ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អុល សំអាង មិន​ចង់​ឃើញ​សិល្បៈ​ល្ខោនបាសាក់​មហាជន រស់នៅ​តាម​បែប​យថាកម្ម

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​នាម​ជា​អ្នកដឹកនាំ​វង់​ល្ខោន មានកេរ្តិ៍ឈ្មោះ​មួយ​រូប​លោក អុល សំអាង បាន​លើក​ឡើង​ថា លោក​មិន​ចង់​ឃើញ​សិល្បៈ​ល្ខោនបាសាក់​មហាជន រស់នៅ​តាម​បែប​យថាកម្ម ដោយ​មិន​មានការ​ជួយ​ជ្រោមជ្រែង និង​គាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ និង​មហាជន​នោះ​ឡើយ ក្នុង​ពេល​

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​អ្នកដឹកនាំ​វង់​ល្ខោន មានកេរ្តិ៍ឈ្មោះ​មួយ​រូប​លោក អុល សំអាង បាន​លើក​ឡើង​ថា លោក​មិន​ចង់​ឃើញ​សិល្បៈ​ល្ខោនបាសាក់​មហាជន រស់នៅ​តាម​បែប​យថាកម្ម ដោយ​មិន​មានការ​ជួយ​ជ្រោមជ្រែង និង​គាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ និង​មហាជន​នោះ​ឡើយ ក្នុង​ពេល​ស្ថានការណ៍​ភាព​សង្គម​កំពុង​តែ​មាន​ភាព​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ទំនើប​ៗ​ផង​នោះ ដែល​ធ្វើ​ឲ្យ​វិស័យ​សិល្បៈ​ល្ខោនបាសាក់ ពិបាក​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​មហាជន​។

ប្រធាន​ក្រុម​សិល្បៈ​ល្ខោនបាសាក់ អុល សំអាង វង់​ទី​១ រាជធានី​ភ្នំពេញ លោក អុល សំអាង បាន​លើក​ឡើង​ប្រាប់​កោះសន្តិភាព​ថា សូមកុំ​បណ្ដោយ​ឱ្យ​សិល្បៈ​ល្ខោនបាសាក់​មហាជន រស់នៅ​តាម​បែប​យថា កម្ម ហើយ​លោក​ជឿជាក់​ថា បងប្អូន​ខ្លះ​ធ្លាប់​បានដឹង បាន​ស្ដាប់ ឬ​បានលឺ​អំពី​ការ​ពិបាក ឬ​ផល​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ក្រុម​ល្ខោន​មួយ ឬ​សិល្បៈ​មួយ​ក្រុម គឺ​មានការ​ពិបាក​ខ្លាំង​ក្នុង​ការ​បង្កើត​ការ​គ្រប់គ្រង និង​ការ​ដឹកនាំ​ក្នុង​ស្ថានការណ៍​សង្គម​កំពុង​តែ​មាន​ភាព​រីក​ចម្រើន មាន​បច្ចេកវិទ្យា​ទំនើប​ៗ​ផង​នោះ វិស័យ​សិល្បៈ​ល្ខោនបាសាក់ ក៏​មានការ​ពិបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ដឹកនាំ ក្នុង​ការ​ប្រមូល​ចងក្រង​សំដែង​។

លោក​បញ្ជាក់​ថា ទាំង​ក្រុម​របស់​លោក និង​ក្រុម​ដទៃ​ទៀត គួរតែ​ត្រូវ​បាន​ជួយ​ជ្រោមជ្រែង​អំពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស​លើ​បណ្ដាញ​សង្គម​ព័ត៌មាន​ផ្សេង​ៗ​ជួយ​ជ្រោមជ្រែង​បន្ថែម​ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ​ពង្រឹង ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ក្រុម​សិល្បៈ​ល្ខោនបាសាក់​។

លោក​ថា សម្រាប់​ក្រុម​លោក គឺ​បាន​ខិតខំ​យ៉ាង​សកម្ម​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ការ​អភិរក្ស​អភិវឌ្ឍ​ទម្រង់​ល្ខោនបាសាក់​ឲ្យ​បាន​ល្អ​ប្រសើរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ​យើង ដែល​លោក​បាន​បន្សល់​ទុក​។

បើ​តាម​លោក អុល សំអាង ថា ការ​ជ្រោមជ្រែង​ឧបត្ថម្ភ​ទាំង​សម្ភារៈ និង​បច្ចេកទេស​ពី​សំណាក់​អ្នកជំនាញ​ផ្នែក​សិល្បៈ គឺជា​ការ​លើកទឹកចិត្ត​ផ្ដល់​កម្លាំងចិត្ត ជាស​មានចិត្ត គឺជា​ទឹកចិត្ត​ដ៏​ប្រពៃ​ថ្លៃថ្លា​ក្នុង​ការ​ចូលរួម​ថែរក្សា រួម​សហការ​ការពារ​ដើម្បី​កុំឱ្យ​ទម្រង់​សិល្បៈ​ល្ខោនបាសាក់​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​របស់​ខ្មែរ​នេះ​បាត់បង់​។

លោក​បាន​លើក​ឡើង​បន្ថែម​ថា ក្រុម​សិល្បៈ អុល សំអាង កំពុង​តែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ច្នៃប្រឌិត​បន្ថែម​បង្កើន​ទេព​កោសល្យ​ក្នុង​ការ​សម្ដែង ដើម្បី​រក្សា​បាន​នូវ​ក្បាច់ក្បូរ​ហួ​ន​ក្នុង​ទំរង់​ល្ខោន​បទ​ចម្រៀង បា​សាក់​មហោរី​ច្នៃ​បទ​សម័យ​ក្នុង​ការ​រំលេច​នៅ​ក្នុង​ទម្រង់​ល្ខោនបាសាក់​ខ្មែរ​។ ចំណែក​សំលៀក​បំពាក់ គឺជា​កត្តា​សំខាន់​ដែល​ក្រុម​លោក​បាន​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​កែ​ច្នៃ និង​រក្សា​ទៅ​តាម​ទម្រង់​ខ្មែរ ការ​ស្លៀកពាក់​រក្សា​លក្ខណៈ​ប្រពៃណី​ជាតិ​ប្រពៃណី​ខ្មែរ ក្នុង​ពេល​ឧបករណ៍​តន្ត្រី ក៏​ជា​កត្តា​សំខាន់​ដើរតួ​នាទី​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ការ​សម្ដែង​ក្នុង​ការ​ប្រគំ​ដើម្បី​ឲ្យ​ទស្សនីយ៍ភាព​ផ្នែក​ល្ខោនបាសាក់ រឹតតែ​មាន​ចំណាប់អារម្មណ៍​អំពី​ទស្សន​ជន​មហាជន​ប្រជាជន​តាម​ស្រុកស្រែ​ចម្ការ​។

លោក​បញ្ជាក់​ថា ក្រុម​សិល្បៈ​ល្ខោនបាសាក់​អុល​សំអាង ក៏​កំពុង​តែ​ខិតខំ​បណ្ដុះបណ្ដាល​ចែករំលែក​ដល់​បងប្អូន​ដែល​ជា​អ្នក​បន្តវេន ដើម្បី​ចូលរួម​ទ្រទ្រង់​ផ្សព្វផ្សាយ​ថែរក្សា​ការពារ​ទុកជា​គំរូ​ដ៏​ល្អ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង​ទៅ​តាម​បែបបទ​នៃ​កា​រវិ​វត្ត​របស់​សង្គម​ជាតិ​។

ទោះបីជា ក្រុម​សិល្បៈ អុល សំអាង ជួប​ប្រឈម​នឹង​បញ្ហា​ខ្លះ​ៗ​ដែល​កើត​មាននៅ​ក្នុង​ក្រុម​យ៉ាងណា​ក្តី ក៏​ប៉ុន្តែ​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​សិល្បករ​ក្នុង​ក្រុម នៅ​តែ​ក្រាញននៀល​តស៊ូ ដើម្បី​បន្តវេន​ប្រឹងប្រែង ខិតខំ​ថែរក្សា​ការពារ​ទម្រង់​ល្ខោនបាសាក់​របស់​ជាតិខ្មែរ​យើង ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រពៃ​បែប​លក្ខណៈ​ខ្មែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ