថ្ងៃ នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ ខេត្តសៀមរាប ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ឯក ដួង សុខា នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ម្ចាស់​ទីតាំង ម៉ាស្សា មួយ​កន្លែង​ត្រូវ​បាន​ឃាត់ខ្លួន ដោយ​ចោទ​ពី​បទ​ឃាតកម្ម ដោយ​អ​ចេតនា ទៅ​លើ​ក្មេង​ស្រី​ម្នាក់​អាយុ​១៤​ឆ្នាំ ខណៈ​ជន​រង​គ្រោះ​កំពុង​រាំ និង​បាញ់​ទឹក​លេង​នៅ​ចំណុច Pub Street ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្នុង​ក្រុង​សៀមរាប កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៧ ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ។ នៅ​ពេល​នេះ​កំពុង​ឃុំខ្លួន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចំណែក​ទីតាំង​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​ផង​ដែរ ។

លោក ដួង សុខា បន្ថែម​ថា ករណី​នេះ​ពិតជា​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន ។ តាម​ការ​ពិនិត្យ នៅ​កន្លែង​កើតហេតុ​ពេល​ដែល​ឆក់ ក្មេង​ស្រី​បាន​កាន់​បង្គោល​ដែក ដែល​មាន​ខ្សែភ្លើង​លយ ចេញ​មក​ចិញ្ចើម​ផ្លូវ​សម្រាប់​ដោត​បំភ្លឺ ស្លាក​យីហោ​ម៉ាស្សា ។ លោក​បាន​បន្ថែម​ទៀត​ថា តាម​ការ​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​ដងខ្លួន​ជន​រង​គ្រោះ កម្លាំង​ការិយាល័យ​ជំនាញ​បច្ចេកទេស នៅ​កន្លែង​កើតហេតុ គឺ​បាន​កំណត់​ថា ពិតជា​ឆក់​នៅ​កន្លែង​ហាង​នោះ​ពិតប្រាកដ​មែន ។ ដោយសារ​ទីតាំង​នោះ មានការ​ធ្វេសប្រហែស ។  

លោក​បាន​បញ្ជាក់​ទៀត​ថា ម្ចាស់​ទីតាំង​ម៉ាស្សា​មានឈ្មោះ មាស សុ​ភ័​ក្ត ភេទ​ស្រី អាយុ​៣៦​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។ ចំណែក​ក្មេង​ស្រី​មានឈ្មោះ លី មុនីរ​ដ្ឋា​នី អាយុ​១៤​ឆ្នាំ ត្រូវជា​ប្អូន​ពៅ​របស់​តារា​សម្តែង​នាង លី មុនីនាថ មានស្រុក​កំណើត​នៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។
គួរ​ឱ្យ​សោកស្តាយ នេះ​ជា​ហេតុការណ៍​លើក​ទី​១​ហើយ​នៅ​តំបន់​ផាប់​ស្ទ្រី​ត​នេះ ។

តារា​សម្តែង លី មុនីនាថ ជា​បង​ចេញ​មុខ​បកស្រាយ​ចំពោះ​មហាជន 

យោង​តាម​គេហទំព័រ​ខ្មែរ​ឡូត ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ មេ​សា បាន​សរសេរ​ថា រឿងហេតុ​នឹក​ស្មាន​មិន​ដល់ ដែល​បាន​កើតឡើង​លើ​ប្អូនស្រី​បង្កើត​របស់​តារា​សម្តែង​កញ្ញា លី មុនីនាថ បាន​ធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ខ្លាំង ដែល​មហាជន​ពិតជា​ចង់​ដឹង​ពី មូលហេតុ​ច្បាស់ ថា​តើ​ដំណើរ​ដើមទង​រឿង​មួយ​នេះ​ដូច​ម្តេច​ខ្លះ ?

កញ្ញា លី មុនីនាថ បាន​សរសេរ​បកស្រាយ​ថា «​នាង​ខ្ញុំ​ឈ្មោះ លី មុនីនាថ សុំ​ជំនួស​មុខ​គ្រួសារ​នាង​ខ្ញុំ​ទាំងមូល​នៃ​រឿងរ៉ាវ​ពាក់ព័ន្ធ​នៃ​ការ​មរណភាព​ប្អូនស្រី​នាង​ខ្ញុំ​ឈ្មោះ លី មុនីរ​ដ្ឋា​នី ដែល​មាន​ព័ត៌មាន​ខ្លះ​មានការ​ភ័ន្ត​ច្រឡំ​ការ​ស្លាប់​ដោយសារ​តែ​គិត​ថា ប្អូនស្រី​នាង​ខ្ញុំ​បាន​ទៅ​រត់​ប្រលែង​ប៉ាត​ម្សៅ​គ្នា​ជាមួយ​ក្មេង​ស្ទាវ​ៗ និង​បាន​ទៅ​រត់​ជាន់​ខ្សែភ្លើង ដោយ​ក្នុង​វ័យ​អាយុ​១៤​ឆ្នាំ ទើប​ធ្វើ​ឲ្យ​ប្អូន​នាង​ខ្ញុំ​បាត់បង់​ជីវិត ។

នាង​ខ្ញុំ​សុំ​ចេញ​សារ​មួយ​បកស្រាយ​ចំពោះ​មរណភាព​របស់​ប្អូនស្រី​នាង​ខ្ញុំ​ឈ្មោះ លី មុនីរ​ដ្ឋា​នី ទៅ​ដល់​បងប្អូន​ទាំង​នៅ​ក្នុង​បណ្តាញ​សង្គម FB បានឱ្យ​ដឹង និង​ជ្រាប​ច្បាស់​នៅ​យប់​ថ្ងៃ​ទី​១៦ មេ​សា ឆ្នាំ​២០១៧ ជា​យប់​ថ្ងៃ​ចូល​ឆ្នាំ​បង្ហើយ ខ្ញុំ​និង​ប្អូនស្រី​នាង​ខ្ញុំ​រួម​ទាំង​មិត្តភក្តិ​ខ្ញុំ​ចំនួន​៧​នាក់​ទៀត បាន​ទៅ​លេង​កម្សាន្ត​នៅ​តំបន់ Pub Street ហើយ​ពួក​ខ្ញុំ​បាន​ឈរ​លេង​បាញ់​ទឹកជា​មួយ​គ្នា​នៅ​មុខ​ហាង​មួយ​កន្លែង​មានឈ្មោះ​ថា អង្គរ​ហ៊ើប និង​ផ្ទះ​ម៉ាស្សា Baray Spa ពួក​ខ្ញុំ​លេង​រហូត​ដល់​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ដោយសារ​តែ​លេង​ហត់​ហើយ​ឃ្លាន​ផង​ក៏​បាន​ហៅ​ដំឡូង​បំពង​មួយ​ចាន​មក​ញ៉ាំ​ជាមួយ​គ្នា និង​ត្រៀម​រៀបចំ​ទៅ​ផ្ទះ​ទៅ​ហើយ ប៉ុន្តែ​ដោយ​ចៃដន្យ​ប្អូន​នាង​ខ្ញុំ​បាន​ទៅ​ច្រត់​ដៃ​ទៅ​លើ​បង្គោល​ដែក​តូច​មួយ ដែល​នៅ​ចន្លោះ​កណ្តាល​នៃ​ហាង​ទាំង​ពីរ​នោះ (​អង្គរ​ហ៊ើប និង​ផ្ទះ​ម៉ាស្សា Baray Spa ) តែ​ភ្លាម​ៗ​នោះ​ខ្ញុំ​បានឃើញ​ប្អូនស្រី​ខ្ញុំ​ឆក់ រួច​ខ្ញុំ​ក៏​ស្ទុះ​ទៅ​ជួយ​ក៏​ឆក់​រួម​ទាំង​ខ្ញុំ​ផង​ដែរ ហើយ​ពេល​នោះ​មាន​មិត្ត​ភ​កិ្ត​ប្រុស​ម្នាក់​មក​ជួយ​ទាញ​សង្គ្រោះ​ខ្ញុំ​និង​ប្អូនស្រី​ខ្ញុំ រួច​គេ​ក៏​ចាប់​បី​ប្អូន​ខ្ញុំ​សង្គ្រោះ​បឋម​ហើយ​ក៏​ឃើញ​មិន​ស្រួល​មិត្តភក្តិ​ខ្ញុំ​ទាំងអស់​បាន​ជួយ និង​ចាប់​បី​ប្អូន​ខ្ញុំ​រត់​យក​ទៅ​ពេទ្យ​បង្អែក​ខេត្តសៀមរាប ។ ខ្ញុំ​និង​មិត្ត​ខ្ញុំ​ខ្លះ​បាន​ស្រែក ទៅ​ជួយ​វែក​សុំ​ផ្លូវ ដើម្បី​យក​ប្អូន​ទៅ​ពេទ្យ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាម ហើយ​ខ្ញុំ​ក៏​ទូរស័ព្ទ​ទៅ​បងស្រី​បង្កើត ដែល​មក​លេង​នៅ​សៀមរាប​ជាមួយ​មិត្ត​គាត់​ដែរ ប៉ុន្តែ​ដោយ​អកុសល ប្អូន​ខ្ញុំ​បាន​ផុត​ទៅ​ហើយ ។ ដោយសារ​តែ​បងស្រី​បង្កើត​ខ្ញុំ​មិន​អស់ចិត្ត ក៏​បា​នប​ញ្ចូ​ន​ទៅ​មន្ទី​ពេទ្យ​រ៉ូ​យ៉ា​ល់​អង្គរ​បន្ត​ទៀត ប៉ុន្តែ​នៅ​តែ​មិន​អាច​ជួយ​ប្អូន​បាន ។

ជា​អកុសល​ខ្លាំង​មែនទែន​នៅ​ក្នុង​ឆាកជីវិត​នាង​ខ្ញុំ ដោយ​នាង​ខ្ញុំ​នេះ​ជា​បងស្រី​មិន​អាច​ជួយ​ប្អូន​សោះ ប្អូន​ខ្ញុំ​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ និង​ឈាន​ចូល​១៤​ឆ្នាំទៅ​ហើយ​មិន​គួរ​ណា​ប្អូន​កើតរឿង​បែប​នេះ​សោះ ។ ជា​ចុង​ក្រោយ​នាង​ខ្ញុំ លី មុនីនាថ និង​គ្រួសារ​ខ្ញុំ​ទាំងមូល សុំ​សំណូមពរ​ដល់​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ឲ្យ​ប្អូនស្រី​នាង​ខ្ញុំ​ផង និង​សំណូមពរ​ដល់​សារព័ត៌មាន​ទាំងអស់ ឈប់​ចេញផ្សាយ​ព័ត៌មាន​មិន​ពិត​ទៀត ហើយ​នៅ​ពេល​នេះ ក្រុម​គ្រួសារ​ខ្ញុំ​ទាំងមូល​កំពុង​តែ​មានទុក្ខ​ធំ ជា​ទម្ងន់​សុំ​មេត្តា​ពុក​ម៉ែ​បងប្អូន ព្រមទាំង​មិត្តភក្តិ​ទាំងអស់ សុំ​ចូលរួម​រំលែក​ទុក្ខ​ដល់​ប្អូនស្រី​ខ្ញុំ​ផង ។ ឥឡូវនេះ​សព​កំពុង​តែ​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន ភូមិ​មុខ​ខេត្ត សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ៕