ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្ហាញ​កម្មវិធី​ពហុបំណង​ជំរុញ​បដិវត្តន៍ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និកនៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​ចិន​បាន​បង្ហាញ​កម្មវិធី​មានឈ្មោះ​ថា WeChat និង AliPay ជា​កម្មវិធី​ពហុ​បំណង​អាច​ជំរុញ​បដិវត្តន៍​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា ។
កម្មវិធី​នេះ​ធ្វើ​ឲ្យ​មាន​អ្នក​ចាប់អារម្មណ៍​ចង់​

រាជធានី​ភ្នំពេញ ៖ ប្រទេស​ចិន​បាន​បង្ហាញ​កម្មវិធី​មានឈ្មោះ​ថា WeChat និង AliPay ជា​កម្មវិធី​ពហុ​បំណង​អាច​ជំរុញ​បដិវត្តន៍​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា ។

កម្មវិធី​នេះ​ធ្វើ​ឲ្យ​មាន​អ្នក​ចាប់អារម្មណ៍​ចង់​ចូលរួម​ក្នុង​បដិវត្តន៍​ឌី​ជី​ថ​ល​ចល័ត​របស់​កម្ពុជា ដែល​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ជោគជ័យ​ដ៏​មហិមា​របស់​ចិន ដោយ​ប្រើប្រាស់​ជាមួយ​ឧបករណ៍​ចល័ត​ដូច​ជា WeChat ឬ AliPay​ជាដើម ដែល​ជា​កម្មវិធី​ប្រើប្រាស់​សម្រាប់​ការ​ផ្ញើ​សារ ទិញ​ទំនិញ និង​មុខងារ​ផ្សេង​ៗ ហើយ​កម្មវិធី​នេះ​បាន​វាយលុក​ទីផ្សារ​ចិន និង​ទីកន្លែង​ដទៃ​ទៀត ។

ក្នុង​រយៈកាល​ពីរ​បី​ឆ្នាំ​កន្លង​មកនេះ យុវជន​កម្ពុជា​បាន​ជាប់​ចិត្តនឹង​បណ្ដាញ​សង្គម កម្មវិធី Chat និង​ចែករំលែក​ព័ត៌មាន​ផ្សេង​ៗ​របស់​លោក​ខាងលិច ដូច​ជា Facebook, Youtube, Instagram និង What’s App ជាដើម ។

យោង​តាម​ស្ថិតិ​ពី​រាជរដ្ឋាភិបាល កម្មវិធី​ប្រើប្រាស់​លើ​ឧបករណ៍​ចល័ត​ទាំងនេះ គឺជា​ឧបករណ៍​ទាក់ទាញ​ឲ្យ​ប្រជាជន​កម្ពុជា​ប្រើប្រាស់​សេវា​អីុ​ន​ធើ​រ​ណែ​ត​ចល័ត ។ បច្ចុប្បន្ន អ្នក​ប្រើប្រាស់​ចំនួន​៦,៣​លាន​នាក់​មាន​លទ្ធភាព​ស្វែងរក​ទិន្នន័យ​តាម​អីុ​ន​ធើ​រ​ណេ​ត ដោយ​ប្រើប្រាស់​ឧបករណ៍​ចល័ត​បែប​នេះ ។

កាលពី​ពេល​ថ្មី​ៗ​នេះ ប្រជាជន​កម្ពុជា​ដែល​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល អាច​ប្រើប្រាស់​សេវា​ឌី​ជី​ថ​ល​បង្កើត​ក្នុងស្រុក​កាន់តែ​ច្រើន​ឡើង​ៗ​។ សេវា​ទាំងនេះ​បាន​ចាប់ផ្ដើម​ផ្លាស់​ប្ដូរ​ការ​រំពឹង​ទុក​ចំពោះ​មុខងារ​អាច​ប្រើប្រាស់​បាន​នៅ​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ឬ Tablet ។

ប៉ុន្តែ​ប្រព័ន្ធ​មជ្ឈដ្ឋាន​នៃ​សេវា​ឌី​ជី​ថ​ល​ចល័ត​របស់​កម្ពុជា​មាន​លក្ខណៈ​តូច​ចង្អៀត និង​បែកខ្ញែក ហើយ​ការ​ប្រើប្រាស់​ក្រដាសប្រាក់​នៅ​តែ​គ្របដណ្ដប់​នៅឡើយ បើ​និយាយ​អំពី​ការ​ទិញ​ទំនិញ ឬ​សេវា​ផ្សេង​ៗ ។

លោក ថូ​ម៉ាស់ ផូករ​នី (Tomas Pokorny) អ្នកត្រួសត្រាយ​ផ្លូវ​ដំបូង​គេ​លើ​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា ហើយ​បច្ចុប្បន្ន​កំពុង​ដឹកនាំ​ការងារ​បង្កើត​កម្មវិធី​ប្រើ​ប្រាស់​ឧបករណ៍​ចល័ត​ថ្មី​មួយ​ឈ្មោះ​ថា Pi Pay សង្ឃឹមថា នឹង​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​នេះ ។

លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ មេ​សា​ថា ៖ « ទីផ្សារ​នេះ​នៅ​មិន​ទាន់​ត្រៀមលក្ខណៈ​បាន​១០០% នៅឡើយ​ទេ​សម្រាប់​ការ​ចាយវាយ​ដោយ​មិន​ប្រើ​ក្រដាសប្រាក់ ប៉ុន្តែ​បើ​អ្នក​គិតដល់​ចំនួន​ក្រុមហ៊ុន​ថ្មី​ផ្នែក​បច្ចេកវិទ្យា​ថា តើ​មាន​ប៉ុន្មាន​នៅ​ក្នុង​ទីផ្សារ​មួយ​នេះ ដែល​ផ្ដល់​សេវា​លើ​ផ្នែក​ផ្គត់ផ្គង់​អាហារ ការ​ទិញ​ទំនិញ​តាម​អន​ឡាញ ការ​ទូទាត់ ឬ​សេវា​ដឹក​ជញ្ជូន​ជាដើម ដែល​កំណើន​ទីផ្សារ​កើត​មាន​តាម​រយៈ​យុវជន​ប្រើប្រាស់​បណ្ដាញ​សង្គម និង​អីុ​ន​ធើ​រ​ណេ​ត​។ ដូច្នេះ យើង​ជឿជាក់​ថា ដល់​ពេល​ហើយ​ដែល​ត្រូវ​ចាប់​ផ្ដើម​ដំណើរការ​អភិវឌ្ឍន៍​កម្មវិធី​ថ្មី​បម្រើ​ការ​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា ប្រៀប​បាន​នឹង​កំពូល​កម្មវិធី​ដូច​ជា WeChat ដែល​បាន​បម្រើ​វិស័យ​នេះ​ក្នុង​ប្រទេស​ចិន​ដូច្នោះ​ដែរ » ។

បុគ្គល​នានា​ស្ថិត​ក្នុង​រង្វង់​ទីផ្សារ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​ក្មេងខ្ចី​ក្នុង​ប្រទេស​កម្ពុជា បាន​កោតសរសើរ​ដល់​ជោគជ័យ​នៃ​កំពូល​កម្មវិធី​របស់​ចិន ពីព្រោះ​កម្មវិធី​ទាំងនោះ​បាន​ផ្លោះ​រំលង​បច្ចេកវិទ្យា​ចាស់ ដើម្បី​បំពេញតម្រូវការ​យុវជន​ជំនាន់​ថ្មី​កើតមក​ក្នុង​សម័យ​ឌី​ជី​ថ​ល ។

ចំណែក​លោក កាយ ឡូត ពាណិជ្ជករ​កម្ពុ​ជាមួយ​រូប ដែល​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ​លើ​វិស័យ​ធនាគារ ទូរស័ព្ទ​ចល័ត និង​សេវា​ទូទាត់ មាន​ប្រសាសន៍​ថា ៖ « កម្មវិធី​នានា​ដូច​ជា WeChat និង AliPay ជាដើម បាន​ទទួល​ជោគជ័យ​ដូច្នេះ ក៏​ដោយសារ​តែ​កម្មវិធី​ទាំងនេះ​ជួយ​បម្រើ​ដល់​ការ​រស់នៅ​បែប​ទំនើប ទាំង​ការ​រស់នៅ​ក្នុង​សង្គម​អន​ឡាញ និង​ពិភព​ពិត ។ អ្នក​អាច​ប្រើប្រាស់​កម្មវិធី​ទាំងនេះ​ដើម្បី​ផ្ទេរ​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​មួយ​ទៅ​ឲ្យ​មនុស្ស​ណា​ម្នាក់​តាម​ការ​ចង់បាន ប៉ុន្តែ​អ្នក​ក៏​អាច​ប្រើប្រាស់​កម្មវិធី​នេះ​នៅ​ក្នុង​ហាង​ទំនិញ​ទូទៅ ដើម្បី​ទិញ​ទំនិញ​ជាក់លាក់​ណាមួយ បន្ទាប់​មក​អ្នក​អាច​ប្រាប់​ទៅ​កាន់​មិត្តភក្តិ​នៅ​ពេល​កំពុង Chat អំពី​ការ​ទិញ​អាហារ​ថ្ងៃត្រង់ ឬ​កាបូបដៃ ឬអ្វី​ៗ​ផ្សេង​ទៀត ហើយ​មិត្តភក្តិ​របស់​អ្នក​អាច​ទិញ​ទំនិញ​ដូច​គ្នា​នេះ​តាម​អីុន​ធើ​រ​ណេ​ត​ក៏​បាន ។ ខណៈ​ជីវិត​របស់​យើង​ឆ្លងកាត់​ទាំង​ពិភព​ពិត និង​ពិភព​និមិត្ត ដូច្នេះ​បច្ចេកវិទ្យា ក៏​ត្រូវ​ទៅ​តាម​ដូច្នេះ​ដែរ » ។

ថ្វី​ដ្បិតតែ​ឱកាស​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​នូវ​កំពូល​កម្មវិធី​បែប​នេះ​ក្នុង​ទីផ្សារ​កម្ពុជា​ហាក់​កើនឡើង​ក្តី ប៉ុន្តែ​បញ្ហា​ប្រឈម​នៅ​តែ​មាន ពោល​គឺ​កម្ពុជា ជាទី​ផ្សារ​តូច​មួយ​ប្រើប្រាស់​រូបិយប័ណ្ណ​ពីរ ជាមួយ​កត្តា​ប្រជាជន​មាន​គម្លាត​ពី​គ្នា​យ៉ាង​ច្បាស់​រវាង​អ្នកមាន​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល និង​គ្មាន​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល ។

អ្នក​តាមដាន​ប្រព័ន្ធ​សង្គម​ក៏​បាន​និយាយ​ថា «​ទីផ្សារ​បែកខ្ញែក​» សម្រាប់​វិស័យ​សេវាកម្ម​ឌី​ជី​ថ​ល​នៅ​កម្ពុជា អាច​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ ដោយសារ​តែ​មាន​ជម្រើស​ផ្សេង​ៗ​ជា​ច្រើន​សម្រាប់​អតិថិជន​ប្រើប្រាស់ ដូច​ជា ប្រព័ន្ធ​ទូរគមនាគមន៍​ចល័ត​ដែល​ផ្ដល់​សេវា​ទូទាត់ និង​ផ្ទេរ​ប្រាក់ ឬ​ធនាគារ​ប្រកួតប្រជែង​ជាមួយ​គ្នា ឬ​ក៏​ប្រជែង​នឹង​ខ្លួនឯង ដោយ​ផ្ដល់​នូវ​ប័ណ្ណឥណទាន​ខុស​ៗ​គ្នា កម្មវិធី​ប្រើប្រាស់​លើ​ឧបករណ៍​ចល័ត និង​ការ​ផ្ទេរ​ប្រាក់​តាម​ម៉ាស៊ីន ATM ជាដើម ។

លោក ផូករ​នី អ្នកដឹកនាំ​ក្រុមការងារ​បង្កើត​កម្មវិធី Pi Pay មាន​ប្រសាសន៍​ថា ៖ « គន្លឹះ​ដើម្បី​ជោគជ័យ​នៅ​ទី​នេះ ប្រហែលជា​ត្រូវ​ប្រើ​វិធីសាស្ត្រ​ចាប់​ដៃគូ​ជាមួយ​អ្នក​ផ្ដល់​សេវា​ផ្សេង​ៗ​គ្នា ជា​ជាង​ប្រើប្រាស់​វិធីសាស្ត្រ​ប្រកួតប្រជែង​»​។

លោក​បន្ថែម​ថា ៖ « ហេតុ​អ្វី​បានជា​យើង​មិន​បង្កើត​កម្មវិធី​មួយ​របស់​កម្ពុជា ដែល​អាច​ផ្ទេរ​ប្រាក់​ទៅ​កាន់​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​ផ្សេង ផ្ទេរ​ប្រាក់​ទៅ​ម៉ាស៊ីន ATM របស់​ធនាគារ​នានា ហើយ​ត្រូវ​បាន​ទទួលយក​ទៅ​ប្រើប្រាស់​ដោយ​អាជីវករ​រាប់​ពាន់​នាក់​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​លក់ដូរ ដែល​អាច​ប្រើប្រាស់​ជាមួយ​ប័ណ្ណ​ដទៃ​ទៀត ឬ​ការ​ទូទាត់​តាម​អីុន​ធើ​រ​ណេ​ត​ជាដើម ។ យើង​ត្រូវការ​បច្ចេកវិទ្យា​ដែល​គាំទ្រ ឬ​ពង្រឹង​ការ​រស់នៅ​របស់​យើង រាប់​ចាប់ពី​ការ​កសាង​បណ្ដាញ​សង្គម រហូត​ដល់​ការ​ទិញ​ទំនិញ និង​ការ​គ្រប់គ្រង​លុយកាក់​របស់​យើង​ផង​ដែរ » ៕