ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ក្នុងស្រុក​នាំ​យកសា​លាម​ត្តេ​យ្យ​ស្តង់ដា​ជប៉ុន​មក​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​ក្នុងស្រុក​បាន​ទិញ​ពាណិជ្ជសញ្ញា​សា​លាម​ត្តេ​យ្យ​ស្តង់ដា​ជប៉ុន​មក​កម្ពុជា​ជា​លើក​ដំបូង ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​សម្រាប់​កុមារ​តូច​នៅ​កម្ពុជា ដែល​ការ​បណ្តុះបណ្តាល​បែប​នេះ

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​ក្នុងស្រុក​បាន​ទិញ​ពាណិជ្ជសញ្ញា​សា​លាម​ត្តេ​យ្យ​ស្តង់ដា​ជប៉ុន​មក​កម្ពុជា​ជា​លើក​ដំបូង ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​សម្រាប់​កុមារ​តូច​នៅ​កម្ពុជា ដែល​ការ​បណ្តុះបណ្តាល​បែប​នេះ​មាន​សារសំខាន់​សម្រាប់​អភិវឌ្ឍន៍​សតិបញ្ញា​របស់​កុមារ ។

លោកស្រី ស ម​ន្ថា នាយិកា​សាលា SHICHIDA ជា​សាលា​មានឈ្មោះ​ល្បី​នៅ​ប្រទេស​ជប៉ុន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​មុន​ពិធី​សម្ពោធ​សាលា​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២០ មីនា កន្លង​មក​ថា លោកស្រី​បាន​សម្រេចចិត្ត​នាំ​យក​ស្តង់ដា​អប់រំ​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា ដោយសារ​សាលា​បែប​នេះ​មិន​ទាន់​មាន​ច្រើន​ទេ​នៅ​កម្ពុជា​។ ហេតុនេះ ទើប​លោកស្រី​សម្រេចចិត្ត​វិនិយោគ​លើ​សាលា​នេះ​ឡើង ដើម្បី​ផ្តល់​សេវា​អប់រំ​ដល់​ទារក​ចាប់ពី​អាយុ​៦​ខែ ដល់​៦​ឆ្នាំ ជា​វ័យ​ដែល​ពួក​គេ​មាន​ភាព​លូតលាស់​ខួរក្បាល និង​សតិបញ្ញា​ស្មារតី​យ៉ាង​ល្អ​ប្រសើរ ។

ទោះជា​យ៉ាងណា លោកស្រី​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទុន​វិនិយោគ​ក្នុង​គម្រោង​នេះ​ទេ ដោយ​ប្រាប់​ថា វា​ជា​ការ​សំខាន់​របស់​ក្រុមហ៊ុន ។

លោកស្រី ស ម​ន្ថា បន្ត​ថា សាលា SHICHIDA ក៏​មាន​គម្រោង​នឹង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ចាប់ពី​គភ៌​មាន​អាយុ​៧​ខែ​ឡើង​ទៅ​ផង​ដែរ ព្រោះ​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ ចាប់ពី​អាយុ​៧​ខែ​ឡើង​ទៅ​ចាប់ផ្តើម​អភិវឌ្ឍន៍​សតិបញ្ញា​របស់​ខ្លួន ពិសេស​ខួរក្បាល​របស់​ពួក​គេ​ចាប់ផ្តើម​លូតលាស់​ហើយ ប៉ុន្តែ​ការ​បណ្តុះបណ្តាល​បែប​នេះ​ស្ថិត​ក្នុង​ជំហាន​បន្ទាប់​។ លោកស្រី​បន្ត​ថា ការ​បណ្តុះបណ្តាល​ចាប់ពី​ទារក​វ័យ​៦​ខែ ដល់​៦​ឆ្នាំ នឹង​ធ្វើ​ឡើង​រយៈពេល​១​ម៉ោង​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ការ​បណ្តុះបណ្តាល​នេះ សាលា​តម្រូវ​ឲ្យ​ឪពុក ឬ​ម្តាយ​ពួក​គេ​ចូលរួម​ផង​ដែរ ។

លោកស្រី​មាន​ប្រសាសន៍​ថា ៖ « ដើម្បី​ឲ្យ​ទារក​ឬ​កុមារ​ធំធាត់​ឡើង​មាន​ភាព​ឆ្លាត​វៃ និង​អាច​អភិវឌ្ឍន៍​សមត្ថភាព​តាម​ទេព​កោសល្យ​របស់​ពួក​គេ អាណាព្យាបាល​នានា​គួរ​វិនិយោគ​ទៅ​លើ​កូន​របស់​ខ្លួន » ។ លោកស្រី​បន្ត​ថា ៖ « ការ​វិនិយោគ​មិនមែន​សំដៅលើ​ថវិកា​តែ​មួយ​មុខ​នោះ​ទេ តែ​ជា​ការ​វិនិយោគ​ពេលវេលា ការ​យកចិត្តទុកដាក់ និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពួក​គេ ព្រោះ​តាម​ការ​សិក្សា​រក​ឃើញ​ថា កុមារ​បាន​ទទួល​ភាព​កក់ក្តៅ​ពី​ឪពុក​ម្តាយ ពួក​គេ​តែង​មានការ​អភិវឌ្ឍ​សតិបញ្ញា​លឿន​ជាង​កុមារ​ដែល​មិន​ទទួល​បាន​ភាព​កក់ក្តៅ​ពី​គ្រួសារ » ។
តម្លៃ​នៃ​ការ​សិក្សា គឺ​ចាប់ពី​ជាង​៣០០​ដុល្លារ​ឡើង​ទៅ បើ​គិត​ជា​ត្រីមាស ប៉ុន្តែ​អាណាព្យាបាល​ទារក​ឬ​កុមារ អាច​បង់​ជា​ឆមាស ឬ​ប្រចាំឆ្នាំ​បាន អាស្រ័យ​លើ​ការ​សម្រេចចិត្ត​របស់​ឪពុក​ម្តាយ ។ ទីតាំង​របស់​សាលា​នេះ​ស្ថិត​នៅ​ក្នុង​បុរី​ប៉េង ហួត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ។
លោកស្រី Mayumi SHICHIDA អនុប្រធាន​សា​លាម​ត្តេ​យ្យ SHICHIDA នៅ​ប្រទេស​ជប៉ុន ថ្លែង​ថា ការ​បណ្តុះបណ្តាល​នៅ​សាលា​នេះ មិនមែន​ធ្វើ​ឡើង​តាម​រូបភាព​ចាក់​បំពេញ​ចំណេះដឹង​ដល់​ទារក ឬ​កុមារ​នោះ​ទេ ប៉ុន្តែ​ជា​ការ​គាស់​រក​ឲ្យ​ឃើញ​សក្តានុពល​របស់​ទារក​ឬ​កុមារ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ពួក​គេ​តាម​សក្តានុពល​របស់​ពួក​គេ​ពី​កំណើត​ដែល​មាន​ស្រាប់ ។ លោកស្រី​បន្ត​ថា ការ​បណ្តុះបណ្តាល​នៅ​ទី​នេះ​ធ្វើ​ឡើង​ក្នុង​បរិយាកាស​សប្បាយ​រីករាយ ព្រោះ​មាន​ឧបករណ៍ និង​សម្ភារ​លេង​កម្សាន្ត​ច្រើន​សម្រាប់​កុមារ ។
លោកស្រី​មាន​ប្រសាសន៍​ថា ៖ « គ្រូ​ដែល​នឹង​ចូលរួម​បណ្តុះបណ្តាល​នៅ​កម្ពុជា មិនមែន​ជា​គ្រូ​មក​ពី​ប្រទេស​ជប៉ុន​ទេ ប៉ុន្តែ​ជា​គ្រូ​ជនជាតិ​ខ្មែរ ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ពី​ប្រទេស​ជប៉ុន » ។ លោកស្រី​បន្ត​ថា ៖ «​បរិយាកាស​សិក្សា​នៅ​ទី​នេះ គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​កុមារ​មាន​ចំណង់​ក្នុង​ការ​សិក្សា ព្រោះ​បរិយាកាស​រៀបចំ​ឡើង​មាន​លក្ខណៈ​សប្បាយ​រីករាយ​ជាមួយ​ការ​បង្កើត​សតិបញ្ញា​ដល់​កុមារ​តាម​សក្តានុពល​ពី​កំណើត​របស់​ពួក​គេ » ៕