ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​គណៈកម្មការ សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​ពិភាក្សា​គ្នា​ពង្រឹង​ពាណិជ្ជកម្ម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី មាន​គោលបំណង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ជា​ពិសេស ផ្នែក​សេដ្ឋកិច្ច​ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ពង្រីក​ទៅ​វិស័យ​ផ្សេង​ទៀត ។ នេះ​បើ​

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី មាន​គោលបំណង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ជា​ពិសេស ផ្នែក​សេដ្ឋកិច្ច​ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ពង្រីក​ទៅ​វិស័យ​ផ្សេង​ទៀត ។ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម ។

ក្នុង​ពិធី​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​រវាង​ក្រសួងពាណិជ្ជកម្ម និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី នៅ​សណ្ឋាគារ​ឡឺ រ៉ូ​យ៉ា​ល់ កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ លោក​ជំទាវ តឹក​រ៉េ​ត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ៖ « នេះ​ជា​ជំហាន​ដំបូង​ដែល​បើកផ្លូវ​ឱ្យ​យើង​ជជែក​គ្នា​លម្អិត​ដើម្បី​ឱ្យ​មានការ​សិក្សា​រួម​ថា តើ​យើង​មាន​អត្ថប្រយោជន៍​ និងបញ្ហា​ប្រឈម​អ្វីខ្លះ ។ ការ​ដែល​យើង​ចូល​ជា​ភាគី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី នៅ​ក្នុង​ដំណើរការ​ចរចា​សិក្សា​នេះ​ត្រូវការ​រយៈពេល​៣ ឬ​៤​ឆ្នាំ » ។

លោក​ជំទាវ​លើក​ឡើង​ថា កន្លង​មក កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​ទៅ​ប្រទេស​ជា​សមាជិក​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី រួម​មាន ស្បែកជើង កង់ ផលិតផល​ក្មេង​លេង ផលិតផល​កសិកម្ម​តិចតួច និង​សម្លៀក​បំពាក់ គិត​ជា​ទឹកប្រាក់​ប្រហែល​១០៤​លាន​ដុល្លារ ។ គេ​នាំ​ចូល​មក​កម្ពុជា​វិញ​មាន ត្រាក់ទ័រ ថ្នាំពេទ្យ និង​ជីធម្មជាតិ គិត​ទឹកប្រាក់​ប្រមាណ​១១​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៥ ហើយ​នៅ​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ គិត​ជា​ទឹកប្រាក់​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន ។

លោកស្រី Tatiana Volovaya សមាជិក​ក្រុមប្រឹក្សាភិបាល​សមាហរណកម្ម និង​ម៉ាក្រូសេដ្ឋកិច្ច​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី មាន​ប្រសាសន៍​ថា ៖ «​ការ​ចរចា និង​ពិភាក្សា​ថ្ងៃនេះ នឹង​ជួយ​ពង្រឹង និង​ជំរុញ​ពាណិជ្ជកម្ម​បន្ថែម​ទៀត ។ តួយ៉ាង ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​នៃ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី បាន​កើនឡើង​២០%​នៅ​ឆ្នាំ​២០១៥ ហើយ​នៅ​ឆ្នាំ​២០១៦ ទំហំ​ពាណិជ្ជកម្ម​កើនឡើង​ដល់​៣០% ប៉ុន្តែ​យើង​ឃើញ​នៅ​មាន​អ​តុល្យភាព​ធំ​២​គឺ ទី​១-​ប្រទេស​ចំនួន​៥ ជា​សមាជិក​ក្នុង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ឃើញ​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​កើនឡើង តែ​ភាគី​កម្ពុជា​និង​រុ​ស្ស៊ី​ទេ តែ​ប្រទេស​៤​ផ្សេង​ទៀត​មាន​កម្រិត​នៅឡើយ ។ ដូច្នេះ យើង​ចង់ឱ្យ​សមាជិក​ប្រទេស​ផ្សេង​ទៀត​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នេះ​ដែរ » ។

លោកស្រី​បន្ត​ថា ៖ « អ​តុល្យភាព​សំខាន់​ទី​២-​គឺ​ប្រទេស​ជា​សមាជិក​របស់​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី បាន​នាំ​ចូល​ទំនិញ​ច្រើន​ពី​កម្ពុជា តែ​នាំ​ចូល​ទៅ​កម្ពុជា​វិញ​មាន​ចំនួន​តិច នេះ​បង្ហាញ​ថា យើង​មាន​អ​តុល្យភាព​ខាង​ពាណិជ្ជកម្ម​ចំនួន​ធំ ។ ដោយ​មើលឃើញ​ចំណុច​នេះ យើង​មាន​ឆន្ទៈ​ចង់​នាំ​ចេញ​មក​កម្ពុជា​បន្ថែម​ទៀត » ៕