ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​គយ​ថៃ​ទារ​លុយ​ច្រើន ខ្មែរ​យក​រទេះ​បិទ​ព្រំដែន

7 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ កម្មករ​អូស​រទេះដឹក​ទំនិញ​ចម្រុះ បាន​លើក​គ្នា​យក​រទេះ​ដាក់​បិទ​ស្ពាន​ព្រំដែន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ដោយសារ​ខឹងសម្បា​នឹង​គយ​ថៃ​

បន្ទាយ​មាន​ជ័យ ៖ កម្មករ​អូស​រទេះដឹក​ទំនិញ​ចម្រុះ បាន​លើក​គ្នា​យក​រទេះ​ដាក់​បិទ​ស្ពាន​ព្រំដែន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ដោយសារ​ខឹងសម្បា​នឹង​គយ​ថៃ​ទារ​លុយ​ថ្លៃ​ពេក ដែល​ក្នុង​មួយ​រទេះ​៥០០​បាត​ទៅ​១.០០០​បាត ដែល​ពួកគាត់​យល់​ថា ពិបាក​រកស៊ី​ណាស់​បើ​គយ​ថៃ​តម្រូវ​បែប​នេះ ។

ការ​តវ៉ា​នេះ​ក្រុម​កម្មករ​បាន​នាំ​គ្នា​យក​រទេះ​តូច​ធំ​ដាក់​បិទ​ពេញ​លើស្ពាន​ព្រំដែន ប៉ុន្តែ​ខាង​ផ្លូវ​ថ្មើ​រ​ជើង​ទាំង​សងខាង អ្នក​ដំណើរអា​ច​ដើរទៅ​មក​ជា​ធម្មតា ។ បន្ទាប់​ពី​ក្រុម​កម្មក​រលើក​គ្នា​ដាក់រទេះ​បិទ​ស្ពាន​ព្រំដែន​ពាក់កណ្តាល​ខាង​ខ្មែរ បែរជា​ខាង​ថៃ ឃើ​ញ​ដាក់​ដំបង​តូច​ធ្វើ​ជា​បារាស​ទទឹង​ខាង​ដី​ថៃ ក្បែរ​ស្ពាន​ព្រំដែន មិន​ឲ្យ​រទេះ​និង​យានយន្ត​របស់​ខ្មែរ​ឆ្លងកាត់​ដូច​គ្នា ។

ក្រុម​កម្មករ​អូស​រទេះ​ខ្មែ​រលើក​ឡើង​ថា មុន​ការ​តវ៉ា​ពួក​គេ​បាន​ដាក់​ពាក្យ​ទៅ​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើ​ម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ភាគី​ថៃ ឲ្យ​បញ្ឈប់​ការ​យក​ថ្លៃ​ពី​រទេះ​ព្រោះ​វា​ជា​ទំនិញ​របស់​ថៃ ដែល​បាន​ទិញ​ត្រឹមត្រូវ​មិនមែន​ជា​របស់​លួច​ឆក់​នោះ​ទេ ។ ពួក​គាត់​ថា លិខិត​ដាក់​សុំ​អន្តរាគមន៍​ជួយ​នោះ​ជាង​១​ខែ​ហើយ បែរជា​ពុំ​មាន​លទ្ធផល ឬ​ការ​ឆ្លើយ​តប​នោះ​ទេ ។ ម្យ៉ាង​ខាង​ថៃ​នៅ​តែ​បន្ត​ទារ​ថ្លៃ​រទេះដឹក​ទំនិញ​ថ្លៃ​ដដែល ក្នុង​១​រទេះ​ពី​៥០០​ទៅ​១០០០​បាតប្រាក់​ថៃ តាម​ទំនិញ​តិច​ច្រើន ទើ​ប​ពួក​គាត់​កើត​ទុក្ខ​មិន​សុខចិត្ត​លើក​គ្នា​តវ៉ា​ដាក់រទេះ​បិទ​ស្ពាន​ព្រំដែន​តែ​ម្តង ។

ពួក​គាត់​បន្ត​ថា ការ​តវ៉ា​នេះ​ក្នុង​គោលបំណង​សុំ​ឲ្យ​ភាគី​ថៃ​បញ្ឈប់​ការ​យក​ថ្លៃ​រទេះដឹក​ទំនិញ​ក្នុង​តម្លៃ​ខ្ពស់​តទៅ​ទៀត ។ យ៉ាងណា​ក៏​ដោយ​ការ​តវ៉ា​បិទ​ស្ពាន​ខាងលើ ត្រូវ​បាន​រំសាយ​វិញ​ទាំង​សងខាង ខណៈ​មន្ត្រី​និង​សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​នៃ​ប្រទេស​ទាំង​២ រួម​ទាំង​តំណាង​កម្មករ​បាន​ជួប​ចរចា​គ្នា​លើទឹកដី​ថៃ ។

សមត្ថកិច្ច​កម្ពុជា​បាន​ប្រាប់​ថា ការ​ចរចា​បាន​ឈាន​ដល់​ការ​យោគយល់​គ្នា​ទុក​ឲ្យ​អាជ្ញាធរ និង​មន្ត្រី ព្រមទាំង​សមត្ថកិច្ច​ជាប់​ព្រំដែន​ជួប​គ្នា ដើម្បី​រក​ដំណោះស្រាយ​នា​ពេល​ខាង​មុខ ពោល​គឺ​បញ្ចៀស​ឲ្យ​បាន​នូវ​ការ​បាត់បង់​សណ្តាប់ធ្នាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំហូរ​ទំនិញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម តាម​ច្រក​ទ្វារ​អន្តរជាតិ​ខាង​លើ​នេះ ។ សមត្ថកិច្ច​បន្ត​ថា ខាង​ភាគី​គយ​ថៃ​បាន​សុំ​ឲ្យ​គ្រប់​រទេះដឹក​ទំនិញ​ចេញពី​ដី​របស់​គេ មិន​ឲ្យ​លើស​កំណត់​ទឹកប្រាក់​៥​ម៉ឺន​បាត​ឡើយ បើលើសត្រូវ​ទៅ​សុំ​វិក្កយបត្រ ដើម្បី​នាំ​ទំនិញ​ចេញ​(​ទំនិញ​អត់​ឯកសារ​) ។

ជុំវិញ​បញ្ហា​ខាង​លើ​លោក វួ​ច អូន ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ប្រាប់​កោះសន្តិភាព​ថា ការណ៍​ពិត​ក្រុម​កម្មករ​បាន​ដាក់​ពាក្យសុំ​ឲ្យ​ខាង​លោក​ជួយ​អន្តរាគមន៍ ទៅ​ភាគី​ថៃ​មែន ។ លោក​បន្ត​ថា មិន​បាន​ព្រ​ងើ​យ​កន្តើយ​ទេ គឺ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ខេត្ត​រួច​ហើយ​ៗ​ក៏​បាន​បញ្ជូន​ឯកសារ​ទៅ​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ​ថៃ ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង ។

លោក​ថា ជា​ការ​ឆ្លើយ​តប​អគ្គ​កុងស៊ុល ទើប​ផ្លាស់​ប្តូរ​មក​ថ្មី លោក ហ៊ុន សា​រឿ​ន ថា បាន​ណាត់​ជាមួយ​មន្ត្រី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថៃ​រួច​ហើយ​ៗ​គ្រោង​ជួប​ពិភាក្សា​គ្នា នៅ​រសៀល​ថ្ងៃ​ទី​៣០ មីនា បែរជា​កម្មក​រលើ​ក​គ្នា​តវ៉ា​ដាក់រទេះ​បិទ​ស្ពាន មុន​ពេល​មាន​ដំណោះស្រាយ​ទៅ​វិញ​។ តាម​ព័ត៌មាន​ចុង​ក្រោយ​ពី​តំណាង​កម្មករ​និយាយ​ថា ពេល​នេះ​ភាគី​ថៃ ព្រមយក​តម្លៃ​រទេះដឹក​ទំនិញ​ដូច​ដើ​ម​វិញ​ហើ​យ គឺ​១​រទេះ​ពី​១០០​ទៅ​២០០​បាត តាម​ទំនិញ​តិច​ច្រើ​ន ហើយ​ដាក់​កំណត់​ឲ្យ​ដឹក​ទំនិញ​ក្នុង​រទេះ​មិន​ឲ្យ​លើស​ពី​ទឹកប្រាក់​៥​ម៉ឺន​បាត បើ​លើ​ស​គេ​តម្រូវ​ឲ្យ​រាល់​រទេះ​ទៅ​សុំ​វិក្កយបត្រ​នាំ​ចេញ ៕