ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនបរទេស​ម្នាក់​បន្ទាប់​ពី​ល្បួង​ក្មេង​ប្រុស​ជា​ច្រើន​នាក់​ឱ្យ​ឈរ​ថត​ស្រាត

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន បាន​តាម​ប្រមាញ់​ចាប់ខ្លួន​បុរស​បរទេស​ម្នាក់

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន បាន​តាម​ប្រមាញ់​ចាប់ខ្លួន​បុរស​បរទេស​ម្នាក់ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា ជនសង្ស័យ​បាន​ល្បួង​ក្មេង​ប្រុស​ជា​ច្រើន​នាក់​ឱ្យ​ឈរ​ថត​ស្រាត​។ ហេតុការណ៍ តាម​ចាប់ខ្លួន​ជនសង្ស័យ​(​ជនបរទេស​)​ធ្វើ​ឡើង​ចាប់ពី​ម៉ោងជាង​៩​ព្រឹក ក្នុងភូមិ​អារញ្ញ​សាគរ សង្កាត់​សៀមរាប រហូត​ដល់​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ខែមេសា ទើប​ចាប់ខ្លួន​បាន​នៅ​ក្នុង​សណ្ឋាគារ​ញូ​វ​រី​វើ​សាយ ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

លោកស្រី​វរសេនីយ៍ទោ ដួង ថាវ​រី នាយការិយាល័យ​នគរបាល ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៥ និង​៤២​នាទី ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៧​នេះ​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​មានឈ្មោះ Saraot Evrard Nicoias ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ហូ​ឡង់ ជា​ភ្ញៀវ​ទេសចរណ៍​។ ជន​នេះ​បាន​ចូល​មក​កាន់​ខេត្តសៀមរាប ហើយ​បាន​ស្នាក់​នៅ ជាមួយ​អ្នក​ភូមិ នៅ​ឯ​ស្រុក​អង្គរ​ក្រៅ ខេត្តសៀមរាប មក​នៅ​ក្នុង​ខេត្តសៀមរាប រួច​ចូល​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ញូ​វ​រី​វើ​សាយ ក្នុង​បន្ទប់​លេខ​២០២ ស្ថិត​នៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

លោកស្រី​បន្ថែម​ថា មុន​ថ្ងៃ​កើតហេតុ​ប៉ុន្មាន​ថ្ងៃ ជន​ខាងលើ​បាន​ទៅ ភូមិ​អារញ្ញ​សាគរ កន្លែង​កើតហេតុ ហើយ​បាន​ល្បួង​ក្មេង​ប្រុស ជា​ច្រើន​នាក់ ដែល​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ ចុះ​ក្រោម ឲ្យ​ឈរ​ស្រាត​ហើយ​ថតរូប ដែល​ពេល​ខ្លះ​ថត​រួម​គ្នា និង​ពេល​ខ្លះ​ថតរូប​ម្នាក់​ម្តង​។ ខណៈ​ដែល​ជនសង្ស័យ​ខាងលើ ធ្វើ​សកម្មភាព​បែប​នេះ អ្នក​ភូមិ​ទីនោះ​បានឃើញ ក៏​បាន​រាយការណ៍ មក​កាន់​សមត្ថកិច្ច ភ្លាម​ៗ​នោះ​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្ត ក៏​បាន​បញ្ជា​ខាង​កម្លាំង​របស់​លោកស្រី​ឲ្យ​តាម​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​យក​មក​សាកសួរ​អំពី​ហេតុផល​ដែល​ជន​ខាងលើ​បាន​ធ្វើ​សកម្មភាព​ទៅ​លើ​ក្មេង​ប្រុស​ទាំងនោះ​។

លោកស្រី​បន្ថែម​ថា កាលពី​កន្លង​ទៅ ធ្លាប់​មាន​ជនបរទេស ធ្វើ​សកម្មភាព​បែប​នេះ​ទៅ​លើ​ក្រុម​ក្មេង​ប្រុស​អ៊ីចឹង​ទេ ម្តងនេះ​យើង​មិន​ទាន់​ដឹង​ថា ជន​ខាងលើ​ធ្វើ​សកម្មភាព បែប​នេះ​ក្នុង​គោលបំណង​អ្វី​នោះ​ឡើយ ប៉ុន្តែ​យើង​អាច​ដឹង​ហេតុផល បន្ទាប់​ពី​នាំ​ខ្លួន​ជន​នេះ​យក​មក​សាកសួរ​។ លោកស្រី​នាយការិយាល័យ​បន្ត​ថា មុន​ពេល​សមត្ថកិច្ច ចុះ​ដល់​កន្លែង​កើតហេតុ ជនសង្ស័យ​បាន​ជិះ​កង់​ធុន​ធំ​គេចខ្លួន​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ញូ​វ​រី​វើ​សាយ ក្នុង​បន្ទប់​លេខ​២០២​។

តែ​ដោយ​មានការ​សហការ​ល្អ​ពី​ម្ចាស់​សណ្ឋាគារ សមត្ថកិច្ច​បាន​ចូល​ទៅ​នាំ​ខ្លួន​ជន​ខាងលើ ចេញ​មក​ខាងក្រៅ​សណ្ឋាគារ​។ ក្នុង​ពេល​ចាប់ខ្លួន​ជនសង្ស័យ បាន​ប្រាប់​ថា លិខិតឆ្លងដែន របស់​គេ​បាន​ផ្ញើ​ទុកជា​មួយ​អ្នក​ភូមិ​ឯ​ស្រុក​អង្គរ​ក្រៅ​។ ជាមួយនឹង​ការ​ឆ្លើយ​បែប​នេះ សមត្ថកិច្ច​បាន​ឆែក​រក​ឃើញ​មាន​ម៉ាស៊ីនថតរូប និង​ឧបករណ៍​ផ្សេង​ៗ​មួយ​ចំនួន​។ បច្ចុប្បន្ន ជនសង្ស័យ​(​បរទេស​) ម្នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត កំពុង​សាង​សួរ នៅ​កន្លែង​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​៕