ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​ទឹកជំនន់​ ពលរដ្ឋ​សប្បាយ​នេសាទ​ត្រី​តាម​ដងផ្លូវ​ក្នុង​ដំណើរ​កម្សាន្ត

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ «​វាល​បឹង​ត្រាវ​» ជាប់​ដងផ្លូវ​ជាតិ​លេខ​៥៧ (​បាត់ដំបង​-​ប៉ៃលិន​) ជា​ចំណុច​មួយ​ស្ថិត​ចំ​កណ្ដាល នៃ​ព្រំប្រទល់​ពុះ​ចែក​រវាង​ទឹកដី​ឃុំ​ភ្នំ​សំពៅ និង​ទឹកដី​ឃុំ​ស្នឹង ស្រុក​បាណ​ន់​។  ជា​រៀង​រាល់​ឆ្នាំ…

ខេត្តបាត់ដំបង ​៖ «​វាល​បឹង​ត្រាវ​» ជាប់​ដងផ្លូវ​ជាតិ​លេខ​៥៧ (​បាត់ដំបង​-​ប៉ៃលិន​) ជា​ចំណុច​មួយ​ស្ថិត​ចំ​កណ្ដាល នៃ​ព្រំប្រទល់​ពុះ​ចែក​រវាង​ទឹកដី​ឃុំ​ភ្នំ​សំពៅ និង​ទឹកដី​ឃុំ​ស្នឹង ស្រុក​បាណ​ន់​។  ជា​រៀង​រាល់​ឆ្នាំ នា​រដូវវស្សា ដែល​ជា​រដូវ​មាន​ទឹកជំនន់​ម្ដង​ៗ​នៅ​ចំណុច​ «​វាល​បឹង​ត្រាវ​»​ នេះ ហាក់​ដូចជា​ទីកន្លែង​កម្សាន្ត​ដ៏​ពេញ​និយម​តូច​មួយ សម្រាប់​អ្នក​ភូមិ និង​អ្នកដំណើរ​ទៅ​លេង​កម្សាន្ត ជា​មួយនឹង​ការ​ហែល​ទឹក​លេង និង​ការ​ប្រើប្រាស​ឧ​បករ​ណ៍​នេសាទ​ត្រី ដើម្បី​សប្បាយ​ៗជា​លក្ខណៈ​គ្រួសារ​ ។​

តាម​ការ​កត់សម្គាល់​ក្នុងអំឡុងពេល​នៃ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌគឺជា​រដូវវស្សា​ទឹក​ឡើង​ខ្លាំង​ ។ ត្រី​ស្រែ​គ្រប់​ប្រភេទ​ក៏​សំបូ​​រ​​​ស្អេកស្កះ​ពាសពេញ​នៅ​តំបន់​នោះ​ ស្រប​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ពី​តាម​បណ្ដា​ខេត្ត-​រាជធានីធ្វើ​ដំណើរ​កម្សាន្ត​តាម​​ផ្លូវជាតិ​លេខ​៥៧ ឆ្លងកាត់​«​វាល​បឹង​ត្រាវ​» ក៏​នាំ​គ្នា​ឈប់​សំចត​យាន​យន្ត​ហូ​ហែរ​នៅ​តាម​ដងផ្លូវ ដើម្បី​សម្រាក​កម្សាន្ត លំហែ​​កាយ​នៅ​ទីនោះ​យ៉ាង​ភ្លូកទឹកភ្លូកដី​ ។​

នៅ​ទីនោះ ​មាន​ប្រឡាយ​ទឹក​ហូរ​នាច​ពេញ​ស្រែ​មើល​ដាច់​កន្ទុយភ្នែក  មាន​កន្លែង​បង់​ត្រី មាន​កន្លែង​រាយ​មង​ចាប់​ត្រី ថែម​ទាំង​មាន​តូប​សម្រាប់​អង្គុយ​លេង​ទៀត​ផង​ ។  អ្នក​ភូមិ ឬ អ្នកដំណើរ​កម្សាន្ត​មួយ​ចំនួន​បាន​ប្រើប្រាស​ឧករ​ណ៏​នេសាទ​ជា​លក្ខណៈ​គ្រួសារ​សម្រាប់​រក​ត្រី​បែប​កម្សាន្ត​ ។ អ្នកខ្លះ​បង់សំណាញ់  អ្នកខ្លះ​ចុះ​រាង​មង​ចាប់​ត្រី​តាម​ប្រឡាយ ឬ តាម​ស្រែ  អ្នកខ្លះ​ស្ទូចត្រី រីឯ​អ្នកខ្លះ​ទៀត​ហែល​ទឹក​លេង​យ៉ាង​សប្បាយ ខណៈ​អ្នកដំណើរ​ភាគច្រើន​នាំ​គ្នា​លាត​វង់​ដុំ​កង់​អាំង​ឬ​ដុត​ត្រី​ក្លែម​ស្រា​យ៉ាង​សប្បាយ​រក​លេខ​ដាក់​គ្មាន​ផង​ដែរ​។  

មិនតែប៉ុណ្ណោះ អ្នក​ភូមិ​មួយ​ចំនួន​នេសាទ​ត្រី​បាន​ស្រស់​ៗ រហូត​ដាក់​លក់​នៅ​ទីនោះ​យ៉ាង​ព្រោង​ព្រាត ដែល​មើលទៅ​ប្រៀប​ដូច​ជា​កូន​ផ្សារ​ត្រី​ចល័ត​តូច​មួយ​នៅ​ក្បែរ​ចិញ្ចើមថ្នល់​ ។  អតិថិជន​ដែល​ទិញ​ត្រី​ស្រែ​រកបាន​ថ្មី​ៗ ស្រស់​ៗ នៅ​ទីនោះ ភាគច្រើន​ជា​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ឆ្លងកាត់ ឬ អ្នក​ដំណើរ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ​តែ​ម្ដង ដែល​ទិញ​អាំង​ឬ​ដុត​ក្លែមស្រា​ ។ ​អ្នកលក់​ត្រី​នៅ​ទី​នោះ និយាយ​ថា ត្រី​ស្រែ​គ្រប់​ប្រភេទ អន្ទង់​ស្រែ ខ្យង ក្ដាម គឺ​លក់ដាច់​បំផុត  ព្រោះ​ទើប​រកបាន​ពី​ក្នុង​ទឹក​នៅ​តំបន់​នោះ​ភ្លាម​ៗ​ស្រស់​ៗ ​។ 

ពួក​គេ​ប្រាប់​ថា អ្នកដំណើរ​ភាគច្រើន​បាន​ឈប់​ចុះ​ទិញ​ត្រី​ស្រែ​ទាំងនេះ​ ។​ ប៉ុន្តែ​យ៉ាងណា​ក្ដី បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ការ​នេសាទ​ត្រី ឬកា​រម​កម្សាន្ត​របស់​អ្នកដំណើរ​នៅ​«​វាល​បឹង​ត្រាវ​» ខាងលើ​នេះ មិន​មាន​រយៈពេល​វែង​ទេ គឺ​យ៉ាង​យូរ​ត្រិ​មរយៈ​ចន្លោះ​ពី​មួ​យស​ប្ដា​ហ៏​ទៅ​ពី​រស​ប្ដា​ហ៍​​ប៉ុណ្ណោះ ក៏​ថមថយ​ទៅ​វិញ ព្រោះ​ទឹកជំនន់​បាន​ស្រក​ចុះ​ ។   អ្នក​ភូមិ​បាន​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ​ពេល​ដល់​រដូវ​ទឹកជំនន់ គឺ​ស្រប​ពេល​ដល់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​ក៏​មក​ដល់​ដែរ​ ។   អ្នក​ភូមិ​តែងតែ​នាំ​គ្នា​ទៅ​នេសាទ​ត្រី​បែប​កម្សាន្ត​សប្បាយ​ផង និង​លក់ដូរ​ខ្លះ​ផង ព្រោងព្រាត​នៅ​ទីនោះ​ ។ 

ហើយ​គូប​ផ្សំ​នឹង​អ្នកដំណើរ​ឆ្លងកាត់​ឈប់​ចុះ​លេង​កម្សាន្ត​ថែម​ទៀត​ ទើប​ធ្វើ​ឲ្យ​តំបន់​«​វាល​បឹង
​ត្រាវ​»​ ជាប់​ផ្លូវជាតិ​លេខ​៥៧នេះ ក្លាយជា​តំបន់​កម្សាន្ត​តូច​មួយ​ដ៏​ពេញ​និយម ប្រចាំ​រដូវ​ទឹកជំនន់  សម្រាប់​​​អ្នក​ភូមិ និង អ្នកដំណើរ​លេង​ទឹក​សប្បាយ​ផង និងនេសាទ​ត្រី​យក​មក​អាំង​ឬ​ដុត​ក្លែមស្រា​យ៉ាង​សប្បាយ​ផង ក្នុង​រដូវ​ទឹកជំនន់ លាយឡំ​ជាមួយនឹង​ដំណើរ​កម្សាន្ត នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃ​ណី​ខ្មែរ​យើង​ផង​៕

អត្ថបទសរសេរ ដោយ