ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆាបឆេះ​រថយន្ត​ស៊េរី​ទំនើប ចត​ទុក​នៅ​ជាន់​ផ្ទាល់​ដី​ខុន​ដូ​ផ្អើល​ផ្លូវ​វត្ត​ញាណ​រង្សី

1 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ត​ស៊េរី​ទំនើប ម៉ាក LAND CRUISER មួយ​គ្រឿង​ចត​ទុក​ចោល​នៅ​ជាន់​ផ្ទាល់​ដី​ខុន​ដូ​មួយ​កន្លែង ដែល​សង្ស័យ​ថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប ម៉ាក LAND CRUISER មួយ​គ្រឿង​ចត​ទុក​ចោល​នៅ​ជាន់​ផ្ទាល់​ដី​ខុន​ដូ​មួយ​កន្លែង ដែល​សង្ស័យ​ថា ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​ឆាបឆេះ​មួយ​កំណាត់​ខាង​មុខ​ចេញ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ​យាម ស្រែក​ឆោឡោ ហៅ​អ្នក​ជិតខាង​យក​ម៉ូ​ទ័​រ​បូមទឹក (​បាញ់​លាង​រថយន្ត​) ដើម្បី​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់ រួម​ទាំង​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បំពង់​ទៀត ជួយ​បាញ់​ពន្លត់​ផង​ដែរ​។

ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​ជាន់​ផ្ទាល់​ដី​ខុន​ដូ Elite Villa ដែល​មា​នទី​តាំងនៅ​ចំណុច​ដី​លេខ​៥៥៥ ផ្លូវ​លេខ​៥៩០ (​ផ្លូវ​វត្ត​ញាណ​រង្សី​) ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខុន​ដូ​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង ម៉ាក LAND CRUISER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-3377 បាន​បើក​មក​ចត​នៅ​ចំណុច​ជាន់​ផ្ទាល់​ដី ក្នុង​ខុន​ដូ Elite Villa កើតហេតុ​ខាងលើ លុះ​រហូត​មក​ដល់​វេលា​ម៉ោង​កើតហេតុ ដោយ​សង្ស័យ​ថា ឆ្លង​ចរន្តអគ្គិសនី ស្រាប់តែ​រថយន្ត​មួយ​កំណាត់​ខាង​មុខ​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ទើប​សន្តិសុខ​យាម​ខុន​ដូ​ខាងលើ ស្រែក​ឆោឡោ​ផ្អើល​ដល់​អ្នក​ជិតខាង​ភ្ញាក់​ពី​ដំណេក នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ចូល​ទៅ​ជួយ​បាញ់​ពន្លត់​អស់​ជា​ច្រើន​បំពង់ និង​យក​ម៉ូ​ទ័​រ​បូមទឹក​បាញ់​លាង​រថយន្ត ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ផង​ដែរ ព្រោះតែ​ប្រជាពលរដ្ឋ​មានការ​សាមគ្គី​គ្នា​ល្អ ទើប​អណ្តាតភ្លើង​បាន​រលត់​ទាំងស្រុង ដោយ​ប្រើ​ពេល​ជាង​២០​នាទី​តែ​ប៉ុណ្ណោះ ។

បើ​តាម​សម្ដី​អ្នកយាម​អគារ​ខុន​ដូ​ខាងលើ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​នេះ គាត់​សង្ស័យ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ព្រោះ​ឃើញ​ភ្លើង​ឆាបឆេះ​ចេញពី​ក្បាល​រថយន្ត​មួយ​កំណាត​ខាង​មុខ តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​ឆេះ​រាលដាល​ដល់​អគារ ឬ​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ គ្រាន់តែ​ខូចខាត​រថយន្ត​អស់​មួយ​កំណាត់​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ