ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​បំភ្លឺ​«រឿង​ផ្លូវ​ខូច» ក្រោយ​មហាជន​រិះ​គន់​យ៉ាង​ចាស់ដៃ​តាម​បណ្ដាញ​សង្គម

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ បាន​សរសេរ​សារ​បំភ្លឺ​តាម​រយៈ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​របស់​លោក​ជុំវិញ​ករណី​ផ្លូវថ្នល់​ស្ទើរ​គ្រប់​ទីកន្លែង គ្រប់​ខ្សែ​នៅ​ក្នុង​ក្រុង​បាត់ដំបង បាន​និង​កំពុង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ តែ​ការ​សាងសង់…

ខេត្តបាត់ដំបង ៖ អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ បាន​សរសេរ​សារ​បំភ្លឺ​តាម​រយៈ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​របស់​លោក​ជុំវិញ​ករណី​ផ្លូវថ្នល់​ស្ទើរ​គ្រប់​ទីកន្លែង គ្រប់​ខ្សែ​នៅ​ក្នុង​ក្រុង​បាត់ដំបង បាន​និង​កំពុង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ តែ​ការ​សាងសង់ ឬ​ការ​ជួសជុល​មាន​ភាព​យឺតយ៉ាវ ។

ការ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​រឿង​ផ្លូវថ្នល់​របស់​លោក​អភិបាលខេត្ត​ខាងលើ​នេះ ត្រូវ​គេ​សម្គាល់​ឃើញ​ថា ទំនងជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មហាជន​ដែល​បាន​រិះគន់​យ៉ាង​ចាស់ដៃ និង​យ៉ាង​ផុសផុល​តាម​បណ្ដាញ​សង្គម​នានា អំពី​ភាព​អសកម្ម​របស់​អាជ្ញាធរ និង​អង្គភាព​ជំនាញ ដែល​មិន​យកចិត្តទុក
ដាក់​សាងសង់ ឬ​ជួសជុល​កំណាត់​ផ្លូវ​នានា ដែល​កំពុង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ស្ទើរ​គ្រប់​ទីកន្លែង​ដោយសារ​ទឹកភ្លៀង ។ រហូត​អ្នកលេង​បណ្ដាញ​សង្គម​មួយ​ចំនួន​ប្រើ​ពាក្យ​បែប​បញ្ចើច​ញ្ចើ​រថា «​អាជ្ញាធរ​ខេត្ត បាន​និង​កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិរក្ស តែ​មិន​ព្រម​អភិវឌ្ឍ​ន៏​ផ្លូវ​ទេ​»​។

អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ បាន​សរសេរ​សារ​បំភ្លឺ​ប្រាប់​ប្រជាពលរដ្ឋ​អំពី​ផ្លូវថ្នល់​ដែល​រង​ការ​ខូចខាត បង្ហោះ​តាម​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​របស់​លោក កាលពី​យប់​ថ្ងៃ​ទី​០២ តុលា តែ​លោក​ហាក់​បាន​និយាយ​ផ្ដោត​ទៅ​លើ​តែ​ផ្លូវ​នានា​នៅ​ក្នុង​ក្រុង​បាត់ដំបង​តែ​ប៉ុណ្ណោះ​។ តាម​រយៈ​បណ្ដាញ​សង្គម លោក សុខ លូ បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ​យ៉ាង​ដូច្នេះ​ថា « ផ្លូវ​នៅ​ក្នុង​ក្រុង​បាត់ដំបង​មាន​ចំនួន​៧៦​ខ្សែ (​ទាំង​វែង ទាំង​ខ្លី​) ហើយ​ភាគច្រើន​ជា​ផ្លូវ​ដែល​បាន​សាងសង់​រួច​ហើយ ។ ពេល​នេះ ផ្លូវ​មួយ​ចំនួន​ធំ​បាន​រង​ការ​ខូចខាត ។ ផ្លូវ​ទាំងនោះ​សុទ្ធតែ​បាន​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​។ ពេល​នេះ​ជា​រដូវភ្លៀង​ច្រើន យើង​លុប​សំបុកមាន់​ក៏​មិន​ជាប់​ដែរ​» ។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ទៅ​លើ​កំណាត់​ផ្លូវ​នានា​នៅ​ក្នុង​ក្រុង​បាត់ដំបង មុន​រដូវភ្លៀង​ធ្លាក់ គេ​សម្គាល់​ឃើញ​ថា ផ្លូវថ្នល់​ស្ទើរ​គ្រប់​ខ្សែ​នៅ​ក្នុង​ក្រុង ហាក់​រង​ការ​ខូចខាត​ត្រិ​ម​លក្ខណៈ​«​សំបុកមាន់​»​ប៉ុណ្ណោះ មិនសូវ​ធ្ងន់ធ្ងរ​ទេ​។ ប៉ុន្តែ​ពេល​ចូល​ដល់​រដូវវស្សា​នេះ ជា​ពិសេស រយៈពេល​ជាង​មួយ​ខែ​ចុង​ក្រោយ​នេះ ដែល​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ស្ទើរ​រាល់ថ្ងៃ ស្រាប់តែ​កំណាត់​ផ្លូវ​ដែល​មាន​ត្រឹម «​សំបុកមាន់​»​តូចតាច បាន​ក្លាយជា​ជង្ហុក​ជ្រៅ​ៗ រណ្ដៅ​ធំ​ៗ ដូច​កូន​បឹង​នៅ​ចំ​កណ្ដាលផ្លូវ ខូចខាត​ស្ទើរ​គ្រប់​ខ្សែ គ្រប់​ទីកន្លែង​ពាស់ពេញ នៅ​ក្នុង​ក្រុង​បេតិកភណ្ឌ​នៃ​យើង​។

ស្រប​ពេល​ជាមួយ​គ្នា ដែល​កំណាត់​ផ្លូវ​ស្ទើរ​ទូ​ទាំង​ក្រុង​កំពុង​រង​ការ​ខូចខាត​ដោយ​ទឹកភ្លៀង​យ៉ាង​ធ្ងន់ធ្ងរ ធ្វើ​ដំណើរ​ស្ទើរ​មិនកើត គេ​សង្កេត​ឃើញ​តាម​បណ្ដាញ​សង្គម​នានា បាន​បង្ហោះ​សារ​រិះគន់​ព្រោងព្រាត ភ្ជាប់​ជាមួយ​នូវ​រូបភាព​ផ្លូវថ្នល់​ក្រ​ហ៊ីង​ក្រហូង​ដូច​រន្ធ​បាយខុម ដែល​មើលទៅ​មិន​ស័​ក្ត​សមជា​ផ្លូវថ្នល់​ក្នុង​សម័យ​ទំនើប​នេះ​ទាល់តែ​សោះ​។

អ្នកលេង​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​រិះគន់​ចំ​ៗ​ទៅ​លើ​អាជ្ញាធរ​ខេត្ត​ថា «​មាន​ភាព​អសកម្ម មិន​យកចិត្តទុកដាក់ មិន​មើលផ្លូវ អភិរក្ស តែ​មិន​អភិវឌ្ឍ​ន៏​»​។​ល​។​និង ។​ល​។ ដោយឡែក ខាង​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ឯណោះ​វិញ ក៏​រង​នូវ​ការ​វាយប្រហារ​រិះគន់​មិន​សំចៃ​ដៃ​ផង​ដែរ ពី​តាម​បណ្ដាញ​សង្គម​ថា «​មាន​ភាព​យឿ​ត​យ៉ាវ ក្នុង​ការ​សាងសង់​ផ្លូវ ឬ ជួសជុល​ផ្លូវ​សំបុកមាន់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវ​សំបុកមាន់ ក្លាយទៅជា​សំបុក​ជ្រូក នៅ​គ្រប់​ទីកន្លែង​ក្នុង​រដូវភ្លៀង​ធ្លាក់​នេះ​» ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ជួសជុល​ផ្លូវ​សំបុក​មាន់នៅ​ក្នុង​ក្រុង ដែល​កំពុង​រង​ការ​រិះគន់​ស្ទើរ​វិលក្បុង​នេះ បើ​តាម​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត លោក ព្រូ​ញ រិ​ទ្ធ​ថា ធ្លាប់​បាន​ប្រាប់​កោះ​សន្តិភាព នា​ពេល​កន្លង​មក​ថា ការងារ​សាងសង់ ឬ​ជួសជុល​ផ្លូវ​នៅ​ក្នុង​ខេត្ត (​មិនមែន​ផ្លូវជាតិ​) គឺជា​ការ​ទ​ទូល​ខុស​ត្រូវ​របស់​ថ្នាក់​ក្រោម​ជាតិ មិនមែន​ខាង​មន្ទីរ​ទេ ។ លើក​លេង​តែ​ផ្លូវជាតិ ទើប​ជា​ការ​ទ​ទូល​របស់​មន្ទីរ ។ ប៉ុន្តែ​ខាង​មន្ទីរ​អាច​ចូលរួម​សហការ​ជាមួយ​ខេត្ត បើ​មាន​តម្រូវការ​ចាំបាច់​ពី​ខេត្ត​។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា កន្លង​មក​មន្ត្រី​ជំនាញ​របស់​លោក ប្រឹងប្រែង​សម្បើម​ណាស់ ក្នុង​ការ​ចុះ​ជួយ​ជួសជុល​ទាំង​ផ្លូវ​សំបុកមាន់ មិន​ថា​ផ្លូវ​នៅ​ក្នុង​ក្រុង ឬ កំណាត់​ផ្លូវជាតិ ដែល​រង​ការ​ខូច​ខាត​នោះ​ទេ ដើម្បី​ជួ​យស​ម្រូ​ល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។ ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ មន្ត្រី​ជំនាញ​មន្ទីរ​សាធ​រណការ​ខេត្ត នៅ​តែ​បន្ត​សហការ​ជួយ​ជួសជុល​ផ្លូវ​សំបុក​មាន់នៅ​ក្នុង​ក្រុង​ដដែល តែ​សត្រូវ​ធំ​បំផុត​គឺ​«​ទឹកភ្លៀង​» ដែល​ពិបាក​យកឈ្នះ ។

យ៉ាងណា​ក្ដី ជុំវិញ​ការ​រិះគន់​ពី​មហាជន​តាម​បណ្ដាញ​សង្គម​នានា ពាក់ព័ន្ធ​នឹង​ការ​ខូចខាត​ផ្លូវថ្នល់​គ្រប់​ទីកន្លែង​នៅ​ក្នុង​ខេត្តបាត់ដំបង​ខាងលើ អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ បាន​ចេញ​មុខ​បំភ្លឺ​រួច​ហើយ​តាម​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​របស់​លោក អំពី​វិធានការ​សាងសង់​ផ្លូវ ក៏​ដូច​ជា​វិធានការ​ជួសជុល​ផ្លូវ​សំបុកមាន់ ។ ខ្លឹមសារ​ចុង​ក្រោយ លោក​អភិបាលខេត្ត​បាន​សន្យា​ដូច្នេះ​ថា «​នៅ​ពេល​អស់​ភ្លៀង​ខាង​មុខ​នេះ ខេត្ត​នឹង​ចាប់ផ្ដើម​លុប​សំបុកមាន់ ផ្លូវ​ដែល​អាច​ធ្វើ​បាន ។ ផ្លូវ​មួយ​ចំនួន​នឹង​ធ្វើ​ថ្មី​ទៅ​តាម​ទំហំ​ថវិកា​» ។

លោក​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់​ជូន​ផង​ដែរ​ថា «​ផ្លូវ​មួយ​ចំនួន​ខេត្ត​ចង់​ធ្វើ​ថ្មី ក៏​មិន​អាច​ធ្វើ​កើត​ដែរ ដោយ​យើង​ទាក់​នឹង​គម្រោង ADB ធ្វើ​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​និង​ទឹក​កខ្វក់ ទាំង​ខាងកើត​ស្ទឹង និង​ទាំង​ខាងលិច​ស្ទឹង​។ ដូច្នេះ យើង​ត្រូវ​រង់ចាំ​មួយ​រយៈ​សិន កុំ​ឲ្យ​ពិបាកធ្វើ​ពីរ​ដង តែ​ខេត្ត​នឹង​លុប​សំបុក​មាន់​ប្រើប្រាស់​បណ្ដោះអាសន្ន​សិន​។ សូម​បងប្អូន​យោគយល់ និង​អធ្យាស្រ័យ​»៕

អត្ថបទសរសេរ ដោយ