ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាល​សត្វ​ជន្លេន​រក​កម្រៃ​មួយ​ថ្ងៃ​ពី​៣​ទៅ​១០​ម៉ឺន​រៀល ជួយ​ផ្គត់ផ្គង់​ជីវភាព​ពលរដ្ឋ​ក្នុង​ឃុំ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ជន្លេន គឺជា​សត្វ​ល្មូ​ន​ក្នុង​ដី​មួយ​ប្រភេទ ដែល​គ្រប់​គ្នា​ខ្ពើមរអើម​ស្ទើរតែ​មិន​ហ៊ាន​ប៉ះ​កាន់​នោះ​ទេ ប៉ុន្តែ​ក្រោយ​ពី​មាន​សិប្បកម្ម​កែ​ច្នៃ​ជន្លេន​មួយ​កន្លែង នៅ​ភូមិ​អូរ​សណ្ដាន់​ថ្មី ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ បែរជា​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មានឱកាស

ខេត្តកំពង់ឆ្នាំង ៖ ជន្លេន គឺជា​សត្វ​ល្មូ​ន​ក្នុង​ដី​មួយ​ប្រភេទ ដែល​គ្រប់​គ្នា​ខ្ពើមរអើម​ស្ទើរតែ​មិន​ហ៊ាន​ប៉ះ​កាន់​នោះ​ទេ ប៉ុន្តែ​ក្រោយ​ពី​មាន​សិប្បកម្ម​កែ​ច្នៃ​ជន្លេន​មួយ​កន្លែង នៅ​ភូមិ​អូរ​សណ្ដាន់​ថ្មី ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ បែរជា​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មានឱកាស​រក​កម្រៃ​ពី​សិប្បកម្ម ធ្វើ​ជន្លេន​នៅ​ទីនោះ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​ល្អ​ប្រសើរ​ទៅ​វិញ​ផង​ដែរ​។

បើ​តាម​លោកយាយ ប៊ុ​ន ទី អាយុ​៦៧​ឆ្នាំ បាន​ឲ្យ​ដឹង​ថា គាត់​បាន​មក​ធ្វើការ​នៅ​ក្នុង​សិប្បកម្ម​កែ​ច្នៃ​ជន្លេន​នេះ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​ក្នុង​មួយ​ថ្ងៃ​គាត់​រក​ចំណូល​បាន​ប៉ុន្មាន​ពី​៣​ទៅ​៤​ម៉ឺន​រៀល​ពី​ការ​លាត​សត្វ​ជន្លេន​វះ​រួច​ហាល​លើ​ចង្អើ​។ ប៉ុន្តែ​ក្មេង​ៗ​មាន​ភាព​រហ័សរហួន អាច​ហាល​ដល់​ទៅ​ជាង​២០០​ចង្អើរ គ្រា​ដែល​ក្នុង​មួយ​ចង្អើរ​មាន​តម្លៃ​៤០០​រៀល ឬ​អាច​និយាយ​បាន​ថា រក​ប្រាក់​ចំណូល​ពី​៨​ទៅ​១០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។ ចំណែក​ក្មេង​ៗ​ដែល​ឆ្លៀតពេល​ទំនេរ​ពី​រៀនសូត្រ​១​ពេល​ក្នុង​មួយ​ថ្ងៃ បាន​មក​ធ្វើការ​ហាល​ជន្លេន ក៏​អាច​រក​ចំណូល​បាន​ប្រមាណ​ជាង​២​ម៉ឺន​រៀល​តែ​ក្នុង​មួយ​ពេល​ផង​ដែរ​។

ស្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា នៅ​ក្នុង​រោង​សិប្បកម្ម​នេះ មាន​អ្នក​មក​ធ្វើ​ជន្លេន​ចន្លោះ​ពី​៣០​ទៅ​៤០ នាក់​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​នៅ​ចុង​ភូមិ​វិញ មាន​សិប្បកម្ម​ធ្វើ​ជន្លេន​មួយ​កន្លែង​ដែរ ដែល​មាន​មនុស្ស​ច្រើន​ជាង​ប្រមាណ​៦០​នាក់ មាន​ន័យ​ថា អ្នក​ភូមិ​អូរ​សណ្ដាន​ថ្មី ប្រមាណ​១០០​នាក់ បា​នរក​កម្រៃ​ពី​សិប្បកម្ម​កែ​ច្នៃ​ជន្លេន​នេះ​។

បើ​តាម​ស្ត្រី​ម្នាក់​ទៀត​ដែល​សុំ​អនុញ្ញាត​មិន​បញ្ចេញ​ឈ្មោះ និង​ជា​មេការ​មើល​ការ​ខុស​ត្រូវ​ក្នុង​សិប្បកម្ម​ខាងលើ បាន​ឲ្យ​ដឹង​ថា សិប្បកម្ម​នេះ​ជា​របស់​ក្រុមហ៊ុន​បរទេស​មួយ ដែល​បាន​ប្រមូល​ទិញ​ជន្លេន​ពី​កសិករ​នៅ​ខែ​ទឹក​ឡើង ដោយ​ក្នុង​១​គីឡូក្រាម ថ្លៃ​ពី​២៥០០​រៀល ទៅ ៣០០០ រៀល​។ ប៉ុន្តែ​ពេល​ខ្លះ​ក៏​ទិញ​ដល់ ៤០០០ រៀល ក្នុង​១​គីឡូក្រាម​ផង​ដែរ ប្រសិនបើ​ទិញ​.​ត​ពី​ឈ្មួញកណ្ដាល​យក​មក​លក់​បន្ត​។

ស្ត្រី​មេការ​រូប​នោះ​បាន​បន្ត​ថា គាត់​មិន​បានដឹង​ថា តើ​សត្វ​ជន្លេន​ដែល​គេ​ប្រមូល​ទិញ​រួច​យក​មក​ហាល​ឱ្យ​ស្ងួត​នោះ គេ​យក​ទៅ​ធ្វើ​អ្វី​នោះ​ទេ? ប៉ុន្តែ​មាន​ប្រភព​មិន​ច្បាស់ការ​ថា គឺ​គេ​យក​ទៅ​ធ្វើ​គ្រឿងសំអាង​មាន​ដូច​ជា ឡេ និង​ក្រែ​ម​លាប​មាត់​ជាដើម​។ ចំពោះ​ជន្លេន​ដែល​ទិញ​មក គេ​ឲ្យ​កម្មករ​បញ្ចូល​ក្នុង​ម៉ាស៊ីន​វះ​ជន្លេន រួច​យក​មក​ដាក់​ឲ្យ​អ្នក​ត​តម្រៀ​ម​លើ​ចង្អើរ​យក​ទៅ​ហាល​។ នៅ​ពេល​ឆ្អើ​ក្រៀម សត្វ​ជន្លេន​ដែល​មិន​មាន​ប្រឡាក់​អំបិល​នោះ ត្រូវ​បាន​ច្រក​ក្នុង​កា​រ៉ុ​ង​ហើយ​ដឹក​ទៅ​ភ្នំពេញ ឬ​បន្ត​ដឹក​ទៅ​ប្រទេស​ណា​ទៀត គាត់​មិនដឹង​នោះ​ទេ​។ ប៉ុន្តែ​សត្វ​ជន្លេន​ដែល​សិប្បកម្ម​នេះ​ធ្វើ គឺ​ក្នុង​មួយ​ឆ្នាំ​បាន​តែ​មួយ​រដូវ​ទេ ក្នុង​ខែ​ទឹក​ឡើង ដែល​ធ្វើ​បាន​តែ​៣​ខែ​ប៉ុណ្ណោះ ក្រៅពី​ខែ​នោះ គឺ​គ្មាន​ជន្លេន​ធ្វើ​ទៀត​នោះ​ទេ​។

ទោះ​យ៉ាងណា​ក៏​ដោយ​ចុះ បើ​តាម​ការ​អង្កេត​ជាក់ស្ដែង​ទាំង​មនុស្ស​ចាស់ និង​ក្មេង​ៗ​នៅ​តំបន់​នោះ អា​ចរក​កម្រៃ​ពី​ការ​ធ្វើ​ការងារ​នៅ​ក្នុង​សិប្បកម្ម​ជន្លេន​នេះ ក្នុង​ម្នាក់​ចន្លោះ​ពី​៣​ទៅ​១០​ម៉ឺន​រៀល​ដែរ ក្នុង​១​ថ្ងៃ ដែល​អាច​បញ្ជាក់​បាន​ថា បាន​ជួយ​ផ្គត់ផ្គង់​ជីវភាព​បាន​មួយ​គ្រា​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ