ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​ផ្សារ​ប៉ា​ហ៊ី ភរិយា​មន្ត្រី​គយ​ភ្ជង់​កាំភ្លើង កំចាយ​ស្រី​ស្នេហ៍​លោក​ប្តី

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ប្រពន្ធ​មន្ត្រី​គយ បាន​បើករថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ប្រពន្ធ​មន្ត្រី​គយ បាន​បើករថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ នាំ​បក្ខពួក​ចូល​ទៅ​ឈប់​នៅ​ក្បែរ​ផ្សារ​សាមគ្គី​ហៅ​ផ្សារ​ប៉ា​ហ៊ីរួច​ចុះ​ពី​រថយន្ត​ដើរ​ចូល​ទៅ​ចាប់​ក្របួច​ក​អាវ​ស្ត្រី​វ័យក្មេង​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​ប្រពន្ធចុង​របស់​ប្តី ហើយ​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​១​ដើម​បង្ហាញ ។ បន្ទាប់​មក ក៏​ចាប់ផ្តើម​វាយ​នាង និង​បង្ខំ​ឱ្យ​ចូល​ទៅ​ក្នុង​រថយន្ត ហើយ​បើក​ចេញ​ទៅ​ទិស​ខាងកើត​បាត់​ស្រមោល​តែ​ម្តង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែមេសា នៅ​ខាងជើង​ផ្សារ​សាមគ្គី​ហៅ​ផ្សារ​ប៉ា​ហ៊ី ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​អាជីវករ​លក់​បន្លែ ត្រី សាច់ តាម​ដងផ្លូវ​ក្បែរផ្សារ​ខាងលើ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ស្ត្រី​២​នាក់​ជិះ​រថយន្ត​ម៉ាក​ហា​យឡែ​ន​ឌ័​រ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AN-៧៦៨៣ទៅ​ឈប់​ចត​នៅ​ខាង​មុខ​សាលារៀន​ឯកជន​មួយ ក្បែរ​ផ្សារ ។ បន្ទាប់​មក នាំ​គ្នា​ចុះ​ពី​រថយន្ត​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ​ត្រី​ដែល​ទើបនឹង​សាងសង់​ថ្មី ហើយ​ក៏​ចាប់​ស្ត្រី​វ័យក្មេង​ម្នាក់ រួច​យក​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក​បង្ហាញ និង​វាយ​បញ្ចូល​ទៅ​ក្នុង​រថយន្ត ។ ហេតុការណ៍​នេះ ធ្វើ​ឱ្យ​អ្នក​លក់ដូរ​តាម​ដងផ្លូវ​និង​ក្នុង​ផ្សារ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ប៉ុន្តែ​ពួក​គេ​បាន​ត្រឹមតែ​ឈរ​មើល​ប៉ុណ្ណោះ មិន​ហ៊ាន​ចូល​ជួយ​អន្តរាគមន៍​ទេ ។ បន្ទាប់​មក ស្ត្រី​ទាំង​២​នាក់​នោះ​បាន​បើករថយន្ត​ដឹក​ស្ត្រី​រង​គ្រោះ​ចេញ​ទៅ​ទិស​ខាងកើត​បាត់​ស្រមោល​ទៅ ។

ប្រភព​ដដែល​បន្ត​ថា ស្ត្រី​វ័យក្មេង​អាយុ​ជាង​២០​ឆ្នាំ​នេះ ជា​អ្នក​លក់ដូរ​សម្លៀក​បំពាក់​នៅ​ក្នុង​ផ្សារ ហើយ​គេ​សង្ស័យ​ថា​ជា​ប្រពន្ធ​លួចលាក់​របស់​មន្ត្រី​គយ​ម្នាក់​នៅ​ស្រុក​កំ​រៀង លុះ​ប្រពន្ធដើម​ដឹង​រឿង​ក៏​នាំ​បក្ខពួក​ទៅ​វាយ​គំរាម​ដោយ​កាំភ្លើងខ្លី ហើយ​អូស​ចូល​រថយន្ត​តែ​ម្តង ។

ឯ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​២​នាក់​នោះ​ដែល​មាន​កាំភ្លើងខ្លី​កាន់​នៅ​នឹង​ដៃ គេ​សង្ស័យ​ថា​ជា​ប្រពន្ធ​របស់​សមត្ថកិច្ច​នៅ​ស្ថាប័ន​ណាមួយ​ជាក់​ជា​មិន​ខាន ។ ទោះបីជា​យ៉ាងណា ក៏​មិន​គួរ​ឱ្យ​ស្ត្រី​រូប​នេះ​កាន់​កាំភ្លើង​ដោយ​អត់​មាន​លិខិត​ស្នាម​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ត្រឹមត្រូវ​នោះ​ឡើយ ហើយ​បើសិនជា​យក​កាំភ្លើង​នោះ​ទៅ​បាញ់​សម្លាប់​គេ នោះ​នឹង​មានរឿង​កើតឡើង​កាន់តែ​ធំ​ជាក់​ជា​មិន​ខាន ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក លឹ​ម វាសនា អធិការ​នគរបាល​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ខុស​ពី​ព័ត៌មាន​នៅ​ក្នុង​ផ្សា​រថា ករណី​វាយ​គ្នា​នៅ​ក្នុង​ផ្សារ​សាមគ្គី​ហៅ​ផ្សារ​ប៉ា​ហ៊ី​នេះ ខាង​លោក​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​រួចរាល់​អស់ហើយ អត់​ឃើញ​មាន​ពាក់ព័ន្ធ​នឹង​កាំភ្លើងខ្លី​អ្វី​នោះ​ទេ​។ ចំណែក​ការ​វាយតប់​គ្នា​នោះ គឺជា​ការ​ឈ្លោះ​ទាស់ទែង​រវាង​បងប្អូន​ឯង របស់​ស្ត្រី​លក់ដូរ​នៅ​ក្នុង​ផ្សារ​ប៉ុណ្ណោះ ហើយ​ក៏​មានការ​ដោះ​លែង​ស្ត្រី​រង​គ្រោះ​ឱ្យ​ត្រឡប់​មក​វិញ​ហើយ​ដែរ ៕