ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួប​អគ្គមេបញ្ជាការកងទ័ពថៃ នៅទីក្រុងបាងកក

1 ឆ្នាំ មុន
  • ភ្នំពេញ

​បាងកក​៖ អំឡុងពេលទស្សនកិច្ចនៅប្រទេសថៃ និងមួយថ្ងៃបន្ទាប់ពីជួប​មេបញ្ជាការកងទ័ព​ជើងគោកថៃ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង…

​បាងកក​៖ អំឡុងពេលទស្សនកិច្ចនៅប្រទេសថៃ និងមួយថ្ងៃបន្ទាប់ពីជួប​មេបញ្ជាការកងទ័ព​ជើងគោកថៃ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោក​នាយឧត្តមសេនីយ៍ ឆាឡើមផុន ស្រ៊ីសាវ៉ាត់តិ៍ (Chalermphon Srisawasdi) អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ។ លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ​មេបញ្ជាការដ្ឋាន​កងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការ នៅរាជធានីបាងកក រយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

លោក​នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ បានសម្តែងនូវការស្វាគមន៍ចំពោះ​ដំណើរ​ទស្សនកិច្ចផ្លូវការរបស់លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ មកកាន់ព្រះរាជាណាចក្រថៃ ជាលើកទី២ ដែលពិតជាបានឆ្លុះបញ្ចាំងអំពី​កិច្ចសហប្រតិបត្តិការល្អជិតស្និទ្ធរវាងកងទ័ពជើងគោកនៃប្រទេស​ទាំងពីរ ព្រមជាមួយនឹងការអរគុណ ចំពោះស្មារតីនៃការបន្តថែរក្សា និងលើកកម្ពស់ការផ្សារភ្ជាប់​ទំនាក់ទំនងដ៏មានសារៈសំខាន់នេះ។

ជាការឆ្លើយតប លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ​ចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក​នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនចំពោះលោក​អគ្គមេបញ្ជាការ ព្រមទាំងយោធិននៃកងភូមិន្ទថៃ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់​អានដ៏ស្មោះស្ម័គ្រ។

ក្នុងជំនួបនេះ លោក​មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានជម្រាបជូនលោក​អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងារទ្វេភាគីជាមួយ​សមភាគីមិត្តថៃ ជាពិសេសអំពីសមិទ្ធផលជាក់ស្តែងជាច្រើននៃការអនុវត្ត “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ-ToR” រវាងកងទ័ពជើងគោកទាំងពីរ និងបានស្នើសុំការគាំទ្ររបស់លោក​នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ លើទិសដៅសហប្រតិបត្តិការសម្រាប់ពេលខាងមុខ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការ​រវាងបណ្តាកង​ឯកភាពជួរមុខឱ្យបានស្អិតរមួតបន្ថែមទៀតលើការងារទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ឆ្លងដែននានា ក៏ដូចជាការសហការជួយគ្នាទៅវិញទៅមកលើការងារសង្គ្រោះគ្រោះ​មហន្តរាយនៅតាមបណ្តោយព្រំដែន។

ជាចុងក្រោយ លោក​នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ បានសម្តែងនូវការគាំទ្រចំពោះទិសដៅសហប្រតិបត្តិការបន្តរវាងកងទ័ពជើងគោកទាំងពីរ និងបានបញ្ជាក់ផងដែរអំពីការគាំទ្រចំពោះការបំពេញតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា រួមទាំងដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងពេលកន្លងមក ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ ក៏ដូចជាការអបអរសាទរចំពោះជោគជ័យនៃកិច្ចប្រជុំ​អគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩ (ACDFM-19) កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ដែលអាចដំណើរការក្នុងទម្រង់ជួបប្រជុំផ្ទាល់ ដោយយោងទៅលើស្ថានភាពល្អប្រសើរ​នៃជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោមការដឹកនាំគ្រប់គ្រងប្រកបដោយភាពម៉ឺងម៉ាត់ឈ្លាសវៃ​របស់សម្តេចតេជោ ហ៊ុន សែន៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ