ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារ​កើនឡើង​ដល់​64​ភាគរយ​នៃ​GDP

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ថា ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារ បាន​កើនឡើង​ស្មើនឹង​៦៤​ភាគរយ​នៃ​ផលទុនជាតិ​សរុប ដែល​ជា​ការ​បង្ហាញ​ពី​ …

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ថា ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារ បាន​កើនឡើង​ស្មើនឹង​៦៤​ភាគរយ​នៃ​ផលទុនជាតិ​សរុប ដែល​ជា​ការ​បង្ហាញ​ពី​ទំនុកចិត្ត​លើ​វិស័យ​ធនាគារ​របស់​ប្រជាពលរដ្ឋ​មានការ​កើនឡើង ។

ថ្លែង​ក្នុង​ឱកាស​សម្ពោធ​សាខា​ធនាគារ​គូក​មីន​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ កន្លង​មក លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​ថា ជាមួយនឹង​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ប្រមាណ​៧%​ប្រចាំឆ្នាំ វិស័យ​ធនាគារ​នៅ​កម្ពុជា បាន​និង​កំពុង​បន្ត​រីក​ចម្រើន​ប្រកបដោយ​សុវត្ថិភាព និង​មាន​លក្ខណៈ​ប្រកួតប្រជែង​ប្រកបដោយ​បរិ​យា​ប័ន្ន ។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៦ ប្រាក់​បញ្ញើ​អតិថិជន​ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើង​ដល់​៦៤%​នៃ​ផ​.​ស​.​ស​(GDP) ពោល​គឺ​មាន​កំណើន​១៨%​ធៀប​គ្នា​នឹង​ឆ្នាំ​២០១៥ ។

លោក​ជំទាវ​បន្ត​ថា «​ធនាគារ​នេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា ព្រមទាំង​បង្កើន​តួនាទី​អន្តរ​ការិយកម្ម ហិរញ្ញវត្ថុ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​វិនិយោគ​ចម្បង​ៗ ជា​ពិសេស​វិស័យ​កសិកម្ម និង​ផលិតកម្ម​ដែល​នឹង​ជួយ​គាំទ្រ​ដល់​គោលនយោបាយ អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា »​។

លោក​យុន ចុង​គ្យូ នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​សម្ព័ន្ធ​ហិរញ្ញវត្ថុ​គូក​មីន និង​ជា​ប្រធាន​ធនាគារ​គូក​មីន​បាន​ថ្លែង​ថា ធនាគារ​KB Cambodia បាន​និង​កំពុង​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ដោយ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​កំពុង​តែ​ពង្រីក​អាជីវកម្ម​ជា​បន្តបន្ទាប់​ដើម្បី​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ចំពោះ​ឯកជន និង​ក្រុមហ៊ុន​ខ្នាត​តូច ។

លោក​បន្ត​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​ខួប​ទី​១០​ដែល​ធនាគារ​KB​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​កម្ពុជា ហើយ​ការ​រីក​ចម្រើន​របស់​វិស័យ​នេះ បាន​ធ្វើ​ឲ្យ​ធនាគារ​បើក​សាខា​ទី​៣​គឺ​សាខា​ទួល​ទំពូង​។ ធនាគារ KB ដែល​បាន​និង​កំពុង​តែ​អភិវឌ្ឍ​ដោយ​មានការ​ណែនាំ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​អនុវត្ត​ការ​បង្កើត​បណ្តាញ​ថ្មី និង​ការ​ផ្ទេរ​សមត្ថភាព​ហិរញ្ញវត្ថុ ដើម្បី​អភិវឌ្ឍភាព​ងាយស្រួល​ផ្នែកហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា​ភី​អិ​ល​ស៊ី​បាន​ថ្លែង​ថា វិស័យ​ធនាគារ​នៅ​កម្ពុជា​កំពុង​ទទួល​បាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ តាម​រយៈ​ការ​កើនឡើង​នូវ​ការ​ដាក់​ប្រាក់​បញ្ញើ ហើយ​វិស័យ នេះ​នឹង​បន្ត​រីក​ចំរើន​បន្ថែម​ទៀត តាម​រយៈ​ការ​រីក​ចម្រើន​សេដ្ឋកិច្ចជាតិ ក្នុង​រង្វង់​៧,៧%​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​កន្លង​មកនេះ ហើយ​វិស័យ​នេះ​ត្រូវ​បាន​វាយតម្លៃ ដោយ​ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ជា​វិស័យ​មានការ​រីក​ចម្រើន​ល្អ​ប្រសើរ ។

លោក​បន្ត​ថា «​វិស័យ​នេះ​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋ កិច្ច​ជាតិ និង​រួមចំណែក​ទ្រទ្រង់​កំនើនសេដ្ឋកិច្ចរបស់​ប្រទេស ព្រោះ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទាមទារ​ការ​គាំទ្រ​ពី​វិស័យ​នេះ » ៕